(ព្រៃវែង)៖ មន្ត្រីការិយាលយ័ផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានសហការជាមួយមន្រ្តីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ មន្ត្រីតំណាងក្រសួងសុខាភិបាល ខេត្ត ស្រុក អាជ្ញាធរមូលដ្ឋាន ពេទ្យសត្វភូមិចុះទៅទីតាំងដែលកើតជំងឺផ្តាសាយបក្សីស្ថិតនៅភូមិស្វាយចេក ឃុំព្រៃឈរ ស្រុកកំពង់ត្របែក។
មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានឱ្យដឹងថា កាលពីពេលថ្មីៗនេះមន្ត្រីជំនាញ បានធ្វើការផ្សព្វផ្សាយកសិករអំពីផលប៉ះពាល់នូវជំងឺផ្តាសាយបក្សីនៅភូមិព្រៃម្នាស់បាន១កន្លែង មានអ្នកចូលរួមសរុប២៨នាក់ ស្រី ១៧នាក់ និងកិបខិតបណ្ណផ្សព្វផ្សាយ បាន៥៤សន្លឹក (តូច ធំ)។ មន្រ្តីក៏បានបាញ់ថ្នាំសម្លាប់មេរោគបាន៣៩ខ្នងផ្ទះ ភូមិព្រៃម្នាស់ និងបាញ់តាមដងផ្លូវ បានប្រវែង៥៤៥ម៉ែត្រ ចាក់មេក្រូ បំពងសំឡេងអប់រំអំពីជំងឺផ្តាសសាយបក្សីដល់អ្នកភូមិត្បែង និងភូមិព្រៃម្នាស់។
មន្ត្រីជំនាញបានបញ្ជាក់ថា សត្វទាដែលនៅសល់ចំនួន២៧ក្បាល មន្រ្តីបសុពេទ្យបានអនុវត្តន៍វិធានជីវសុវត្ថិភាព (ដុតកម្ទេចចោល )។ ដាក់ប៉ុស្តិ៍ប្រចាំការ ដើម្បីទទួលព័ត៌មាន ជំងឺសត្វពីបងប្អូនកសិករចិញ្ចឹមសត្វ អាជ្ញាធរដែនដី និងក្រុមការងារផ្សេងៗ។
មន្ត្រីជំនាញបានបន្តថា ទិសដៅបន្ត មន្ត្រីពេទ្យសត្វបន្តសហការជាមួយក្រុមការងារអគ្គនាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វ ក្រុមការងារសុខាភិបាលខេត្ត ស្រុក អាជ្ញាធរមូលដ្នាន ក្នុងការអន្តរាគមន៍កន្លែងផ្ទុះជំងឺ ក្រុមការងារបានបន្តផ្សព្វផ្សាយ ជំងឺផ្តាសាយបក្សី ដល់ប្រជាជន សហគមន៍ និងសាលារៀន។ បាញ់ថ្នាំសម្លាប់មេរោគតាមទ្រុងចិញ្ចឹម (តាមខ្នងផ្ទះ)ចុះអង្កេតស្រាវជ្រាវតាមខ្នងផ្ទះ ដើម្បីរកប្រភពនៃការចម្លងជំងឺ។ ដាក់ប៉ុស្តិ៍ប្រចាំការ ដើម្បីទទួលព័ត៌មាន ជំងឺសត្វ ពីបងប្អូនកសិករចិញ្ចឹមសត្វ អាជ្ញាធរដែនដី និងក្រុមការងារផ្សេងៗ។
ជាមួយគ្នានេះ ការិយាល័យបានចូលរួមបើកវគ្គបណ្តុះបណ្តាល រំលឹកឡើងវិញដល់ភ្នាក់ងារសុខភាពសត្វភូមិ ស្ដីពី ជម្ងឺឆ្លង ពីសត្វទៅមនុស្ស និងប្រពន្ធ័រាយការណ៍ជំងឺឆ្លង នៅការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត គាំទ្រដោយអង្គការ AVSF ដោយមានអ្នកចូលរួមពីមន្រ្តីអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វចំនួន២នាក់ លោក ចិន វិសាល និងមន្រ្តីបសុពេទ្យខេត្តចំនួន២នាក់ មន្រ្តីបសុពេទ្យប្រចាំការស្រុកចំនួន២នាក់ ភ្នាក់ងារសុខភាពសត្វភូមិ ចំនួន៣០នាក់ (ចំនួន៦ស្រុក)៕