(ភ្នំពេញ)៖ លោក សាន សាង អតីតអ្នកតំណាងរាស្ត្រមណ្ឌលតាកែវ និងជាសមាជិកកម្មាធិការនាយក នៃអតីតគណបក្សសង្គ្រោះជាតិ បានលើកឡើងថា ការរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា បានចូលរួមក្នុងការបម្រើជាតិ និងប្រជាជន ពោលគឺបានទាំងបម្រើ ការពារ និងសង្គ្រោះ។ ផ្ទុយទៅវិញការរស់នៅជាមួយជនក្បត់ជាតិ សម រង្ស៉ី មិនបានជួយអ្វីទាំងអស់ គ្រប់បែបយ៉ាងគ្រាន់តែជាការយល់សប្តិ។
លោក សាន សាង លើកឡើងបែបនេះ ក្នុងពេលស្វាគមន៍សកម្មជនអតីតបក្សប្រឆាំង ដែលបានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។ លោក សាន សាង ជាក្បាលម៉ាស៊ីនបក្សប្រឆាំងមួយរូប ដែលបានធ្វើសកម្មភាពនយោបាយជាមួយ សម រង្ស៉ី តាំងទសវត្សរ៍ឆ្នាំ១៩៩០មកម្ល៉េះ។
លោក សាន សាង មានអតីតភាពជាអ្នកតំណាងរាស្ត្រមណ្ឌលតាកែវ និងជាសមាជិកកម្មាធិការនាយក នៃអតីតគណបក្សសង្គ្រោះជាតិ។ លោកអតីតអនុប្រធានគណបក្ស សម រង្ស៊ី ប្រចាំខេត្តតាកែវ និងជាអតីតប្រធានមិត្តសមាគម ខ្មែរកម្ពុជាក្រោមពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៤ បច្ចុប្បន្នជាអនុប្រធានសមាគមខ្មែរកម្ពុជាក្រោម។
បន្ទាប់ពីឆ្អែតឆ្អន់នឹងជីវិតនយោបាយជាមួយ សម រង្ស៉ី ដែលគ្មានកោះត្រើយ លោក សាន សាង ក៏បានសម្រេចចិត្តចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជានៅក្នុងឆ្នាំ២០២៤នេះ។ លោក សាន សាង បានហៅការវិលមករួមរស់ជាមួយបក្សប្រជាជនកម្ពុជា ជាការវិលត្រឡប់មកផ្ទះចាស់។
ថ្លែងទៅកាន់សកម្មជនបក្សប្រឆាំងដែលទើបចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា លោក សាន សាង បានចាត់ទុកជនក្បត់ជាតិ សម រង្ស៉ី ជាអ្នកនយោបាយរវើរវាយធ្វើការតាមជំនោរអារម្មណ៍គ្មានគោលដៅ គ្មានយុទ្ធសាស្ត្រអ្វីនោះឡើយ។
លោក សាន សាង ចាត់ទុកជីវិតនយោបាយជាមួយជនក្បត់ជាតិ សម រង្ស៉ី គឺជារឿងឥតប្រយោជន៍មិនបានជួយអ្វីដល់ជាតិនោះឡើយ។ ក្នុងឱកាសនោះ លោក សាន សាង ក៏បានរំលឹករឿងដកបង្គោលតម្រុយព្រំដែន នៅក្នុងភូមិកោះក្បាន ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០៩។
លោក សាន សាង បានរំលឹកថា គោលបំណងធំនៃការចុះទៅខេត្តស្វាយរៀងនាពេលនោះ គឺធ្វើបុណ្យកឋិននៅវត្តមួយជាប់ព្រំដែន គឺមិនមានផែនការត្រូវចុះទៅមើលព្រំដែន ឬដកបង្គោលព្រំដែនអ្វីនោះឡើយ។
ស្រាប់តែពេលចុះទៅដល់វត្តជាប់ព្រំដែន ក៏បង្ហួសទៅដកបង្គោលតម្រុយព្រំដែនតែម្តង។ លោក សាន សាង បានលើកឡើងថា ការដកបង្គោលព្រំដែនជាកំហុសមួយទៅហើយ ដ្បិតថាក្នុងនាមជាប្រធានបក្សនយោបាយមួយ គ្មានសិទ្ធិក្នុងការដកបង្គោលព្រំដែននោះឡើយ។ ប៉ុន្តែរឿងកាន់តែធំទៀតនោះ ក្រោយពេលដកហើយ នាំយកបង្គោលព្រំដែនទាំងនោះមករក្សាទុកនៅទីស្នាក់ការគណបក្សទៀត។
ផ្តើមចេញពីរឿងដកបង្គោលតម្រុយព្រំដែននេះ ធ្វើអាជ្ញាធរខេត្តស្វាយរៀងប្តឹង ហើយលោក សម រង្ស៉ី ក៏រត់គេចខ្លួននៅក្រៅប្រទេស រហូតដល់ខែកក្កដា ឆ្នាំ២០១៣ ទើបបានត្រឡប់ចូលប្រទេសវិញ បន្ទាប់ពីធ្វើលិខិតសុំទោសសម្តេចតេជោ ហ៊ុន សែន៕