(កំពង់ចាម)៖ សំណើ សំណូមពរ និងបញ្ហាផ្សេងៗចំនួន២០ ដែលប្រជាពលរដ្ឋស្នើឡើងត្រូវបានដោះស្រាយភ្លាមៗ នៅក្នុងវេទិកាសាធារណៈដែលបានរៀបចំឡើង នៅវត្តខេមវ័ន (បឹងស្នាយ) សង្កាត់សំបួរមាស ក្រុងកំពង់ចាម នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។

វេទិការនេះ ធ្វើឡើងក្រោមអធិបតីភាព លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ចាម និងលោកស្រី ជា ស៊ុនដាណែត រដ្ឋលេខាធិការប្រចាំការក្រសួងព័ត៌មាន និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានក្រុងកំពង់ចាម និងមន្ត្រីពាក់ព័ន្ធ ព្រមទាំងតំណាងប្រជាពលរដ្ឋជាង១០០នាក់។

មុនពេលបើកការពិភាក្សាពិគ្រោះយោបល់ លោក អ៊ុន ចាន់ បានថ្លែងថា ដោយមានការណែនាំ និងចង្អុលបង្ហាញពីសំណាក់លោកសន្តិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម តម្រូវឳ្យថ្នាក់ដឹកក្រុមការងារទាំងអស់ ចុះជួបបងប្អូនប្រជាពលរដ្ឋ ដើម្បីធ្វើការផ្លាស់ប្តូរយោបល់គ្នា ពាក់ព័ន្ធនឹងការអនុវត្តការងារ រយៈពេល១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិការទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ បស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងបានដាក់ចេញនូវគោលនយោបាយអាទិភាពទាំង ៦ចំណុច និងវិធានការគន្លឹះទាំង៥ សំដៅឆ្ពោះ ទៅការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ក៏ដូចជា ការលើកកម្ពស់គុណភាព និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋឲ្យកាន់តែមានភាពប្រសើរឡើង។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ដើម្បីឆ្លុះបញ្ចាំងនូវការដាក់ចេញនូវគោលនយោបាយនេះ គឺត្រូវការមតិយោបល់ និងការវាយតម្លៃ ពីសំណាក់បងប្អូនប្រជាពលរដ្ឋត្រឡប់មកវិញថាតើ លទ្ធផលដែលបងប្អូនប្រជាពលរដ្ឋ ទទួលបានពីគោលនយោបាយនោះបានកម្រិតណា?។ ដូច្នេះដើម្បីថ្នាក់ដឹកនាំ អាចវាស់ស្ទង់ផ្ទៀងផ្ទាត់ ពីលទ្ធផលនោះបាន គឺត្រូវជួបជុំគ្នាដើម្បីធ្វើវេទិកាសាធារណៈ។

ក្រៅពីនោះ រដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាល បានផ្ដោតសំខាន់ ទៅលើការងារពាក់ព័ន្ធសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងការផ្តល់សេវាសង្គម ដែលផ្ដោតសំខាន់ទៅលើការងារ ដែលបម្រើសេចក្តីត្រូវការ របស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន៕