(ភ្នំពេញ)៖ «អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ» ហៅកាត់ថា អ.ដ.ក. គឺជាយន្តការពិសេសមួយដែលរំពឹងថា ជាកម្លាំងចលករជួយជំរុញគោលការណ៍ នៃចក្ខុវិស័យឆ្នាំ២០៣០និង ឆ្នាំ២០៥០របស់រាជរដ្ឋាភិបាលឈានសម្រេចគោលដៅ។
Fresh Exclusive មានសេចក្តីរាយការណ៍តាមដានពិនិត្យមើលយន្តការមួយនេះ ដើម្បីចង់ដឹងថា តើយន្តការ អ.ដ.ក. ក្រោមការដឹកនាំ របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដែល មានសមាសភាពចម្រុះសារុប១១រូប ពីស្ថាប័នផ្សេងៗ អាចជួយជំរុញចក្ខុវិស័យរបស់រាជរដ្ឋាភិបាលបានដែរឬទេ?
ខណៈនយោបាយឈ្នះ-ឈ្នះ គឺជានយោបាយអច្ឆរិយៈមួយក្នុងដំណោះស្រាយចេញពីវិបត្តិ សង្គ្រាមរ៉ាំរ៉ៃ និងបាននាំកម្ពុជា ទទួលនូវខុសសន្តិភាពដ៏ពិតប្រាកដនោះ ក្រសួងយុត្តិធម៌ បានប្រញាប់ដាក់ចេញនូវយន្តការថ្មីមួយក្នុងក្តីរំពឹងថា យន្តការដែលដាក់ចេញនោះ នឹងជួយជំរុញរកយុត្តិធម៌មួយ ដែលជួយគូវិវាទទាំងសងខាង ដើម្បីទទួលបាននូវភាពឈ្នះ-ឈ្នះ រៀងៗខ្លួន។
ជាធម្មតា ការដោះស្រាយរាល់បណ្តឹងទាំងឡាយនៅតុលាការ គេមិនអាចចៀសផុតទេ នូវការសម្រេចសេចក្តី ដែលតម្រូវឱ្យភាគីមួយត្រូវឈ្នះ និងភាគីមួយទៀតត្រូវចាញ់ ដោយចៀសមិនផុតឡើយ។ តាមរយៈការសម្រេចក្តីដោយតុលាការនេះ ភាគីចាញ់ក្តីនីមួយៗតែងរអ៊ូរទាំរៀងៗខ្លួន និងពួកគេជារឿយៗតែងបន្តការប្តឹងទៅសាលាឧទ្ធរណ៍ និងបន្តទៅតុលាការកំពូលថែមទៀត ដោយការចំណាយពេលវេលា និងធនធានប្រាក់កាសអស់ជាច្រើនកាន់តែសន្ធឹកសន្ធាប់។
ប៉ុន្តែបច្ចុប្បន្ននេះគេមានរបៀបថ្មីមួយ ដែលអាចជួយដោះស្រាយវិវាទទាំងសងខាងតាមរយៈរូបភាពឈ្នះ-ឈ្នះ ទាំងសងខាង ដោយមិនតម្រូវឱ្យចំណាយធនធានប្រាក់កាស និងមិនសូវខាតពេលវេលាក្នុងការបន្តពាក្យបណ្តឹង និងក៏មិនចាំបាច់ទៅដល់សាលាក្តីជាច្រើនថ្នាក់នោះដែរ។ វិធីដោះស្រាយមួយនោះ គឺជាយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលគេដាក់ឈ្មោះថា «អាជ្ញាធរជាតិដោះ ស្រាយវិវាទក្រៅប្រព័ន្ធតុលាការ» ហៅកាត់ថា អ.ដ.ក.។
យន្តការនេះ ត្រូវបានបង្កើតឡើង ដែលការសម្រេចតាមរយៈដំណោះស្រាយនោះ គឺប្រសិទ្ធភាពរបស់វា មានអំណាចស្មើនឹងសាលក្រមសម្រេចរបស់តុលាការផងដែរ និងតាមរយៈសេចក្តីសម្រេចរបស់ អ.ដ.ក. ដដែលនោះទៀត ទាំងដើមបណ្តឹងនិងចុងបណ្តឹងសុទ្ធតែបានទទួលនូវភាពឈ្នះ-ឈ្នះរៀងៗខ្លួន។
សម្តេចមហាបវរធិបតី បានថ្លែងបញ្ជាក់ថា យន្តការ អ.ដ.ក គឺជាយន្តការបំពេញបន្ថែមមួយ និងមិនមានលក្ខណៈចាប់បង្ខំឡើយ៖
«អញ្ចឹងគឺកិច្ចការងារនេះសំខាន់ណាស់ ធ្វើយ៉ាងណាកុំឱ្យមានការជាន់គ្នា ត្រួតស៊ីគ្នា នៅក្នុងយន្តការនៃការបង្កើតរបស់យើង ហើយដូចឯកឧត្តម កើត រិទ្ធ បានបញ្ជាក់ហើយ។ អ្វីដែលយើងចន្លោះប្រហោងយើងបំពេញបន្ថែម ដើម្បីពង្រឹងគោលដៅនៅក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ អ្វីដែលមាននៅក្នុងយន្តការដែលមានស្រាប់ក៏សុំពង្រឹងនូវគោលការណ៍សហការជាមួយគ្នា។
កិច្ចការទាំងអស់នេះគឺ តម្រូវដើម្បីផ្តល់នូវជម្រើសបន្ថែមជូនដល់ប្រជាពលរដ្ឋនៅក្នុងការដោះស្រាយបញ្ហា ហើយសូមបញ្ជាក់ថាយន្តការថ្មីនេះ ការអនុវត្តគឺ មិនមែនធ្វើឡើងដើម្បីបង្ខិតបង្ខំប្រជាពលរដ្ឋ ឱ្យទៅប្រើសេវានេះទេ ប៉ុន្តែគឺជាជម្រើសបន្ថែមសម្រាប់ប្រជាពលរដ្ឋរបស់យើង ក្រែងលោមានការបកស្រាយខុសពីហ្នឹងថាបង្កើតហើយមានការចាប់បង្ខំ។
ដោយទី១ មានបញ្ហាត្រូវតែដោះស្រាយ ត្រូវតែឡើងតុលាការ បើអត់ដោះស្រាយ(តាម)តុលា ការត្រូវបង្កើត ត្រូវបង្ខំដោះស្រាយទៅយន្តការនេះ គឺមិនមែនទេ…វាគឺការស្ម័គ្រចិត្តរបស់ប្រជាពលរដ្ឋ។ យើងផ្តល់ភាពស្របច្បាប់ជូនពួកគាត់ ជាជម្រើស ក៏ដូចជាការជួយដោះស្រាយនូវវិវាទ ហើយយើងគ្រាន់តែធ្វើយ៉ាងណាឲ្យមានប្រថាប់ត្រាបន្ថែមនូវការដោះស្រាយក្រៅនេះឱ្យមានភាពទម្ងន់លើផ្លូវច្បាប់…កុំឱ្យសម្របសម្រួលក្រៅផ្លូវការហើយ អត់មានអ្វីបញ្ជាក់ដែល វាអត់មានទម្ងន់ គឺថ្ងៃក្រោយភាគីមិនអាចគោរពគ្នា»។
អ្វីជា អ.ដ.ក.?
