(ព្រះវិហារ)៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានអញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាលស្តីពី «តួនាទី ភារកិច្ច និងរបៀបរបបការងារ ក្នុងរចនាសម្ព័ន្ធ គ.ខ.ប.ជ» ដែលរៀបចំដោយ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅសាលប្រជុំសាលាខេត្តព្រះវិហារ រយៈពេលមួយថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។
ចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះមានលោកស្រីឧត្តមសេនីយ៍ឯកវេជ្ជបណ្ឌិត ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ គ.ជ.ប.ជ លោកស្រី ប៉ាង រ៉ាវី អភិបាលរងខេត្ត តំណាងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ឯក យ៉ែម ច័ន្ទណារុំ អគ្គលេខាធិការរង គ.ជ.ប.ជ លោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី ឆយ បូរិន ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ និងលោកស្រីឧត្តមសេនីយ៍ត្រី ប្រាង ធីតា ស្នងការរងទទួលផែនប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ព្រមទាំងលោក លោកស្រី មកពីតាមមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរ ក្រុង ស្រុក លោកអធិការនគរបាលក្រុង ស្រុក ទាំង៨។
ក្នុងនាមលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ លោកស្រី ប៉ាង រ៉ាវី បានថ្លែងថា ការរៀបចំវគ្គបណ្តុះបណ្តាលនេះ ដើម្បីរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព មន្ត្រីគណៈកម្មាធិការប្រយុទ្ទប្រឆាំងអំពើជួញដូរមនុស្សខេត្តព្រះវិហារ ស្តីពីរចនាសម្ព័ន្ធ របៀបរបបការងារ និងទម្រង់ធ្វើរបាយការណ៍នាឱកាសនេះ។
លោកស្រីអភិបាលរងខេត្តព្រះវិហារ បានបង្ហាញពីសកម្មភាពសំខាន់ៗរបស់គណៈកម្មាធិការ និងលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តរួមមាន៖ បានជូនជនរងគ្រោះទៅមន្ទីរពេទ្យ ដើម្បីពិនិត្យធ្វើកោសលវិច្ច័យ និងជួយសរសេរពាក្យបណ្តឹងដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការបានចំនួន៨ករណី សម្របសម្រួលនៅមូលដ្ឋាន២ករណី ចុះសួរសុខទុក្ខនិងប្រឹក្សាយោបល់ផ្នែកសុខភាពដល់ជនរងគ្រោះជាស្ត្រី (ករណីរំលោភសេពសន្ថវៈ) ១៤ករណី ឧបត្ថម្ភគ្រឿងឧបភោគបរិភោគមួយចំនួន បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ៥ករណី ដោះស្រាយក្រៅប្រព័ន្ធតុលាការ៤០ករណី ជាករណីអំពើហឹង្សាក្នុងគ្រួសារ និងចុះអប់រំណែនាំបណ្តុះបណ្តាលពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស អំពើហិង្សា និងការរំលោភបំពានផ្លូវភេទ។
លោកស្រី ជូ ប៊ុនអេង បានថ្លែងនូវការស្វាគមន៍ចំពោះវត្តមានលោក លោកស្រី មកពីតាមអង្គភាពនានាក្នុងខេត្តព្រះវិហារ ដែលបានចំណាយពេលវេលាដ៍មានតម្លៃចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពី ការពង្រឹងសមត្ថភាពមន្ត្រី គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តព្រះវិហារ ស្តីពីរចនាសម្ព័ន្ធ របៀបរបបការងារ និងទម្រង់ធ្វើរបាយការណ៍ នាពេលនេះ។
លោកស្រីរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងថា វគ្គបណ្តុះបណ្តាលនេះគឺមានគោលបំណងពង្រឹងសមត្ថភាពមន្ត្រីពាក់ព័ន្ធក្នុងរចនាសម្ព័ន្ធ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តព្រះវិហារ លើតួនាទី ភារកិច្ច និងរបៀបរបបការងារ៕