(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងអ្នកឧកញ៉ា គិត ម៉េង សហប្រធានក្រុមការងារ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកសេដ្ឋកិច្ច សង្គមឌីជីថល និងទូរគមនាគមន៍ (ក្រុមការងារ “ណ”) នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។

កិច្ចប្រជុំនេះ ដោយមានការអញ្ជើញចូលរួមពី ឧកញ៉ា លោក លោកស្រី ដែលជាអនុប្រធាន សមាជិក សមាជិកា នៃក្រុមការងារអន្តរក្រសួង-ស្ថាប័ន នៃរាជរដ្ឋាភិបាល និងវិស័យឯកជន សរុបប្រមាណ ១៥០នាក់ នៅសណ្ឋាគារ Hyatt Regency Phnom Penh។

កិច្ចប្រជុំនេះ មានគោលបំណងស្វែងយល់អំពីបញ្ហាប្រឈម និងក្តីកង្វល់នានា ព្រមទាំងសំណូមពរផ្សេងៗរបស់វិស័យឯកជន។ ជាមួយគ្នានេះ អង្គប្រជុំបានដោះស្រាយបញ្ហាមួយចំនួនចំពោះមុខ។

ដោយឡែកបញ្ហាផ្សេងទៀត លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត សហប្រធាន បានលើកទឹកចិត្តឲ្យបង្កើតអនុក្រុមការងារជាក់លាក់តាមអនុវិស័យនីមួយៗ ដោយមានសមាសភាពពីរដ្ឋ និងវិស័យឯកជន ដើម្បីស្វែងយល់បន្ថែម និងរកដំណោះស្រាយនៅពេលបន្ទាប់៕