(ភ្នំពេញ)៖ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី អ្នកជំនាញផ្នែកអប់រំ និងសុខភាព មានចក្ខុវិស័យវែងឆ្ងាយ ក្នុងការចូលរួមអភិវឌ្ឍវិស័យអប់រំជាមួយរាជរដ្ឋាភិបាលកម្ពុជា ដ្បិតលោកយល់ឃើញថា គុណភាពអប់រំនៅតែជាតម្លៃស្នូល។ ជាក់ស្តែង អ្នកឧកញ៉ា បានបន្តពង្រីកវិស័យអប់រំឯកជនរបស់ខ្លួនមិនឈប់ ពីមួយឆ្នាំទៅមួយឆ្នាំ ដើម្បីជួយផលិតធនធានមនុស្សកម្ពុជា។
ថ្លែងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងឱកាសបើកសម្ពោធសាខាចំការដូង មជ្ឈមណ្ឌលភាសា Aii និងសាលា AIS អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានឲ្យដឹងថា ការពង្រីកសាខានេះ គឺដើម្បីបន្តបេសកកម្មរបស់ខ្លួន ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់នូវការអប់រំប្រកបដោយគុណភាព។
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. អេឌ្យូខេសិន បានបញ្ជាក់ថា «ការសម្ពោធសាខាចំការដូង គឺជាការបោះជំហានឆ្ពោះទៅមុខយ៉ាងសំខាន់មួយទៀតរបស់យើង ក្នុងបេសកកម្មផ្តល់ការអប់រំដែលមានគុណភាពពិតប្រាកដ ដើម្បីអប់រំសិស្សានុសិស្សទូទាំងប្រទេសកម្ពុជា ដើម្បីឱ្យពួកគាត់អាចមានសមត្ថភាព ក្នុងការចាប់យកឱកាសនានានៅទូទាំងពិភពលោក»។
បើតាមអ្នកឧកញ៉ា ការប្តេជ្ញាចិត្តក្នុងការផ្តល់គុណភាពអប់រំរបស់លោក គឺលើសពីការអប់រំនៅថ្នាក់រៀន។ ថ្មីៗនេះ សន្និសីទនែការបង្រៀនថ្នាក់ជាតិលើកដំបូងរបស់ប្រទេសកម្ពុជា ត្រូវបានរៀបចំឡើងដើម្បីជំរុញការពិភាក្សា និងអប់រំលើបច្ចេកវិទ្យា និងឌីជីថលនៅទូទាំងប្រទេស។
ជាមួយគ្នានេះដែរ នាពេលថ្មីៗនេះ «ព្រឹត្តិការណ៍រត់ដើម្បីសប្បុរសធម៌លក្ខណៈគ្រួសារ (Family Fun Run)» បានដឹកនាំសិស្សានុសិស្ស ក្រុមគ្រួសារ និងសហគមន៍នៅតំបន់ចំការដូងមកជុំគ្នា ដើម្បីលើកកម្ពស់សុខុមាលភាព និងរៃអង្គាសថវិកាសម្រាប់សកម្មភាពសប្បុរសនៅក្នុងតំបន់នេះ។ ព្រឹត្តិការណ៍ទាំងនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ Aii, AIS និង MJQE ក្នុងការចូលរួមសហគមន៍ ដោយឆ្លុះបញ្ចាំងពីបេសកកម្មដ៏ធំរបស់ខ្លួនក្នុងការរួមចំណែកជាវិជ្ជមានដល់សង្គមកម្ពុជា៕