(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួងជាតំណាងរាជរដ្ឋាភិបាល ចូលរួមកិច្ចប្រជុំជាមួយគណៈកម្មការទី៥ នៃរដ្ឋសភា ឬគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ដើម្បីពិនិត្យ «សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃកិច្ចព្រមព្រៀងស្តីពីការទទួលយកបទប្បញ្ញតិ្តបច្ចេកទេសរួមនៃអង្គការសហប្រជាជាតិសម្រាប់យានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ ដែលអាចបំពាក់ និង/ឬ ប្រើប្រាស់ទៅលើយានយន្ត និងលក្ខខណ្ឌសម្រាប់ការទទួលស្គាល់ទៅវិញទៅមកនៃការផ្តល់អនុលោមភាពដោយឈរលើមូលដ្ឋាននៃបទប្បញ្ញតិ្តអង្គការសហប្រជាជាតិ»។
កិច្ចប្រជុំជាមួយគណៈកម្មការទី៥ នៃរដ្ឋសភា បានធ្វើឡើងនាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមកិច្ចដឹកនាំរបស់លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា ព្រមទាំងមានលោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកា នៃគណៈកម្មការជំនាញនៃរដ្ឋសភា។
នាឱកាសនោះលោក ប៉េង ពោធិ៍នា បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដែលបានអនុញ្ញាតឱ្យដាក់បញ្ចូលសេចក្តីព្រាងច្បាប់នេះ ក្នុងរបៀបវារៈកិច្ចប្រជុំរបស់គណៈកម្មការទី៥ នៃរដ្ឋសភា នាថ្ងៃនេះ ដើម្បីពិនិត្យ ពិភាក្សា និងយល់ព្រម មុននឹងបញ្ជូនទៅកិច្ចប្រជុំពេញអង្គនៃរដ្ឋសភា នាពេលខាងមុខ។
លោករដ្ឋមន្ត្រី បានជម្រាបជូនអំពី សាវតារ គោលបំណង និងអត្ថប្រយោជន៍នៃសេចក្តីព្រាងច្បាប់នេះ ព្រមទាំងពន្យល់បំភ្លឺបន្ថែមលើខ្លឹមសារត្រង់ចំណុចមួយចំនួន ឱ្យបានជ្រាបកាន់តែច្បាស់។ ជាលទ្ធផល ឆ្លងកាត់ការពិភាក្សាគ្នាយ៉ាងផុលផុសនារសៀលនេះ បានបង្កលក្ខណៈឱ្យសេចក្តីព្រាងច្បាប់នេះកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងអាចយកទៅអនុវត្តបានដែលនឹងផ្តល់ផលប្រយោជន៍ជាអតិបរមាជូនប្រជាជន និងប្រទេសកម្ពុជា។
គួរបញ្ជាក់ផងដែរថា សេចក្តីព្រាងច្បាប់ដែលបានរៀបចំឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូននេះ ត្រូវបានអនុម័តជាផ្លូវការក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ កន្លងមក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា៕