ប្រតិភូរាជរដ្ឋាភិបាល ឯកឧត្តម យ៉ម ផារ៉ូត អគ្គលេខាធិការនៃអាជ្ញាធរជាតិដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ បានបញ្ជាក់ប្រាប់ Fresh Exclusive នូវអ្វីជា អ.ដ.ក.៖
«អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលយើងហៅកាត់ថា អ.ដ.ក. នេះត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យចុះថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣។ បើគិតពីការបង្កើតនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការមកដល់ពេលនេះ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានរៀបចំនូវកិច្ចការសំខាន់ៗជាច្រើន ដោយក្នុងនោះគឺទាំងកិច្ចការពាក់ព័ន្ធជាមួយនឹងការដំណើរការនៃស្ថាប័ន ក៏ដូចជាការរៀបចំនូវកិច្ចការសម្រុះសម្រួលដោះស្រាយវិវាទ។
ក្នុងនោះគឺ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានរៀបចំនូវលិខិតបទដ្ឋានគតិយុត្តសំខាន់ៗ សម្រាប់ធានាដល់កិច្ចដំណើរការរបស់ស្ថាប័ននេះចំនួន១០។ ទី២គឺ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានរៀបចំធ្វើការជ្រើសរើស និងបានបណ្តុះបណ្តាលនូវមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទជំនាន់ទី១ ដែលបច្ចុប្បន្នបានចូលបំពេញការងារកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ថ្មីៗនេះបានចំនួន ៨៦រូប។
ចំណុចទី៣ ពាក់ព័ន្ធជាមួយនឹងការដោះស្រាយនូវសំណុំរឿងវិវាទដែល អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបានទទួលគឺ គិតមកដល់បច្ចុប្បន្នក្នុងរយៈពេលជាង២ខែ គិតចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ គឺយើងដោះស្រាយបានជោគជ័យចំនួន ១២ករណី ហើយយើងបានបិទបញ្ចប់ដោយសារតែភាគីមិនព្រមព្រៀងចំនួន៤ករណី ហើយយើងបានលើកចោលដោយសារជាបណ្តឹងមិនស្ថិតក្នុងសមត្ថកិច្ចអាជ្ញាធរជាតិចំនួន៤ករណី»។
ព្រះរាជក្រឹត្យបង្កើត អ.ដ.ក. ដែលមាន៦ជំពូក និង២២មាត្រា មានសមាជិកជាថ្នាក់ដឹកនាំ១១ រូប ដឹកនាំដោយឧបនាយករដ្ឋមន្ត្រីឯកឧត្តម កើត រិទ្ធ ដែលជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ សមាសភាពនៃជួរថ្នាក់ដឹកនាំអ.ដ.ក. រួមមានរដ្ឋមន្ត្រីក្រសួងអធិការកិច្ច, រដ្ឋលេខាធិការក្រសួងមហាផ្ទៃ, រដ្ឋលេខាធិការក្រសួងយុត្តិធម៌, តំណាងទីស្តីការគណៈរដ្ឋមន្ត្រី, ក្រសួងពាណិជ្ជកម្ម, ក្រសួងកិច្ចការនារី, ក្រសួងធម្មការនិងសាសនា, តំណាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា, តំណាងក្រុមប្រឹក្សានីតិកម្មនិងយុត្តិធម៌នៃក្រសួងយុត្តិធម៌ និងអគ្គលេខាធិការដ្ឋានដ្ឋាន អ.ដ.ក.។
ហេតុអ្វី កម្ពុជាត្រូវបង្កើតយន្តការ អ.ដ.ក.
អ.ដ.ក. ត្រូវបានបង្កើតឡើងដើម្បីបំពេញបន្ថែមឱ្យយន្តការដែលមានស្រាប់ និងជាការជួយសម្រាលបន្ទុកកិច្ចការខ្លះចំពោះអ្នកវិវាទទាំងឡាយដែលចង់ស្វែងរកដំណោះស្រាយតាមរយៈភាពឈ្នះ-ឈ្នះ ទាំងសងខាង។
សម្តេចតេជោ ហ៊ុន សែន ក្នុងពេលដែលស្ថិតក្នុងតំណែងជានាយករដ្ឋមន្ត្រី បានថ្លែងនៅខែមិថុនា ឆ្នាំ២០២៣ លើកទឹកចិត្ត ឱ្យមានការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ ដែលសម្តេចបានចាត់ទុកថា ជាវិធីសម្របសម្រួលមួយ ជួយផ្តល់ហេតុផលឈ្នះ-ឈ្នះ ទាំងសងខាង៖
«រឿងអនុវត្តច្បាប់គឺ អនុវត្តហើយ ប៉ុន្តែសូមកុំភ្លេចការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ សូមកុំភ្លេចនូវកន្លែងនេះ, ព្រោះនេះជាផ្នែកមួយនៃការដោះស្រាយដោយការយោគយល់គ្នា ហើយស្ថិតក្នុងស្ថានភាពឈ្នះៗ។ បើចូលតាមផ្លូវតុលាការតុលាការ មិនដែលកាត់ឱ្យស្មើទេ តែងតែមានអ្នកឈ្នះ និងមានអ្នកចាញ់ យើងបន្ទោសតុលាការអត់បានទេ ព្រោះអ្នកឈ្នះថា តុលាការយុត្តិធម៌ អ្នកចាញ់ថាតុលាការអយុត្តិធម៌ អញ្ចឹងទេគឺយើងស្ថិតនៅក្នុងមាត់ដង្កាប់ ចៅក្រមរបស់យើងត្រូវស្ថិតនៅក្នុងមាត់ដង្កាប់ អ្នកចាញ់ថាអយុត្តិធម៌ណាស់ អ្នកឈ្នះថាយុត្តិធម៌ ហើយបើសិនជា នេះឈ្នះលើសាលាដំបូង ដល់តែនៅសាលាឧទ្ធរណ៍គេកាត់អ្នកដែលឈ្នះនៅសាលាដំបូង ទៅជាចាញ់វិញ អញ្ចឹងអ្នកហ្នឹងស្រែកថាអយុត្តិធម៌ ដល់តែទៅតុលាការកំពូល អ្នកហ្នឹងបែរជាឈ្នះ អញ្ចឹងគាត់ថាសាលាដំបូង និងសាលាកំពូល គឺយុត្តិធម៌ អយុត្តិធម៌នៅឧទ្ធរណ៍។ អញ្ចឹងរូបមន្តដោះស្រាយបញ្ហានៅក្នុងប្រទេស របស់យើងគឺ ប្រើប្រាស់វិធីសាស្រ្ត ដើម្បីធ្វើការសម្របសម្រួលការវិវាទគឺជារឿងល្អ គឺជារឿងល្អ»។
