(សៀមរាប)៖ កម្ពុជា ធ្វើជាម្ចាស់រៀបចំសន្និសីទមេបញ្ជាការកងទ័ពជើងអាកាសអាស៊ានលើកទី២១ ការពង្រឹងការចែករំលែកព័ត៌មាន និងកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួត ក្នុងចំណោមកងកម្លាំងអាកាសអាស៊ាន ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ រយៈពេល៤ថ្ងៃ ដោយចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។
សន្និសីទនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពង្រឹងចំណងសាមគ្គីភាព បង្កើនកិច្ចសប្រតិបត្តិការសន្តិសុខផ្លូវអាកាសអាស៊ាន ចែករំលែកនិងផ្តល់ព័ត៌មានដល់គ្នាទៅវិញទៅមក សំដៅពង្រឹងទំនាក់ទំនង សាមគ្គីភាពរួមគ្នាទប់ស្កាត់ បទល្មើសរត់ពន្ឋគ្រឿងញៀនតាមផ្លូវអាកាស ការជួញដូរមនុស្សនិងអំពើភេរវកម្ម តាមផ្លូវអាកាស។
សន្និសីទនេះ ក៏លើកយកនូវយុទ្ឋសាស្ត្រគន្លឺះល្អៗ ដើម្បីសម្របសម្រួលការហោះហើរទៅបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងជួបគ្រោះមហន្តរាយផ្សេងៗ ហើយស្នើសុំឱ្យមានការជួយសង្គ្រោះ ទ័ពអាកាសនៃប្រទេសអាស៊ាន នឹងជួយអន្តរាគមន៍សង្គ្រោះ និងដឹកជញ្ជូនជំនួយមនុស្សធម៌ តបតាមភាពចាំបាច់និងទាន់ពេលវេលា។
សន្និសីទ ក៏ពិភាក្សាផ្តោតលើការអប់រំ និងបណ្តុះបណ្ដាលធនធានមនុស្ស សម្រាប់យុវជនបន្តវេននៃទ័ពអាកាស ធ្វើការផ្លាស់ប្តូរទស្សនកិច្ចទៅកាន់ប្រទេសក្នុងតំបន់ ដើម្បីសិក្សាដកស្រង់បទពិសោធទៅវិញទៅមក ចាប់ពីយុវជនបន្តវេនរហូតដល់ថ្នាក់ដឹកនាំនៃទ័ពអាកាស។
សន្និសីទមេបញ្ជាការកងទ័ពជើងអាកាសអាស៊ានលើកទី២១នេះដែរ ក្រោមការដឹកនាំដោយនាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងអាកាស និងមានការចូលរួមពីសំណាក់មេបញ្ជាការកងទ័ពជើងអាកាសអាស៊ានទាំង១០ចូលរួមផងដែរ។
ក្នុងសន្និសីទសារព័ត៌មាន លោកឧត្តមសេនីយ៍ឯក គង់ មុនី មេបញ្ជាការរង និងជានាយសេនាធិការកងទ័ពជើងអាកាស បានឲ្យដឹងថា សន្និសីទមេបញ្ជាការកងទ័ពជើងអាកាសអាស៊ាន ជារៀងរាល់ឆ្នាំប្រព្រឹត្តទៅតាមវេន ដូច្នេះនៅក្នុងឆ្នាំ២០២៤នេះ ជាវេនរបស់ប្រទេសកម្ពុជា និងជាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយវេនទី១ គឺនៅឆ្នាំ២០១៥។
លោកឧត្តមសេនីយ៍ឯក គង់ មុនី ក្នុងបរិបទនៃបច្ចុប្បន្ន ដែលសភាពការណ៍ប្រទេសនៅក្នុងពិភពលោក កំពុងវិវត្តន៍ខុសប្លែកតាមតំបន់នីមួយៗ ក្នុងនោះដែរ តំបន់អាស៊ានស្ថិតក្នុងតំបន់មួយដែលអាចចាត់ទុកថា ជាការចូលរយមចំណែករបស់កងទ័ពជើងអាកាសទាំងអស់នៅក្នុងតំបន់ នេះជាមោទនភាពមួយដែលយើងទាំងអស់គ្នា បានចូលរួមធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចសន្និសីទនេះ និងជាកិច្ចប្រឹងប្រែងទៅអនាគតរបស់បណ្តាប្រទេសអាស៊ានទាំងអស់ និងជំនាន់ក្រោយដែលបន្តវេននេះ និងត្រូវរក្សាឲ្យបាននូវស្ថេរភាព និងសន្តិភាពនៅក្នុងតំបន់។
លោកឧត្តមសេនីយ៍ឯក បានបន្ថែមថា ចំពោះព្រំដែនអាកាសរបស់បណ្តាប្រទេសអាស៊ានពុំមានបញ្ញាប្រឈមធំនោះទេ គឺយើងស្ថិតនៅក្នុងស្ថេរភាព ដែលរក្សាបាននូវសន្តិសុខក្នុងតំបន់ ក៏ប៉ុន្តែជុំវិញតំបន់របស់ងាស៊ានឃើញថា មានការអស្ថេរភាពមួយចំនួន ដែលយោះត្រូវតែទប់ស្កាត់កុំឲ្យវាឆ្លៀតចូលក្នុងតំបន់របស់យើង នេះបញ្ហាដែលសំខាន់ដែលប្រទេសងាស៊ានត្រូវគិតគូរ ជាពិសេស គឺកងទ័ព។
សូមបញ្ជាក់ថា ចំពោះសន្និសីទមេបញ្ជាការកងទ័ពជើងអាកាសអាស៊ានលើកក្រោយ (លើកទី២២) គឺនឹងធ្វើឡើងនូវប្រទេសឥណ្ឌូនេស៊ី នៅទីក្រុង (ចាកាតា)៕