(កំពង់ធំ)៖ សមត្ថកិច្ចចម្រុះទីបញ្ជាការស្រាលខេត្តកំពង់ធំ ចែកចេញជា៤ក្រុម បានបន្តចុះបង្ក្រាបបទល្មើសជលផលនៅបឹងទន្លេសាប ក្នុងភូមិសាស្ត្រ ៤ទីតាំងផ្សេងគ្នា នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤។

ក្រុមទី១៖ ដឹកនាំដោយលោក  អ៊ុង  វុទ្ធី អភិបាលរងខេត្តកំពង់ធំ អមដំណើរដោយលោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផល បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទចាប់ពីចំណុច ព្រែកបាទាល់ព្រំប្រទល់ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ដល់ប្រលិចច្រកែង និងពីភូមិបាឡត ដល់កំព្រាម ឃុំពាមបាង ស្រុកស្ទោងដោយរុះរើបំផ្លាញចោលឧបកណ៍នេសាទហាមឃាត់នៅនិងកន្លែង២ករណីរួមមាន៖

*របាំងស្បៃមុង ៦របាំង ប្រវែង ១,៨០០ម៉ែត្រ
*របាំងសាច់អួនក្រឡាញឹក ៨ របាំង ប្រវែង២,៤០០ម៉ែត្រ
*ឡុក ចំនួន៤១ គ្រឿង
*លប ឬ លូចំនួន៤១មាត់
*បង្គោល ចំនួន ២,៣០០ដើម
*ចាក់លែងត្រីស្រស់ចម្រុះ ទម្ងន់ ១,៦០០គីឡូក្រាម ចូលទន្លេវិញ។

ក្រុមទី២៖ ដឹកនាំដោយលោក កែវ សុខឿន មន្រ្តីសង្កាត់រដ្ឋបាលជលផលបារាយណ៍(ប្រចាំស្រុកតាំងគោក) បានចុះទប់ស្កាត់និងបង្ក្រាប បទល្មើសជលផល នៅចំណុចរោងសេះ.អន្លង់ផ្ដៅ.បឹងក្រសា.ក្រពើសាហាវនិងចំណុចព្រែកទាល់ ស្ថិតក្នុងភូមិសាស្ត្រ ឃុំស្រឡៅ ស្រុកតាំងគោកបាន០១ករណីដោយរុះរើនិងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន៖

*របាំងស្បៃមុងចំនួន០២ របាំង ប្រវែង៨៥០ម៉ែត្រ
*ឡុកចំនួន០៥គ្រឿង
*លប/លូចំនួន០៥មាត់
*បង្គោលចំនួន១៥០ដើម
*ចាក់លែងត្រីចម្រុះទំងន់៥០គីឡូក្រាម។

ក្រុមទី៣៖ ដឹកនាំដោយលោក គន ចាន់ សីហា នាយសង្កាត់រដ្ឋបាលជលផលស្ទោងបានចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលនៅចំណុចបឹងប្រសាន ឃុំម្សាក្រង ស្រុកស្ទោង០១ករណីបានរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន៖ របាំងស្បៃមុងចំនួន៣របាំង ប្រវែង៣០០ម៉ែត្រ រួមមាន៖

*ឡុកចំនួន៣គ្រឿង
*លូចំនួន០៦មាត់
*បង្គោលចំនួន១៥០ដើម
*ចាក់លែងត្រីទំងន់១៥គីឡូក្រាម។

ក្រុមទី៤៖ ដឹកនាំដោយលោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង ចុះប្រតិបត្តិការទប់ស្កាត់បង្រ្កាបបទល្មើសជលផល នៅចំណុច ដុបក្រែង និង កោះឡូញ ស្ថិតនៅក្នុងភូមិសាស្រ្តភូមិពៅវើយឃុំ ពាមបាង ស្រុកស្ទោង០១ករណី បានរុះរើកាប់បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនិងកន្លែងរួមមាន៖

*របាំងសាច់អួនក្រឡាញឹកចំនួន០៣ របាំងប្រវែង ៦០០ម៉ែត្រ                           
*លប/លូសាច់ចំនួន០៥ មាត់
*ឡុកចំនួន ០៤ គ្រឿង
 *បង្គោលចំនួន ៤៥០ដើម               
*ចាកប្រលែងត្រី ទម្ងន់ ៤០គីឡូក្រាម។

ជាមួយគ្នានេះលោក អ៊ុង វុទ្ធី បានបញ្ជាក់ប្រាប់ភ្នាក់ព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ធំ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះថា «ចំពោះករណីបទល្មើសនេសាទខុសច្បាប់ គឺលោកមិនលើកលែងនោះទេ ដូច្នេះសូមឱ្យបងប្អូនចូលរួម និងរុះរើដោយខ្លួនឯងជាបន្ទាន់ចៀសវាងខូចខាតទ្រព្យសម្បត្តិរបស់បងប្អូន ហើយក្រុមការងារនៅតែបន្តចុះដូចភ្លៀងរលឹម»