យន្តការអ.ដ.ក គឺជាយន្តការមួយដែលគេចាត់ទុកថា ជាការកាន់តែបង្ខិតការដោះស្រាយវិវាទ ដែលមានភាពងាយស្រួល និងឆាប់រហ័ស និងប្រសិទ្ធភាពខ្ពស់ឱ្យកាន់តែកៀកជិតនឹងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជួយកាត់បន្ថយការចំណាយ និងពេលវេលាក្នុងការដោះស្រាយ ដោយមិនទុកឱ្យទំនាស់រ៉ាំរ៉ៃឡើយ។ ការបង្កើតអ.ដ.ក. គឺជាការផ្តល់យន្តការមួយ ដែលធានានូវបរិយាកាសសន្តិភាពនិយម និងសុខដុមរមនាក្នុងសង្គមតាមរយៈភាពដោះស្រាយនូវការឈ្នះ-ឈ្នះ ទាំងអស់គ្នា។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងនៅក្នុងចំណុចនេះបញ្ជាក់ទៀតថា យន្តការ អ.ដ.ក. បានជួយជាខ្លាំងណាស់ លើការកកស្ទះសំណុំរឿងនៅតាមតុលាការ៖
«លក្ខណ:ពិសេសរបស់យន្តការនេះ គឺរួមចំណែកកាត់បន្ថយការកកស្ទះសំណុំរឿង នៅតាមតុលាការ ព្រោះទំនាស់ដែលដោះស្រាយរួចហើយនៅក្នុងក្របខណ្ឌអាជ្ញាធរថ្មីនេះ ត្រូវចាត់ទុកដាដោះស្រាយរួចរាល់ជាស្ថាពរដោយមិនបាច់ប្តឹងទៅតុលាការ ព្រោះកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដោយអាជ្ញាធរនេះ មានអានុភាពអនុវត្តន៍ដូចសាលក្រមស្ថាពររបស់តុលាការនេះគឺ លក្ខណ:ពិសេសរបស់វា។
ដោះស្រាយពីមុន ជួនការហៅ អ៊ុំ ពូ មីង និយាយគ្នាត្រឹមត្រូវហើយចេញទៅអត់គោរព ចេញទៅអត់ព្រមស្តាប់គ្នា ទៅតវ៉ាគ្នាដដែល ព្រោះយើងចាហ្វាយស្រុក ផ្តិតមេដៃ គាត់ទៅគាត់ខំប្រឹងសម្រួបសម្រួល មេស្រុកថាថ្ងៃនេះបានចប់ហើយស្រាប់តែម៉ោង១២ យប់គេទូរស័ព្ទមកបងអើយគេកែចិត្តទៀតហើយ។ អស់លែងចេញទៀត អញ្ចឹងដើម្បីប្រថាប់ត្រាកន្លងទៅទាល់ទៅតុលាការចេញសាលក្រម។
ឥឡូងដំណោះស្រាយថ្មីនេះ គឺអ្វីដែលបងប្អូនអាចពឹងផ្អែកដូចមុនគឺថា តាមការស្មាគ្រចិត្តដោះស្រាយក្រៅប្រព័ន្ធតុលាការ តែពេលដែលកិច្ចព្រមព្រៀងនេះហើយ គឺត្រូវចេញមកហើយ មានទម្រង់ដូចសាលក្រម បានន័យថា ភាគីទាំងសងខាងលែងក្រឡាច់បានទៀតហើយ និងគឺជាអ្វីដែលជាផលសម្រាប់បងប្អូននេះ។
នេះជាលក្ខណ:ពិសេស ហើយយើងដោះនេះបាន និងជួយបងប្អូន ហើយខ្ញុំថាមិនបង្ខិតបង្ខំទេ គឺធ្វើយ៉ាងណា ខ្ញុំបានឱ្យឯកឧត្តម កើត រិទ្ធិ ប្រធានអាជ្ញាធរនេះ គោលការណ៍សំខាន់អ្វីដែលយើងបង្កើតគឺ ត្រូវផ្សព្វផ្សាយហើយបង្ហាញឱ្យប្រជាពលរដ្ឋ ឱ្យឃើញនូវផលប្រយោជន៍ឱ្យគាត់ប្រើប្រាស់ដើម្បីចូលក្នុងការដោះស្រាយរឿងយុត្តិធម៌នេះហើយគឺជាអ្វី គោលដៅនៃការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ»។
សេចក្តីរាយការណ៍មុននេះ បានបង្ហាញថា ក្នុងមួយឆ្នាំៗ មានសំណុំរឿងប្រមាណយ៉ាងហោចដល់ទៅមួយម៉ឺនសំណុំរឿងបានកកស្ទះ នៅតាមសាលាដំបូងរាជធានីខេត្ត ហើយភាគច្រើន គឺជាសំណុំរឿងពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន។
ក្នុងមួយឆ្នាំៗនោះទៀត ក៏មានសំណុំរឿងជាង ១ម៉ឺនសំណុំរឿង ត្រូវបានយកទៅជំនុំជម្រះនៅសាលាដំបូងរាជធានីខេត្ត ផងដែរ។ រីឯចំនួនអ្នកជាប់ពន្ធនាគារ នៅទូទាំងប្រទេស ក៏មានសរុបដល់ច្រើនម៉ឺននាក់ថែមទៀត។ ដូច្នេះហើយ នៅមុនការបង្កើតយន្តការអ.ដ.ក., ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិ ធម៌ឯកឧត្តម កើត រិទ្ធ ត្រូវគេឃើញបានដាក់ចេញយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង តាមបណ្តាខេត្ត និងរាជធានី ដែលចាប់ផ្តើមពេលនោះតាំងពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០មក និងទីបំផុតដើម្បីជំរុញការដោះស្រាយវិវាទទាំងនោះ ឱ្យកាន់តែមានសន្ទុះលឿនថែមទៀតនោះ យន្តការអ.ដ.ក. ក៏បានលេចចេញជារូបរាងឡើង។
អ.ដ.ក. ដែលមានព្រះរាជក្រឹត្យបង្កើតចុះថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ទើបបានដំណើរការជាក់ស្តែងលើកដំបូងរបស់ខ្លួននៅក្នុងខែកក្កដា ឆ្នាំ២០២៤នោះមកទេ ដោយសារត្រូវរៀបចំបែបបទតាមនីតិវិធីជាច្រើន ដើម្បីការប្រាកដប្រជាថា ការចេញដំណើររបស់ អ.ដ.ក. នឹងមិនមានភាពអសកម្ម ឬ ភ្លាំងភ្លាត់អ្វីណាមួយកើតឡើងឡើយ។
