(កណ្ដាល)៖ សម្ដេចព្រះមង្គលទេពាចារ្យ វង្ស អានេតា សម្តេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តកណ្តាល ជាព្រះសាកលវិទ្យាធិការ សាកលវិទ្យាល័យ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បានអំពាវនាវបិណ្ឌបាត្រសប្បុរសជន ពុទ្ធបរិស័ទ និងបងប្អូនប្រជាពលរដ្ឋជិតឆ្ងាយទាំងអស់ សូមចូលរួមទ្រទ្រង់ទាំងអស់គ្នានូវការកសាងសាកលវិទ្យាល័យដំបូងគេបង្អស់ ដែលផ្ដល់អាហារូបករណ៍សម្រាប់ សិស្សានុសិស្សមកពីគ្រប់ទិសទីទាំងអស់ ដែលជាកូនចៅប្រជាពលរដ្ឋក្រីក្រសិក្សានៅទីនេះ ដែលមិនមានលទ្ធភាពទៅរៀននៅសាកលវិទ្យាល័យផ្សេងៗទៀត។
សម្ដេចសង្ឃ បានមានដីកាបិណ្ឌបាត្របែបនេះ ក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី កសាងអគាសិក្សាសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅភូមិរការធំ ឃុំបែកចាន ស្រុកអង្គស្នួល ក្រោមអធិបតីភាពលោកសន្តិបណ្ឌិតចាន់ អ៊ាន និងលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ព្រមទាំងលោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គួច ចំរើន អភិបាលខេត្តកណ្ដាលនិងមន្ទីរជុំវិញខេត្ត។
សម្ដេចព្រះមង្គលទេពាចារ្យ វង្ស អានេតា មានដីកាបន្តថា ថវិកាដែលបងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទទាំងអស់ បានចូលរួមទ្រទ្រង់សម្រាប់សាកលវិទ្យាល័យនេះ បានជួយដល់សិស្សសានុសិស្សដែលមានជីវភាពខ្វះខាត អាចមកសិក្សានៅទីនេះបាន ទន្ទឹមនឹងនេះការជួយទ្រទ្រង់សាកលវិទ្យាល័យសម្ដេចព្រះសង្ឃរាជ្យ បួរ គ្រី ធ្វើឱ្យសាកលវិទ្យាល័យមានសាស្ត្រាចារ្យល្អៗដែលជាធនធានមនុស្សគ្រប់គ្រាន់ ក្នុងការបង្រៀនដល់សិក្សានុសិស្សទាំងអស់គ្នា។
សម្ដេចមានសង្ឃដីកាទៀតថា ការប្រារព្ធពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី កសាងសាកលវិទ្យាល័យ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី នាពេលនេះ គឺបានសបញ្ចាក់អោយឃើញថា ការផ្សារភ្ជាប់យ៉ាងរឹងមាំរវាងវិស័យអាណាចក្រ និងពុទ្ធចក្រ ព្រោះថាសាកលវិទ្យាល័យនេះផ្តួចផ្តើមបង្កើតឡើងក្រោមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃកម្ពុជា ដែលកម្មវិធីសិក្សាគឺអនុវត្តដូចនឹងគ្រឹះស្ថានឧត្តមសិក្សាទូទៅ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួង អប់រំ យុវជន និងកីឡា។ សាកលវិទ្យាល័យនេះកំពុងឈានទៅរកកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយបណ្ដាប្រទេសនានានៅក្នុងពិភពលោក។
សូមជម្រាបថា សាកលវិទ្យាល័យនេះ មានមហាវិទ្យាល័យចំនួន០៦ រួមមាន៖ មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា, មហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, មហាវិទ្យាល័យ វិទ្យាសាស្ត្រសង្គម, មហាវិទ្យាល័យវិស្វកម្ម និងស្ថាបត្យកម្ម មហាវិទ្យាល័យសិក្សាអភិវឌ្ឍ និងទេសចរណ៍ និងមហាវិទ្យាល័យវិទ្យាសាស្រ្តសេដ្ឋកិច្ច និងធុរកិច្ច ដែលមានមុខជំនាញសរុប ៣២ជំនាញ៕