(ភ្នំពេញ)៖ ប្រជាពលរដ្ឋ បានបង្ហាញការយល់ឃើញ និងសេចក្តីរំភើបថា បន្ទាប់ពីបានចុះមកទស្សនកិច្ចដោយផ្ទាល់ នៅតាមព្រំដែនកម្ពុជា ជាមួយប្រទេសជិតខាង ទើបលោកភ្លឺច្បាស់នឹងភ្នែកថា ការបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង មានភាពច្បាស់លាស់ និងមិនបានបាត់ដីទៅឱ្យប្រទេសជាតិខាង ដូចការផ្សព្វផ្សាយចោទប្រកាន់ពីសំណាក់ក្រុមប្រឆាំងនោះទេ។
ប្រជាពលរដ្ឋរូបនេះ បានឱ្យដឹងយ៉ាងដូច្នេះថា៖ «គេនិយាយពីខាងយ៉ាងម៉េចជារឿងរបស់គេ តែយើងបានឃើញច្បាស់លាស់ហើយថា ព្រំដែនល្អ យើងឮតែគេនិយាយ អត់បានឃើញផ្ទាល់ភ្នែកចេះតែជឿគេ តែខ្ញុំបានមកឃើញផ្ទាល់ភ្នែក អីចឹងខ្ញុំជឿជាក់លើភាពត្រឹមត្រូវ»។
លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋណា មានអារម្មណ៍ថាមិនជឿជាក់ ឬមានភាពមិនច្បាស់លាស់ ចំពោះបញ្ហាព្រំដែនរវាងកម្ពុជា និងប្រទេសជិតខាង សូមអញ្ជើញមកលេងកម្សាន្ត ដោយផ្ទាល់ នោះច្បាស់ណាស់នឹងបានដឹងច្បាស់ និងជឿជាក់លើរាជរដ្ឋាភិបាល។
«ខ្ញុំមានជំនឿជឿជាក់លើរាជរដ្ឋាភិបាលថា មានភាពរឹងមាំ អាចគ្រប់គ្រងប្រទេសជាតិមិនអាចមានសត្រូវណាមកឈ្លានពានទឹកដីយើងបាននោះទេ ហើយមានអារម្មណ៍រំភើប ដែលបានមកព្រំដែន និងជាលើកទី១» នេះជាការលើកឡើងបន្ថែម របស់ប្រជាពលរដ្ឋដែលបានឃើញពីស្ថានភាពព្រំដែន ដោយផ្ទាល់។
សូមបញ្ជាក់ថា កម្មវិធីដំណើរកម្សាន្តទៅកាន់ទិសឦសាន ដោយឥតគិតថ្លៃនេះ មិនតម្រូវឱ្យមានការបង់ប្រាក់អ្វីនោះទេ។ រាល់ការចំណាយលើការធ្វើដំណើរ អាហារ ភេសជ្ជៈ និងការស្នាក់នៅ គឺនឹងផ្តល់ជូនដោយឥតគិតថ្លៃ។ រាល់ការចំណាយទាំងអស់ ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចនេះ គឺឧបត្ថម្ភដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត និងការចូលរួមចំណែកឧបត្ថម្ភពីសប្បុរសជន ដោយមិនប៉ះពាល់ដល់កញ្ចប់ថវិការដ្ឋ ឬកញ្ចប់ថវិកាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននោះទេ៕
សូមស្តាប់ការលើកឡើងរបស់ប្រជាពលរដ្ឋដូចខាងក្រោម៖