បច្ចុប្បន្ន ទីកន្លែងដែល អ.ដ.ក. ទទួលពាក្យបណ្តឹងទើបមានមួយកន្លែងតែប៉ុណ្ណោះ ដែលមានទីតាំងស្ថិតនៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា នៅក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ការពង្រីកទីតាំង ត្រូវគេរំពឹងថា នឹងមានជាបន្តបន្ទាប់នៅតាមបណ្តាខេត្ត ជាពិសេសខេត្តដាច់ស្រយាលនាភាគឦសានប្រទេស។
មន្ត្រីក្រសួងយុត្តិធម៌បានថ្លែងថា គិតតាំងពីខែមីនា ឆ្នាំ២០២៤ មកដល់សប្តាហ៍ទី២ ខែកញ្ញា ឆ្នាំដដែលនេះ ការទទួលពាក្យបណ្តឹងទើបនឹងបានជាង២០០តែប៉ុណ្ណោះ ខណៈការចាប់ផ្តើមអនុវត្តការងារទើបបានប្រមាណតែជាង២ខែប៉ុណ្ណោះ ចាប់តាំងពីខែកក្កដា ដោយបណ្តឹងដែល អ.ដ.ក. ជួយសម្រុះសម្រួល បានធ្វើឱ្យមានការសះជា បានយ៉ាងហោចចំនួនជាង១០ករណី រួចមកហើយ។
Fresh Exclusive បានធ្វើដំណើរចូលក្នុងបរិវេណបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងបានជួបជាមួយអគ្គលេខាធិការរងនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ លោក លាវ ពិសិដ្ឋ ដែលស្ថិតក្នុងអគារកំពស់បីជាន់ដាក់ឈ្មោះថា «អគាររដ្ឋបាលពហុបំណងនៃវិស័យយុត្តិធម៌»៖ «ជាការពិតទៅ នៅទីនេះ ជាជំហ៊ានដំបូងគាត់ត្រូវអញ្ជើញមកដើម្បីដាក់ពាក្យបណ្តឹងសិន បន្ទាប់មកយើងនឹង បន្តនូវនីតិវិធីក្នុងការសម្របសម្រួលផ្សះផ្សាវិវាទជូនពួកគាត់ដោយ ត្រូវអញ្ជើញគាត់មកផ្តល់នូវអំណះអំណាងបន្ថែម ហើយនឹងអាចជួបភាគីទាំងពីរដើម្បីសម្រុះសម្រួលផ្សះផ្សា»។
អគារពហុបំណង ដែលបែងចែកជាច្រើនបន្ទប់ រួមមានបន្ទប់នៃក្រុមមន្ត្រីសម្រុះសម្រួល និងបន្ទប់ពិភាក្សារវាងគូវិវាទ ត្រូវបានរៀបចំឡើង ដោយបំពាក់ជាមួយម៉ាស៊ីនត្រជាក់ និងមានការដាក់តុវែងនៅកណ្តាល ជាមួយនឹងកៅអីជាច្រើន នៅសងខាងតុពិភាក្សា។
មន្ត្រីសម្រុះសម្រួលម្នាក់លោកស្រី រាជ ច័ន្ទថេង បានថ្លែងប្រាប់ Fresh Exclusive នៅក្នុងបន្ទប់ដ៏ធំមួយ ដែលរៀបចំសម្រាប់តែក្រុមមន្ត្រីសម្រុះសម្រួលធ្វើការនៅជុំគ្នា និងពិភាក្សាអំពីរឿងការស្វែងរកវិធីដោះសា្រយវិវាទឱ្យមានប្រសិទ្ធភាព៖ «នាងខ្ញុំកំពុងធ្វើការសិក្សាសុំណុំរឿង និងធ្វើការត្រៀមក្នុងការប្រមូលព័ត៌មានពីភាគីដែលគាត់ស្នើសុំមកខាងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការយើងនេះ។ សំណុំរឿងដែលខ្ញុំកាន់នៅក្នុងដៃ សព្វថ្ងៃដែលខាងអគ្គលេខាធ្វើការចាត់តាំងមកនេះ គឺមានទាំងសុំណុំរឿងដីធ្លី ក៏ដូចជាសុំណុំរឿងដែលខ្ញុំត្រូវត្រៀម នឹងជួបភាគីដើម្បីប្រមូលព័ត៌មាននេះទាក់ទងទៅនឹងបញ្ហាចរាចរណ៍ ប៉ុន្តែទាក់ទងទៅនឹងសំណងរដ្ឋប្បវេណី។
សម្រាប់ការងារនៅទៅនេះគឺយើងធ្វើជាក្រុម ដោយខាងអគ្គលេខាគាត់ធ្វើការចាត់តាំង ដោយមួយក្រុមមានបីនាក់ ប៉ុន្តែការកាន់កាប់សុំណុំរឿង គឺយើងធ្វើដោយរៀងៗខ្លួន តែយើងធ្វើការសហការគ្នាក្នុងក្រុមតែមួយ កាលដែលយើងសិក្សាសុំណុំរឿងមានរឿងខ្លះក៏មានភាពស្មុគស្មាញ រឿងខ្លះក៏មិនមានភាពស្មុគស្មាញតាមស្ថានភពជាក់ស្តែងនៃរឿងនីមួយៗ»។
នៅថ្ងៃដែល Fresh Exclusive បានចុះទៅយកព័ត៌មាននោះ លោកស្រី រាជ ច័ន្ទថេង កំពុងត្រៀមឯកសារ ដើម្បីការជួយដោះស្រាយភាពវិវាទមួយ ទាក់ទងលើបណ្តឹងទាមទារសំណងពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលកើតឡើងនៅក្នុងខេត្តកំពង់ឆ្នាំង។
Fresh Exclusive បានសាកសួរដល់ស្ត្រីដាក់ពាក្យបណ្តឹងម្នាក់ឈ្មោះ ពៅ សៀត ដែលបានប្រាប់មកអ្នកយកព័ត៌មានវិញយ៉ាងនេះ៖ «ខ្ញុំដូចថា កើតទុក្ខមិនសុខចិត្តដែលមានរឿងគ្រោះថ្នាក់ចរាចរណ៍មួយ ដែលម៉ូតូនឹងជិះមកបុកពីខាងក្រោយគូថគោយន្តរបស់បងប្រុសខ្ញុំទេ មិនមែនរឿងខ្ញុំទេបង គឺបងប្រុសខ្ញុំ ហើយសំណងនិយាយគ្នារួចរាល់អស់ហើយតែប៉ូលីសនឹងស្អែកឡើងបានចាប់ដាក់គុកតែម្តង។ ទៅតុលាការរកមេធាវីដែរ តែគេដូចមិនគិតគូរពីបងប្រុសខ្ញុំផង ៥ខែហើយតាំងពីចាប់មកដល់ថ្ងៃនឹង៥ខែហើយអត់មានគិតគូរអ្វីផង»។
ស្ត្រីដែលតំណាងដើមបណ្តឹងបានថ្លែងថា គាត់មានជំនឿថា «អាជ្ញាធរជាតិដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ» នឹងអាចជួយរកយុត្តិធម៌ដល់ករណីនេះ ដោយសារតែអ្នកស្រីមើលឃើញថា ខណៈពេលដែលតុលាការខេត្ត មិនបានអើពើអ្វីដល់រឿងបណ្តឹងរបស់លោកស្រីអស់រយៈពេលប្រមាណ៥ខែរួចមកហើយនោះ គឺមានតែ «អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ» នេះទេ ដែលបានស្ទុះស្ទារ មកជួយសម្រុះសម្រួលរកយុត្តិធម៌ក្នុងពេលនេះ បន្ទាប់ពីលោកស្រី និងក្រុមគ្រួសារ ទើបតែបានដាក់ពាក្យរកការធ្វើអន្តរាគមន៍ក្នុងរយៈពេលមិនដល់កន្លះខែផងមកនេះ៖
