(ភ្នំពេញ)៖ ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ១៩៩៩ ដោយសហគ្រិនសញ្ជាតិអង់គ្លេស លោក Maximillion Cooper, ព្រឹត្តិការណ៍ Gumball 3000 បានក្លាយជាព្រឹត្តិការណ៍ដ៏មានប្រជាប្រិយភាពកម្រិតពិភពលោក ដែលប្រារព្ធឡើងសម្រាប់ អបអរសាទរទៅលើប្រណីតភាពប្លែកៗរបស់រថយន្តដែលមានសមត្ថភាពខ្លាំងក្លា ក៏ដូចជាតម្លៃខ្ពស់ៗ និងការធ្វើដំណើរផ្សងព្រេង។
* តើ Gumball 3000 មានឥទ្ធិពលខ្លាំងប៉ុនណា?
ជារៀងរាល់ឆ្នាំ ព្រឹត្តិការណ៍ Gumball 3000 បានទាក់ទាញការចូលរួមយ៉ាងកុះករពីតារាល្បីៗ អ្នកមានឥទ្ធិពលក្នុងវិស័យពាណិជ្ជកម្ម និងអ្នកចូលចិត្តរថយន្តមកពីជាង៥០ប្រទេសជុំវិញពិភពលោក។ ការជួបជុំក្នុងព្រឹត្តិការណ៍ Gumball 3000 នេះ មិនមែនធ្វើឡើងសម្រាប់តែការបង្ហាញពីរថយន្តប្រណីត និងល្បឿនរបស់វាប៉ុណ្ណោះទេ តែវាក៏ជាព្រឹត្តិការណ៍ដែលបង្ហាញអំពីវប្បធម៌ និងរបៀបរបបរស់នៅរបស់អ្នកស្រឡាញ់រថយន្តជុំវិញពិភពលោក។
រៀងរាល់ឆ្នាំ ព្រឹត្តិការណ៍ Gumball 3000 តែងតែស្វែងរក និងជ្រើសរើសផ្លូវថ្មីៗសម្រាប់ការធ្វើដំណើររបស់ខ្លួន ហើយផ្លូវដែលបានជ្រើសរើសត្រូវតែជាផ្លូវដែលអាចផ្តល់ឱ្យអ្នកចូលរួមនូវបទពិសោធន៍រំភើប និងឱកាសដ៏អស្ចារ្យ សម្រាប់ការផ្លាស់ប្តូរវប្បធម៌ ក៏ដូចជាស្វែងយល់នូវអ្វីដែលថ្មីៗ។
លើសពីនេះ ព្រឹត្តិការណ៍ Gumball 3000 ក៏បានរួមចំណែកយ៉ាងច្រើនដល់មូលនិធិអង្គការសប្បុរសធម៌ ដោយរៃអង្គាសប្រាក់បានរាប់លានដុល្លារពីអ្នកចូលរួម និងសប្បុរសជនទូទាំងពិភពលោកជាច្រើនឆ្នាំកន្លងមក។
* តើ Gumball 3000 ពាក់ព័ន្ធយ៉ាងណាជាមួយកម្ពុជា?
នៅឆ្នាំ២០២៤នេះ ព្រឹត្តិការណ៍ Gumball 3000 នឹងបង្ហាញវត្តមានរបស់ខ្លួនជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា ដោយនាំមកជូននូវភាពរំភើបរីករាយ និងភាពទាក់ទាញដល់ប្រទេសកម្ពុជា ក៏ដូចជាតំបន់អាស៊ីអាគ្នេយ៍ទាំងមូល ព្រោះព្រឹត្តិការណ៍នេះ នឹងធ្វើដំណើរឆ្លងកាត់ប្រទេសវៀតណាម ប្រទេសកម្ពុជា ប្រទេសថៃ ប្រទេសម៉ាឡេស៉ី ហើយនឹងបញ្ចប់ដំណើររបស់ខ្លួននៅក្នុងប្រទេសសិង្ហបុរី។
ព្រឹត្តិការណ៍ដ៏សំខាន់នេះ នឹងបង្ហាញអំពីតំបន់ទេសចរណ៍ នៃប្រទេសកម្ពុជាទៅកាន់ទស្សនិកជនទូទាំងពិភពលោក ក៏ដូចជាណែនាំអ្នកគាំទ្រថ្មីៗឱ្យមានភាពរំភើបរីករាយក្នុងការចូលរួមធ្វើដំណើរ និងការចូលរួមបរិច្ចាគដល់មូល និធិសប្បុរសធម៌៕