(ភ្នំពេញ)៖ អ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធជិត៧០០នាក់ ទទួលបានការបណ្តុះបណ្តាលពិសេសលើកទី៤ ស្តីពី «មូលដ្ឋានគ្រឹះគ្រប់គ្រងព័ត៌មានបែបឌីជីថល» រយៈពេល២ថ្ងៃ ដោយបានយល់នូវដឹងពីមេរៀនទាក់ទងសណ្តាប់ធ្នាប់ព័ត៌មាន បែបឌីជីថល របៀបគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយបែបឌីជីថល របៀបសរសេរអត្ថបទព័ត៌មាន និងមាតិកា ស្វែងយល់ពីពាក្យគន្លឹះក្នុងវិស័យបរិស្ថាន ពីក្របខណ្ឌ័ច្បាប់លើវិស័យព័ត៌មាន និងតុលាការ។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្រសួងព័ត៌មានលើកទឹកចិត្តដល់សមាគមសារព័ត៌មាន បន្តបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព វិជ្ជាជីវៈដល់អ្នកសារព័ត៌មាន ដើម្បីឱ្យវិស័យសារព័ត៌មានកាន់តែមានគុណភាពខ្ពស់ តាមរយៈនេះអ្នកសារព័ត៌មានត្រូវ អនុវត្តន៍នូវគោលការណ៍ ៣ជាសំខាន់ គោរពក្រមសីលធម៌ សរសេរព័ត៌មានពិតឈរលើប្រភព និងប្រកាន់គោលការណ៍បី ខ្លី ខ្លឹម ខ្លាំង។
លោករដ្ឋមន្ត្រី បានរំលឹក និងសូមឱ្យអ្នកសារព័ត៌មានយកចិត្តទុកដាក់ក្នុងការសរសេរអត្ថបទព័ត៌មានជាអក្សរខ្មែរឱ្យបានត្រឹមត្រូវតាម អក្ខរាវិរុទ្ធ ព្រោះថាបើយើងសរសេរអក្សរខ្មែរមិនបានត្រឹមត្រូវហើយ ធ្វើឱ្យប៉ះពាល់ដល់អក្សរសាស្ត្រជាតិ ហើយនៅពេលដែលយើងផ្សព្វផ្សាយចេញទៅដោយមិនពិនិត្យអក្ខរាវិរុទ្ធ ត្រឹមត្រូវ ក្មេងៗ និងអ្នកផ្សេងទៀតបើកមើលអត្ថបទនោះ ដែលបានរក្សាទុកនៅក្នុងទិន្នន័យរបស់ Google នឹងធ្វើឱ្យមានការភណ្ឌច្រឡំជាក់ជាមិនខាន។
លោកបានរំលឹកពីប្រវត្តិសាស្ត្រទាក់ទងទៅអ្វីទៅជាសង្គ្រាមឆ័ត្រ? បើគ្មានសង្គ្រាមឆត្រទេ ពេលនេះប្រហែលជាយើងគ្មាន ថ្ងៃស្គាល់អក្សរខ្លួនឯងឡើយ។
នៅក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលពិសេសលើកទី៤ ស្តីពី «មូលដ្ឋានគ្រឹះគ្រប់គ្រងព័ត៌មានបែប ឌីជីថល» លោកបណ្ឌិត ម៉េង សុភណ្ឌ ប្រធានសមាគម សារព័ត៌មាន អេឡិកត្រូនិច MSJ បានធ្វើរបាយការណ៍បូកសរុបពីលទ្ធផលដែលសិក្ខាកាម ទទួលបាននូវមេរៀន មូលដ្ឋានគ្រឹះគ្រប់គ្រងព័ត៌មានបែបឌីជីថល ដែលជាការឆ្លើយតបយ៉ាងសំខាន់លើវិស័យព័ត៌មាន និងព័ត៌មានវិទ្យា លើការគ្រប់គ្រងសណ្តាប់ធ្នាប់ព័ត៌មាន និងបង្ហាញឱ្យឃើញពីទិដ្ឋភាពនៃការបញ្ចេញមតិ សិទ្ធិក្នុងការទទួលយកព័ត៌មាន ក្របខណ្ឌច្បាប់ និងការផ្សព្វផ្សាយព័ត៌មានលើបណ្តាញឌីជីថល។
ពិធីបិទវគ្គបណ្តុះបណ្តាលនេះធ្វើឡើងនៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ នៅអគារខេមរវិទ្យូ រាជបណ្ឌិត្យសភាកម្ពុជា ដោយមានការអញ្ជើញចូលរួមពីលោក ង៉ូវ បូរីណា រដ្ឋលេខាធិការ តំណាងលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន, លោក ហ្សាហុីរ៉ូដឌីន បាបារ ថាហុីម ឯកអគ្គរដ្ឋទូតសាធារណរដ្ឋអុីស្លាមប៉ាគីស្ថានប្រចាំកម្ពុជា លោកស្រី អ៊ុលគូ កូកាអេហ្វេ ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋតួគីប្រចាំកម្ពុជា និងវត្តមានអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុនវឌ្ឍនៈប្រូវើរី ដែលជាអ្នកគាំទ្រឧបត្តម្ភសម្រាប់វគ្គបណ្តុះបណ្តាលនេះ៕