(តាកែវ)៖ អភិបាលខេត្តតាកែវលោក វ៉ី សំណាង នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំមន្រ្តីចុះធ្វើទស្សនកិច្ចតំបន់ព្រំដែនរវាងខេត្តតាកែវ និងខេត្តចំនួន២របស់វៀតណាម គឺខេត្តអាងយ៉ាង និងខេត្តគៀនយ៉ាង ដោយចាប់ផ្ដើមពីបង្គោលព្រំដែន លេខ២៧៥ នៅច្រកទ្វាអន្តរជាតិភ្នំដិន និងបង្គោលព្រំដែនផ្សេងៗទៀតនៅក្នុងស្រុកគីរីវង់។

ក្នុងឱកាសចុះទស្សនកិច្ចនោះ លោកអភិបាលខេត្ត បានបញ្ជាក់ច្បាស់ៗថា មិនមានការបង្ខិតបង្គោលព្រំដែនដូចការចោទប្រកាន់របស់ប្រឆាំងនោះទេ ពោលគឺស្ថានភាពបង្គោលព្រំដែននៅគឺនៅដដែល ហើយសមត្ថកិច្ចដែលឈរជើងការពារ នៅតាមព្រំដែនទាំងទាហាន និងនគបាលកំពុងការពារបានយ៉ាងល្អប្រសើរ។

លោក វ៉ី សំណាង បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ កុំចាញ់បោកការឃោសនារបស់ក្រុមប្រឆាំងមួយចំនួន ដែលបានចោទប្រកាន់ថាមានការរំកិលបង្គោលព្រំដែន ជាពិសេសបង្គោលព្រំដែនលេខ២៧៥ នៅច្រកទ្វារអន្តរជាតិភ្នំដិន ហើយក៏មិនត្រូវជឿដាច់ខាតលើប្រព័ន្ធ Google Map ដែរ ព្រោះប្រព័ន្ធនេះមិនអាចផ្ទៀងផ្ទាត់ឲ្យបានត្រឹមត្រូវ និងយកជាផ្លូវការនោះឡើយ៕