(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ញើសារចូលរួមរំលែកទុក្ខជូនលោក មុត សុវណ្ណ និងលោកស្រី សាន ចាន់ណា ចំពោះមរណភាពរបស់ឧបាសិកា ហែម សាលី។ ឧបាសិកា ហែម សាលី បានទទួលមរណភាពនៅថ្ងៃអាទិត្យ ១៣កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១០៖២២នាទីយប់ នៅក្នុងជន្មាយុ៨៦ឆ្នាំ ដោយជរាពាធ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត សូមចូលរួមសម្ដែងនូវក្តីសង្វេគប្រកប ដោយអនិច្ចលក្ខណធម៌យ៉ាងជ្រាលជ្រៅ ព្រមទាំងសោកស្តាយ ស្រណោះអាឡោះអាល័យជាទីបំផុត។ ការបាត់បង់ឧបាសិកា ហែម សាលី គឺជាការបាត់បង់ម្តាយ ម្តាយក្មេក ជីដូន ជីទួត ដែលមាននូវព្រហ្មវិហារធម៌មិនចេះរីងស្ងួត ចំពោះកូនចៅ ចៅទួតជាទីស្រឡាញ់ទាំងអស់ ហើយក៏ជាការបាត់បង់នូវពុទ្ធសាសនិកដ៏ សកម្មឆ្នើមមួយរូប ដែលតែងតែលើកតម្កើង និងទ្រទ្រង់ព្រះពុទ្ធសាសនាជារៀងរហូតមក។

សម្ដេចធិបតី នាយករដ្ឋមន្ដ្រី និងលោកជំទាវបណ្ឌិត សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧបាសិកា ហែម សាលី ឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