«អញ្ចឹងទៅតុលាការ អត់មានកាត់ទោសអត់មានអ្វី អត់មានកោះហៅអ្វីសោះ ស្ងាត់ឈឹងតែម្តង ខ្ញុំគិតថាជំនឿហើយបង មានជំនឿពិតប្រាកដហើយបានមកដល់នឹងចាសជួយប្រជាពលរដ្ឋស្លូតត្រង់។ ដាក់ពីថ្ងៃទី២៧ ខែសីហា រហូតមកដល់ថ្ងៃនេះទើបមកដល់ទីនេះតែម្តង អញ្ចឹងខ្លីតែប៉ុន្មានថ្ងៃមកដល់ខ្ញុំជឿជាក់អញ្ចឹង រឹតតែអរទៀតហើយបងបានជួយពន្លឿនទៀត»។
រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ ដែលតម្រូវឱ្យស្ថាប័នរបស់ជាតិ ត្រូវមានភាពច្បាស់លាស់ ឬ ការដាក់ចេញនូវគោលការណ៍ និងផែនការណ៍ ប្រកបដោយសង្គតិភាពរៀងៗខ្លួន ក្នុងនោះការរួមមានគម្រោងអូសទាញវិនិយោគិននានាដើម្បីជួយបង្កើនមុខរបរ និងការងារដល់ប្រជាពលរដ្ឋ ក្នុងប្រយោជន៍បង្កើននូវប្រាក់ចំណូលកាន់តែខ្ពស់។
ប៉ុន្តែប្រសិនណាបើកម្ពុជា បន្តប្រឈមនឹងវិបត្តិទំនាស់លើបញ្ហាក្នុងសង្គម ដូចជាបញ្ហាដីធ្លី និងបញ្ហាមួយចំនួនដែលគ្មានភាពយុត្តិធម៌ច្បាស់លាស់ នោះគឺច្បាស់ណាស់ដែលអ្នករកស៊ី វិនិយោគធំៗ នឹងមិនចូលមកបណ្តាក់ទុនក្នុងប្រទេសកម្ពុជាឡើយ និងបើសិនជាមិនមានអ្នក វិនិយោគគ្រប់គ្រាន់ ចូលមកបណ្តាក់ទុន ដោយសារក្តីបារម្ភនឹងចំណោទដោះស្រាយលើបញ្ហាយុត្តិធម៌នោះ ចក្ខុវិស័យឆ្នាំ២០៣០ ដែលចង់ឱ្យកម្ពុជាបានក្លាយជាប្រទេសដែលមានចំណូល មធ្យមកម្រិតខ្ពស់ និងចក្ខុវិស័យឆ្នាំ២០៥០ក្លាយ ជាប្រទេសមានចំណូលខ្ពស់ នឹងមិនអាចសម្រេចបានឡើយ។
រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បណ្ឌិត ជិន ម៉ាលីន អនុប្រធាន អ.ដ.ក. បានពន្យល់បញ្ជាក់នូវ ចក្ខុវិស័យរបស់យន្តការដ៏សំខាន់មួយនេះក្នុងការជួយរាជរដ្ឋាភិបាលសម្រេចចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០៖ «ការបង្កើត អ.ដ.ក. នេះគឺនឹងចូលរួមចំណែកក្នុងការសម្រេចនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងឆ្នាំ២០៣០, ២០៥០ ដែលមកដល់នៅពេលខាងមុខក្នុងពេលឆាប់ៗនេះ។
អញ្ចឹងចក្ខុវិស័យ ពាក់ព័ន្ធដល់ការអភិវឌ្ឍប្រទេសជាតិ សង្គមជាតិ ហើយការអភិវឌ្ឃត្រូវការការគាំទ្រពី គ្រប់កោសិការនៃសង្គមជាពិសេសគឺ ប្រព័ន្ធយុត្តិធម៌ក៏ដូចជាប្រជាពលរដ្ឋនោះក៏ដូចជាសសរស្តម្ភមួយ ដែលធំណាស់ក្នុងការទ្រទ្រង់នូវការអភិវឌ្ឍរបស់ប្រទេសជាតិមួយ។
អញ្ចឹងការកែទម្រង់ប្រព័ន្ធយុត្តិធម៌នេះ គឺរួមចំណែកក្នុងការលើកកម្ពស់នីតិរដ្ឋ ដែលជាសសរស្តម្ភធំមួយក្នុងការអភិវឌ្ឍប្រទេសជាតិ ដើម្បីសម្រេចបានចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០។ ហើយការកែទម្រង់ប្រព័ន្ធយុត្តិធម៌នីតិកាលទី៧នេះ ដូចខ្ញុំបានជម្រាបរួចមកហើយ គឺផ្តោតទៅលើសសរស្តម្ភធំពីរ។
ទី១ គឺការកែទម្រង់ប្រព័ន្ធតុលាការ មានន័យថាការដោះស្រាយវិវាទនៅក្នុងប្រព័ន្ធតុលាការ។ សសរស្តម្ភមួយទៀត គឺការកែទម្រង់ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ អញ្ចឹងសសរស្តម្ភទាំងពីរនេះ គឺជាមូលដ្ឋានគ្រឹះនៃការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ហើយដូចយើងដឹងស្រាប់ហើយ គឺថាការបង្កើត អ.ដ.ក. នេះ គឺវាដើម្បីជួយដល់ប្រជាពលរដ្ឋដោះស្រាយបញ្ហា ពាក់ព័ន្ធជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាពិសេស គឺប្រជាពលរដ្ឋនៅមូលដ្ឋានតែម្តង»។
យោងតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលថ្មីអាណ្ណត្តិទី៧ របស់រដ្ឋសភា ក្នុងចំណោមកិច្ចការអាទិភាពចំនួន៥ នៃស្នូលយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល អាទិភាពទី៤ គឺ «ការលើកកម្ពស់ និងការពង្រឹងប្រសិទ្ធភាពនៃច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដែលមានគោលដៅយុទ្ធសាស្ត្រ ផ្តោតលើការពង្រឹងគោលការណ៍នីតិរដ្ឋ ការពង្រឹងការប្រយុទ្ធប្រឆាំងអំពើបំពានដោយអយុត្តិធម៌ក្នុងសង្គម និងការពង្រឹងជំនឿទុកចិត្តពីសាធារណជនមកលើវិស័យយុត្តិធម៌៖
