(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានប្រគល់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ៖ ២កញា ឆ្នាំ២០២៤ និងវិញ្ញាបនបត្របញ្ចប់ការសិក្សា កម្រិតមធ្យមសិក្សាទុយភូមិ ឆ្នាំសិក្សា ២០២៣-២០២៤ ជូនសិស្សានុសិស្ស នៃសាលាចំណេះទូទៅអន្តរជាតិ ឌូវី គ្រប់ទីតាំង និងសាខាសរុបចំនួន១៩៣នាក់ ក្នុងនោះ ថ្នាក់ទី៩ ចំនួន៩២នាក់ ថ្នាក់ទី១២ ចំនួន១០១នាក់។

ពិធីនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលបាត់ដំបងស៊ីធីហល៍ ក្រុងបាត់ដំបង។

លោក យី សុងគី ប្រធានអប់រំ យុវជន និងកីឡាខេត្ត បានលើកឡើងថា ក្នុងនាមមន្ទីរជំនាញ តែងតែបានសហការជាមួយ គ្រប់វិស័យអប់រំ សាលឯកជននានា និងមានការជួយសម្របសម្រួលកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាព ជាមុនជាបន្តបន្ទាប់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីជាទំពាំងស្នងឫស្សី បន្តវេណនាពេលអនាគត់ផងដែរ។

លោក សុខ លូ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ ក្នុងវិស័យអប់រំទាំងរដ្ឋ និងឯកជនគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបណ្តុះបណ្តាលសិស្សានុសិស្ស ជាប្រចាំដែលថ្នាល ធនធានមនុស្សមួយ សម្រាប់ប្រទេសជាតិ។

លោកបន្តថា វិស័យអប់រំ ដើរតួនាទីសំខាន់ណាស់ ដែលបានបង្កើតធនធានមនុស្ស ឲ្យមានចំណេះដឹងខ្ពស់ ដើម្បីរួមចំណែកកសាង អភិវឌ្ឍន៍ ជាតិមាតុភូមិមានការរីកចម្រើន និង បានការពារ សុខសន្តិភាព កាត់ការលំបាករបស់ប្រជាពលរដ្ឋ និងមានជីវភាពធូធារ ក្រោមការដឹកនាំ របស់សម្តេចធិប តីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

លោកអភិបាលខេត្ត ក៏បានរំលឹក និងអំពាវនាវដល់ឪពុក ម្តាយ អាណាព្យាបាល ក្នុងគ្រួសារសិស្សនីមួយៗទាំងអស់ថា យើងជាមាតា បិតាគឺជាគ្រូទី១ ត្រូវតម្រង់ទិសកូនខិតខំរៀនសូត្រ ឲ្យមានចំណេះដឹងគ្រប់ៗកូន ចំណែកគ្រូនៅសាលាគ្រាន់តែគ្រូទី២ ប៉ុណ្ណោះ រួមផ្សំនឹងការខិតខំរៀនសូត្រខ្លួនឯងបានល្អផង ទើបមានអនាគត់ល្អប្រសើរបាន។

លោក សុខ លូ បានប្រាប់ដល់ក្មួយទាំងអស់ នៅឲ្យឆ្ងាយពីគ្រឿងញៀន ត្រូវឆ្លើយថាទេ ចំពោះគ្រឿងញៀន ហើយត្រូវតែខិតខំរៀនសូត្រជាចំបង មានការចេះដឹងខ្ពស់ ទើបគ្រួសារល្អ ប្រទេសជាតិ ក៏មានធនធាន មនុស្សច្រើន ប្រទេសយើង ក៏អភិវឌ្ឍកាន់តែលឿន និងសប្បូរបែបផងដែរ៕