(ព្រៃវែង)៖ លោក សួន សុម៉ាលីន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាកម្ពុជាខេត្តព្រៃវែង នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញប្រកាសបិទវគ្គអប់រំ នយោបាយសតិអារម្មណ៍ និងបញ្ចូលសមាជិកបក្សថ្មីជាយុវជនរបស់ក្រុមការងារយុវជនគណបក្សខេត្តសរុប៣២០នាក់ (ស្រី២២៧នាក់) នៅទីស្នាក់ការគណបក្សស្រុកកំពង់ត្របែក (១២០នាក់ ស្រី ៦៥នាក់) និងទីស្នាក់ការគណបក្សស្រុកមេសាង (២០០នាក់ ស្រី ១៦២នាក់)។
ឆ្លៀតក្នុងឱកាសនេះលោក សួន សុម៉ាលីន បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកអភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈ អចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង ដែលលោកទាំងពីរតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយឧបត្ថម្ភគាំទ្ររាល់សកម្មភាពនានារបស់ក្រុមការងារយុវជនគណបក្ស ក្រុង ស្រុក ដល់ថ្នាក់ដឹកនាំយុវជនគណបក្សស្រុក សមាជិក សមាជិកាបក្សថ្មី និងអ្នកចូលរួមទាំងអស់ដែលមានវត្តមាននៅក្នុងពិធីនេះ។
លោកបានបន្តថា «ក្រៅពីថ្នាក់ដឹកនាំខាងលើ យើងទាំងអស់គ្នាបានចងចាំមិនភ្លេចសម្តេច ជា ស៊ីម, សម្តេច ហេង សំរិន, សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនមួយចំនួនទៀត ដែលបានយកជីវិតធ្វើជាដើមទុនក្រោកឈរតស៊ូរំដោះប្រទេសរហូតទទួល បានជ័យជំនះជូនជាតិមាតុភូមិ និងធ្វើការអភិវឌ្ឍមកដល់សព្វថ្ងៃនេះ»។
បន្ថែមលើនេះ លោក សួន សុម៉ាលីន ក៏បានដាស់តឿនសតិអារម្មណ៍ដល់យុវជនដែលជាសមាជិកគណបក្សថ្មីទាំងអស់ ត្រូវតែជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ទៅលើតំបន់នៃកិច្ចសហការអភិវឌ្ឍន៍ត្រីកោណ (CLV-DTA) និងមិនត្រូវជឿលើ ការញុះញង់ ការអូសទាញរបស់ក្រុមជនអគតិដែលស្រេកឃ្លានអំណាច និងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់យើងឡើយ។
សូមបញ្ជាក់ថា សមាសភាពអ្នកចូលរួមក្នុងពិធីនេះរួមមានលោក លោកស្រី អនុប្រធានក្រុមការងារយុវជនគណបក្សខេត្ត ក្រុមគ្រូឧទ្ទេស សមាជិក សមាជិកានៃក្រុមការងារយុវជនគណបក្សខេត្ត ប្រធានគណៈកម្មាធិការគណបក្សស្រុក ប្រធាន អនុប្រធានក្រុមការងារយុវជនគណបក្ស ស្រុក និងសមាជិក សមាជិកាបក្ស សរុបចំនួន ៤៥០រូបផងដែរ៕