«ក្នុងនីតិកាលទី៧ នេះគឺរាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ហើយនៅក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១នេះ គឺថាការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌នៅតែជាជ្រុងមួយបង្កើតបានជាស្នូលនៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១។
បន្ថែមពីលើយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១នេះ គឺរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការ គន្លឹះរហូតដល់ប្រាំ ហើយវិធានការគន្លឹះទាំងប្រាំនេះគឺថា ព័ន្ធនិងជីវភាពរស់នៅប្រចាំថ្ងៃ ផលប្រយោជន៍ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋនៅមូលដ្ឋានតែម្តង ទាំងរឿងសុខាភិបាល ទាំងរឿងអប់រំ ទាំងសន្តិសុខសង្គម ទាំងរឿងរដ្ឋបាល។
យន្តការគន្លឹះទី៥ គឺយុត្តិធម៌នេះគឺថាមានការងារបី ដែលរាជរដ្ឋាភិបាលណែនាំឱ្យក្រសួងយុត្តិធម៌ ត្រូវអនុវត្តន៍ឱ្យចេញជាលទ្ធផលជាក់ស្តែងនៅក្នុងនីតិកាលទី៧នេះ។ ទី១គឺការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ទី២គឺការជម្រុញលើដោះស្រាយក្តីនៅតាមតុលាការ ទី៣គឺការត្រួតពិនិត្យដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។ អញ្ចឹងទេការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះគឺជា សកម្មភាព ការងារមួយនៅក្នុងវិធានការគន្លឹះទី៥ ពាក់ព័ន្ធទៅនឹងប្រព័ន្ធយុត្តិធម៌ហើយ និងពាក់ព័ន្ធដោយផ្ទាល់ទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ»។
ហេតុដូច្នេះហើយ យន្តការថ្នាក់ជាតិ អ.ដ.ក. គឺជាផ្នែកមួយនៃការជួយជំរុញចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០ ឱ្យធ្វើដំណើរតាមគន្លងដ៏ត្រឹមត្រូវរៀបចំទុកដោយរាជរដ្ឋាភិបាល។ អគ្គលេខាធិការរងនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ លោក លាវ ពិសិដ្ឋ បានថ្លែងបញ្ជាក់នូវភាពចាំបាច់ ៧ចំណុច ដែលគេគួរដឹងអំពី អ.ដ.ក.៖
«ខ្ញុំសូមបញ្ជាក់ផងដែរថានៅក្នុង អ.ដ.ក. របស់យើងនេះមាន ៧ចំណុចសំខាន់ៗ ដែលយើងគួរតែដឹងដែរខ្ញុំចង់ចែករំលែកដល់សាធារណៈជន ទី១ គឺ អ.ដ.ក. គឺជាយន្តការមួយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលជាយន្តការបំពេញបន្ថែមទៅលើយន្តការដែលមានស្រាប់ បានន័យថាយន្តការរបស់យើងមិនលប់បំបាត់យន្តការផ្សេងទេ។ យើងចង់ផ្តល់នូវជម្រើសជូនសាធារណៈជន ក៏ដូចជាប្រជាពលរដ្ឋរបស់យើងក្នុងការប្រើប្រាស់សេវាដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ។
ចំណុចទី២ ដែលគួរតែចាប់អារម្មណ៏ដែរនោះ គឺថាការដាក់ពាក្យបណ្តឹង និងការដោះស្រាយវិវាទនៅទីនេះគឺមិនតម្រូវឱ្យបង់ប្រាក់ទេដូចបងបានលើកឡើងអញ្ចឹងនៅទីនេះគឺយើងអត់គិតសេវាទេ ប្រជាជន ឬ សាធារណៈជនអាចដាក់ពាក្យបណ្តឹងនៅទីនេះបាន។
ចំណុចទី៣ គឺការដាក់ពាក្យបណ្តឹងមក អ.ដ.ក. យើងនេះគឺមានភាពងាយស្រួល និងមិនស្មុគស្មាញទេ ហើយយើងតែងតែជួយសម្របសម្រួល ក្នុងការពិនិត្យពាក្យបណ្តឹងរបស់គាត់ជួយឱ្យគាត់ធ្វើយ៉ាងម៉េចមានភាពងាយស្រួលក្នុងការប្រើប្រាស់សេវារបស់យើងនៅទីនេះ។
ចំណុចទី៤ ខ្ញុំសូមបញ្ជាក់ផងដែរថា ចំពោះនីតិវិធីនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅទីនេះគឺមានលក្ខណៈសាមញ្ញ និងឆាប់រហ័ស យើងផ្តល់ភាពសាមញ្ញហើយ និងភាពឆាប់រហ័សតាមដែរអាចធ្វើទៅបានជូនសាធារណៈជន។
ចំណុចទី៥ អំពីសមត្ថកិច្ចនៃការដោះស្រាយវិវាទរបស់ អ.ដ.ក. យើង គឺយើងធ្វើទៅលើគ្រប់វិវាទរដ្ឋប្បវេណី វិវាទពាណិជ្ជកម្ម និងវិវាទដទៃទៀតដែរច្បាប់អនុញ្ញាត។
ចំណុចទី៦ អ្វីដែរជាគោលដៅសំខាន់ ដែលជាចំណុចសំខាន់របស់យើងផងដែរនោះ គឺការដោះស្រាយវិវាទរបស់យើងគឺផ្តើមចេញពីឆន្ទះរបស់ភាគីផ្ទាល់តែម្តងដូចខ្ញុំបានជម្រាបពីខាងដើមអញ្ចឹងថា គឺជាការស្ម័គ្រចិត្ត របស់គូរភាគីអត់មានការបង្ខិតបង្ខំឫក៏មានការសម្រេចសេចក្តីជំនួសគូរភាគីបានទេ ហើយអ្វីដែរជាចំណុចពិសេសនៅក្នុងយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការរបស់ អ.ដ.ក. យើងនេះគឺជាចំណុចមួយដែលយន្តផ្សេងៗទៀតអត់មាន ហើយយើងកំពុងតែជួយធ្វើយ៉ាងម៉េចឱ្យយន្តការផ្សេងៗទៀតអាចប្រើប្រាស់នូវចំណុចទី៧ របស់យើងផងដែរ គឺថាកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែរធ្វើឡើងដោយ អ.ដ.ក. នៅទីនេះគឺមានអនុភាពអនុវត្តន៍ដូចសាលក្រមស្ថាពររបស់តុលារការ។
