(ភ្នំពេញ)៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា បានដឹកនាំកិច្ចប្រជុំគណៈកម្មការជំរុញអនុលោមភាព (Committee on Cooperative Compliance) នៃអនុសញ្ញាអូតាវ៉ា ជាមួយលោកស្រី Yevheniia Filipenko តំណាងអចិន្ត្រៃយ៍ប្រទេសអ៊ុយក្រែនប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ដើម្បីពិភាក្សាអំពីការបោសសម្អាតមីននៅប្រទេសអ៊ុយក្រែន។
ក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ា លោកបណ្ឌិត លី ធុជ បានកោតសរសើរចំពោះការប្តេជ្ញារបស់ប្រទេសអ៊ុយក្រែន ដែលនៅតែបន្តផ្តល់របាយការណ៍អំពីការបោសសម្អាតមីនខ្លួន មកកាន់អនុសញ្ញា និងបានលើកទឹកចិត្តដល់ អ៊ុយក្រែន បន្តផ្តល់ព័ត៌មានជាបន្តបន្ទាប់ ដោយព័ត៌មានទាំងនេះមានសារៈសំខាន់សម្រាប់រដ្ឋភាគី និងភាគីពាក់ព័ន្ធនានា ក្នុងការស្វែងរកវិធីសាស្ត្រ ក្នុងការផ្តល់ជំនួយ និងការគាំទ្រនានា ដល់ប្រទេសអ៊ុយក្រែន ខណៈដែលមានការ រាយការណ៍ថា មានការកើនឡើងនៃការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស នៅក្នុងប្រទេសអ៊ុយក្រែន ដោយសារសង្រ្គាមនាពេលបច្ចុប្បន្ន។
លោកស្រី Yevheniia Filipenko បានកោតសរសើរខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ា រួមទាំងរដ្ឋភាគី និងភាគីពាក់ព័ន្ធផ្សេងទៀត ក្នុងការផ្តល់ការគាំទ្រដល់ប្រទេសអ៊ុយក្រែន ក្នុងការបោសសម្អាតមីនប្រឆាំងមនុស្ស ដើម្បីឱ្យប្រជាជនអ៊ុយក្រែន អាចត្រលប់មករស់នៅបានដូចធម្មតាវិញ។ អ៊ុយក្រែននៅតែបន្តបង្កើនកិច្ចសហប្រតិបត្តិការជាមួយអនុសញ្ញា និងរដ្ឋភាគីនានា ក្នុងការបោសសម្អាតមីន ជាពិសេស ជាមួយកម្ពុជា ព្រោះកម្ពុជា ជាប្រទេសមួយដែលទទួលបានជោគជ័យ និងមានបទពិសោធន៍ និងជំនាញខ្ពស់ ក្នុងវិស័យសកម្មភាពមីន។
ជាចុងក្រោយ លោកបណ្ឌិត លី ធុជ បានគូសបញ្ជាក់ថា កម្ពុជាបានដឹកនាំរៀបចំផែនការសៀមរាប-អង្គរ ដោយយកចិត្តដាក់ខ្ពស់ ដើម្បីធានាថា ផែនការថ្មីនេះមានប្រសិទ្ធភាពខ្ពស់ និងឆ្លើយតបទៅនឹងបញ្ហាប្រឈម ដែលកើតមានឡើង នៅក្នុងការអនុវត្តអនុសញ្ញាអូតាវ៉ា៕