(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានថ្លែងថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ នៅតែជាបញ្ហាប្រឈមដែលប្រការនេះទាមទារឱ្យមានការដាក់ចេញនូវវិធានការចាំបាច់នានា ដើម្បីចូលរួមក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់នេះ ពោលគឺត្រូវជំរុញឱ្យមានការខិតខំរួមគ្នាក្រោមវិធានការនៃការអប់រំ ការផ្សព្វផ្សាយ ការណែនាំ និងវិធានការរិតបន្ដឹងច្បាប់ចរាចរផងដែរ។
លោកអភិបាលខេត្តបានលើកឡើងដូចនេះ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។
លោក អ៊ុន ចាន់ដា បានបន្តថា ពាក់ព័ន្ធនឹងបញ្ហាគ្រោះថ្នាក់ចរាចរ ក្នុងខែសីហាកន្លងមកនេះ មានការកើតឡើងច្រើនរហូតដល់ ១៥ករណី លើ ៦ករណី បើប្រៀបធៀបទៅនឹងខែកក្កដា កើនឡើងចំនួន ៩ករណី ដែលបណ្ដាលឱ្យមានអ្នកស្លាប់ បាត់បង់ជីវិតកើនឡើងរហូតដល់ ១៣នាក់ លើ៩នាក់ និងអ្នករងរបួសមានចំនួន ១៥នាក់។ ដូច្នេះនៅខណៈពេលភ្ជុំបិណ្ឌខាងមុខនេះ មានប្រជាពលរដ្ឋធ្វើដំណើរនៅតាមដងផ្លូវច្រើនធ្វើយ៉ាងណាត្រូវតែមានវិធានការ កាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរកុំឱ្យមានការកើនឡើងបន្តទៀត។
លោកអភិបាលខេត្ត បានបន្ថែមថា ពាក់ពន្ធ័នឹងការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ក្នុងអំឡុងខែសីហាកន្លងមកនេះ បទល្មើសព្រហ្មទណ្ឌកើតឡើងចំនួន ៣លើក បើប្រៀបធៀបនឹងខែកក្កដា ថយចុះចំនួន ១លើក។ ពាក់ពន្ធ័នឹងបទល្មើសគ្រឿងញៀន សមត្ថកិច្ចបង្ក្រាបបាន ចំនួន ២៣ករណី លើ១៩ករណី គឺការងារបង្ក្រាបមានការកើនឡើងចំនួន ៧ករណី ក្នុងនោះមានការបង្ក្រាប ១ ករណីនៅស្រុកបាធាយ ដែលសមត្ថកិច្ចរឹបអូសបាននូវសារធាតុញៀនចំនួន ២គីឡូក្រាម រួមនឹងជនសង្ស័យ បញ្ជូនទៅតុលាការ ដោយមុខសញ្ញាធំនៅខេត្តផ្សេង កិច្ចការនេះទាមទារឱ្យមានការចូលរួមសហការ ដើម្បីធ្វើការស្រាវជ្រាវបង្ក្រាបបន្តទៀត។
ដោយឡែកលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានលើកយកសេចក្តី ព្រាងរបៀបវារៈសំខាន់ៗ មកពិភាក្សារួមមាន៖
*ទី១៖ ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ កិច្ចប្រជុំសាមញ្ញលើកទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត។
*ទី២៖ ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងារប្រចាំខែសីហា និងលើកទិសដៅប្រចាំខែកញ្ញា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត។
*ទី៣៖ ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការដាក់ឱ្យប្រើប្រាស់ នូវសេចក្តី ណែនាំ និងសៀវភៅណែនាំស្តីពីការផ្តល់ជ័យលាភី ការអុនវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងសេវាសង្គមរបស់រដ្ឋបាលខេត្តកំពង់ចាម និងបញ្ហាផ្សេងៗ៕