អញ្ចឹងចំណុចនេះហើយដែរបានធ្វើឱ្យយើងទាំងអស់គ្នាកំពុងតែធ្វើការសហការជាមួយនឹងអាជ្ញាធរដែនដីក៏ដូចជាយន្តការផ្សេងៗទៀតនៅក្នុងការដោះស្រាយវិវាទ គាត់អាចធ្ចើការសម្របសម្រួលផ្សះផ្សារវិវាទហើយគាត់អាចបញ្ជូនមកយើងដើម្បីយើងពិនិត្យសុពលភាព និងចេញជាកំណត់ហេតុមួយដែលមានតម្លៃអនុភាពអនុវត្តន៍ដូចនឹងសាលក្រមស្ថាពរផងដែរ»។
យោងតាមការរៀបរាប់មកនេះ ចំណុចពិសេសធំចំនួន៣ គឺបែបបទនីតិវិធីនៃការសម្រុះ សម្រួលដោះស្រាយវិវាទ គឺមានលក្ខណៈសាមញ្ញនិងឆាប់រហ័ស យន្តការដោះស្រាយគឺ ផ្អែកទៅលើគូភាគីវិវាទទាំង២ ដោយគ្មានការបង្ខិតបង្ខំ ចាប់តាំងពីដំណាក់កាលនៃការដាក់ពាក្យ រហូតដល់ដំណាក់កាលនៃការបិទបញ្ចប់សំណុំរឿង និងចំណុចពិសេសចុងក្រោយគឺ នៅពេលដែលគូវិវាទទាំង២ បានឈានដល់ភាពសះជារវាងគ្នា និងគ្នា មន្ត្រីសម្រុះសម្រួលរបស់ អ.ដ.ក. នឹងរៀបចំចេញជាកំណត់ហេតុលើការព្រមព្រៀងបញ្ចប់វិវាទទាំងសងខាង ដែលកំណត់ហេតុនោះមានអានុភាពស្មើនឹងសាលក្រមស្ថាពររបស់តុលាការ។
មន្ត្រីក្រសួងយុត្តិធម៌បានថ្លែងថា ក្នុងករណីដែលគូវិវាទទាំង២ មិនព្រមសះជាគ្នាយោងតាមការដោះស្រាយរបស់ អ.ដ.ក. គឺពួកគេអាចមានសេរីភាពក្នុងការជ្រើសយកយន្តការផ្សេងដទៃទៀត ដែលពួកគាត់គិតថានឹងអាចបញ្ចប់នូវវិវាទរបស់គាត់ ដូចជាការដាក់ពាក្យបណ្តឹងទៅតុលាការជាដើម។
បើតាមឯកឧត្តម យ៉ម ផារ៉ូត ចំណុចពិសេសមួយរបស់ អ.ដ.ក. គឺបើទោះបីជាសំណុំរឿងនោះកំពុងស្ថិតក្នុងដំណើរការរបស់តុលាការក៏ដោយ ក៏គូភាគីទាំង២អាចស្នើសុំយកមកដោះស្រាយក្នុងរង្វង់ អ.ដ.ក. ផងដែរ៖
«ចំណុចពិសេសមួយរបស់ស្ថាប័ន អ.ដ.ក. របស់យើងនេះ គឺថាទោះបីសំណុំរឿងនេះកំពុងស្ថិតតនៅក្នុងចំណាត់ការរបស់តុលាការក៏ដោយ ក៏គូរភាគីអាចស្នើសុំឱ្យ អ.ដ.ក. ធ្វើការសម្របសម្រួលបានផងដែរ។
សូមបញ្ចាក់ជូនថា ក្នុងករណីដែលគូភាគី លោកបានសះជា ហើយមន្ត្រីសម្រុបសម្រួលដោះសា្រយវិវាទរបស់យើង បានចេញជាកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទហើយ កំណត់ហេតុនោះមានអានុភាព អនុវត្តន៍ដូចសាលក្រមស្ថាពរ មានន័យថាគូភាគីត្រូវតែអនុវត្តន៍ ដោយមិនអាចផ្លាស់ប្តូរនូវ ដោយមិនអាចបដិសេធន៍មិនអនុវត្តន៍តាមអ្វីដែលបានព្រមព្រៀងនោះទេ នេះគឺជាចំណុចពិសេសមួយនៅក្នុងការដោះស្រាយវិវាទនៅក្នុង អ.ដ.ក.»។
ឯកឧត្តម យ៉ម ផារ៉ូត នៅបានលើកឡើងជុំវិញការដោះស្រាយតាមរយៈយន្តការ អ.ដ.ក. កន្លងមកនេះក្នុងរឿងបណ្តឹងមួយពាក់ព័ន្ធនឹងការខ្ចីប្រាក់ ហើយគូភាគីបានប្តឹងផ្តល់គ្នាទៅដល់តុលាការ រហូតមានការចេញសាលក្រមស្ថាពររបស់តុលាការ និងឈានដល់ដំណាក់កាលការអនុវត្តថែមទៀត ប៉ុន្តែជម្លោះនោះ នៅតែមិនអាចសះជាបាន បើទោះបីជាមានសាលក្រមស្ថាពរពីតុលាការក៏ដោយ នោះគឺភាគីចាញ់ក្តី មិនត្រឹមតែសុខចិត្តទេ ថែមទាំងបានបន្តដាក់ពាក្យសុំរកការធ្វើអន្តរាគមន៍ពីស្ថាប័នជាច្រើន។ ហើយនៅទីបំផុតករណីនោះ ត្រូវបានដោះស្រាយបញ្ចប់ដោយ អ.ដ.ក. ដោយសារតែការព្រមព្រៀងគ្នានៃភាគីសងខាងទាំង២។
តើការសម្រេចរបស់ អ.ដ.ក. អាចបំពាននឹងសេចក្តីសម្រេចរបស់តុលាការដែរ ឬ ទេ ប្រសិនណាបើការសម្រេចរបស់តុលាការ ឱ្យមានអ្នកឈ្នះ និងអ្នកចាញ់ហើយ បែរជាត្រូវយកមកដោះ ស្រាយសាជាថ្មីនៅអ.ដ.ក. នេះ?
អនុប្រធាន អ.ដ.ក. បណ្ឌិត ជិន ម៉ាលីន បានឆ្លើយបញ្ជាក់នឹងសំណួរបស់ Fresh Exclusive លើសំណួរដែលបានដាក់ចេញមកនេះ៖
«មែនទែនទៅការបង្កើតយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការតាមរយៈ ការដាក់ចំណាត់ការការអាជ្ញាធរជាតិ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ មិនមែនជាការជ្រៀតជ្រែកទៅលើកិច្ចការរបស់តុលាការនោះទេ។ ក៏ប៉ុន្តែវាជួយគាំទ្រទៅលើកិច្ចដំណើរការរបស់តុលាការទៅវិញទេ ពីព្រោះថាការកែទម្រង់ប្រព័ន្ធយុត្តិធម៌ក្នុងនីតិកាលទី៧នេះ គឺផ្តោតទៅលើសសរស្តម្ភ២។
សសរស្តម្ភទី១ គឺថាផ្តោតទៅលើការដោះស្រាយវិវាទនៅក្នុងប្រព័ន្ធតុលាការ សសរស្តម្ភមួយទៀតគឺ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ហើយការកែទម្រង់ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលការ នេះក៏ជួយគាំទ្រទៅដល់កិច្ចការក៏ដូចជាប្រសិទ្ធភាពរបស់តុលាការផងដែរ។
តាមរយៈការកាត់បន្ថយសុំណុំរឿងមួយចំនួន មិនឱ្យឡើងទៅដល់តុលាការ ឬ មួយក៏សុំណុំរឿងនេះឡើងទៅដល់តុលាការហើយ ក៏ប៉ុន្តែតុលាការថាមិនមានពេលគ្រប់គ្រាន់ក្នុងការសម្របសម្រួល ដើម្បីបញ្ចប់វិវាទនេះគឺអាចបញ្ចូនមក អ.ដ.ក. ដើម្បីធ្វើការពិនិត្យ និងដោះស្រាយ ក៏ប៉ុន្តែមិនមែនគ្រប់សុំណុំរឿងទាំងអស់អាចត្រូវបានដោះស្រាយដោយ អ.ដ.ក. នោះទេ។
សុំណុំរឿងមួយចំនួនទៀត គឺជាសមត្ថកិច្ចផ្តាច់មុខរបស់តុលាការ ជាពិសេសគឺសុំណុំរឿងព្រហ្មទណ្ឌ នេះគឺថា អ.ដ.ក. តាមច្បប់គឺថាមិនអាចសម្របសម្រួលលើរឿងព្រហ្មទណ្ឌបាននោះទេ មានតែសុំណុំរឿងរដ្ឋប្បវេណីតែប៉ុណ្នោះ ចឹងទេសុំណុំរឿងរដ្ឋប្បវេណី ទោះបីជានៅក្នុងដំណើរការនិតិវិធី របស់តុលាការក៏ដោយ ទោះបីតុលាការសម្រេចចេញសាលក្រមហើយក៏ដោយ ក៏អាចទៅបានដោះស្រាយដោយ អ.ដ.ក. បានដែរ។
ពីព្រោះសុំណុំរឿងរដ្ឋប្បវេណី គឺវាផ្អែកទៅលើឆន្ទៈរបស់បុគ្គល អញ្ចឹងបើឆន្ទៈបុគ្គលនោះគាត់យល់ស្រប គាត់ត្រូវរូវគ្នាចង់ឱ្យ អ.ដ.ក. សម្របសម្រួលដោះស្រាយជូនគាត់ គឺថា អ.ដ.ក. អាចទទួលយកបានទោះបីជារឿងនោះនៅក្នុងដំណើរការនិតិវិធីរបស់តុលាការ ដែលតុលាការកំពុងដោះស្រាយហើយក៏ដោយ ឬមួយក៏រឿងហ្នឹងត្រូវបានតុលាការដោះស្រាយបញ្ចប់ចេញសាលក្រមហើយក៏ដោយក៏។
ប៉ុន្តែមានការពិបាកក្នុងការអភិវឌ្ឍ ដោយជួនកាលខ្លះអាចការអនុវឌ្ឍទៅមានភាពចម្រូងចម្រះ ពីព្រោះតែតុលា កាត់ក្តីហើយវាមានអ្នកឈ្នះ មួយអ្នកចាញ់ អញ្ចឹងជាទូរទៅគឺថាអ្នកឈ្នះហ្នឹង គឺថាយុត្តិធម៌ណាស់ត្រឹមត្រូវទទួលយកបាន។ ក៏ប៉ុន្តែអ្នកចាញ់ មិនប្រាកដថាអញ្ជឹងនោះទេ គឺឡាំប៉ាអាចស្រែកអយុត្តិធម៌មិនអាចទួលយកបាន ចឹងពេលខ្លះការអនុវត្តសាលក្រមមានការលំបាក ក៏ប៉ុន្តែបើគាត់ស្ម័គ្រចិត្ត ព្រមព្រៀងថា ឥលូវស្រុះស្រួលគ្នាចង់ឱ្យ អ.ដ.ក. សម្រុះសម្រួល អញ្ជឹងគឺគាត់អាចមកបានពេលដែល អ.ដ.ក. សម្រុះសម្រួលអស់ហើយ គាត់ព្រមព្រៀងគ្នា បញ្ចប់វិវាទទួលយកដំណោះស្រាយ គឺល្អ គាត់ព្រមព្រៀងយកដំណោះស្រាយពីព្រោះរឿងរដ្ឋប្បវេណីគឺផ្អែកទៅលើឆន្ទៈបុគ្គលនោះទេ។
ឧទាហរណ៍ថា បើតុលាការសម្រេចពាក់ព័ន្ធទៅនឹងកិច្ចសន្យា ឬ មួយក៏កាតព្វកិច្ចពាក់ព័ន្ធនឹងការសងបំណុលនានា តុលាការសម្រេចឱ្យ ភាគី (ក) សងភាគី (ខ) ប៉ុន្នេះ ឬ ប៉ុន្នេះ ហើយពេលដែលសម្រេចហើយគាត់គិតថាប្រហែលជាពិបាកក្នុងការអនុវត្តគាត់អាចមក អ.ដ.ក. ឱ អ.ដ.ក. សម្រុះសម្រួលទៅថាសងរបៀបមិចគាត់ទទួលយក។
គាត់បញ្ចប់ត្រឹមហ្នងគឺបាន ពីព្រោះសុំណុំរឿងរដ្ឋប្បវេណី វាអាស្រ័យទៅលើឆន្ទៈរបស់បុគ្កល ដែលគាត់ព្រមព្រៀងគ្នាទៅវិញទៅមកបញ្ចប់ត្រឹមណាគឺត្រឹមហ្នឹង ឧទាហរណ៍ថាតុលាការសម្រេចឱ្យ (ក) សង (ខ) ប៉ុន្នេះ ប៉ុន្តែបើសិនគាត់ត្រូវរូវថាមិនបាច់សង គាត់ប៉ុន្នឹងដូចជាគ្រប់គ្រាន់ ហើយគាត់អាចទទួលយកបានវាបញ្ចប់ត្រឹមហ្នឹងអត់មាននណាបង្ខំគាត់បាននោះទេ អញ្ចឹងមានន័យថា អ.ដ.ក. នេះគឺថាធ្វើការសម្រុះសម្រួល តែរឿងមួយចំនួនប៉ុន្នោះ ដែលច្បាប់អនុញ្ញាតិ ជាពិសេសគឺសុំណុំរឿងរដ្ឋប្បវេណី ហើយសុំណុំរឿងរដ្ឋប្បវេណី ទោះបីក្នុងដំណើរការតុលាការ ឬ មួយក៏តុលាការសម្រេចសេចក្តីហើយក៏ដោយ ក៏ភាគីអាចព្រមព្រៀងគ្នា ឬ ក៏ស្រុះស្រួលគ្នាបញ្ជូន Release មក អ.ដ.ក. ដើម្បីធ្វើការពិនិត្យលើសុំណុំរឿងជូនគាត់បានដែរ អញ្ចឹងយន្តការ អ.ដ.ក. នេះ គឺថាមិនជ្រៀតជ្រែក ទៅដល់កិច្ចដំណើរការរបស់តុលាការ ឬ ក៏អំណាចរបស់តុលានោះទេ។
ប៉ុន្តែបើសុំណុំរឿងព្រហ្មទណ្ឌ វាជាសមត្ថកិច្ចផ្តាច់មុខរបស់តុលាការ អ.ដ.ក. មិនអាចធ្វើការសម្រុះសម្រួលបានទេ ពីព្រោះវាពាក់ព័ន្ធផលប្រយោជន៍ភាគី ពាក់ព័ន្ធដល់ផលប្រយោជន៍ប្រទេសជាតិ និងសង្គមទាំងមូល»។
គិតចាប់តាំងពីថ្ងៃមានព្រះរាជក្រឹត្យបង្កើតការរៀបចំ អ.ដ.ក. តាំងពីថ្ងៃទី២ ខែវិច្ឆិកានោះមក ដំណើរការដោះស្រាយដោយពិតប្រាកដគិតត្រឹមខែកញ្ញា ឆ្នាំ២០២៤ មានទើបតែជាង២ខែ ប៉ុណ្ណោះដោយមិនរាប់បញ្ចូលទាំងអនុក្រឹត្យថ្ងៃ៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់អគ្គលេខាធិ ការដ្ឋាន អ.ដ.ក. សេចក្តីសម្រេចថ្ងៃ១២ ខែមករា ឆ្នាំ២០២៤ ស្តីពីបែបបទនីតិវិធី និងគុណវុឌ្ឍិសម្រាប់ការផ្តល់នីតិសម្បទាជាមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. សេចក្តីសម្រេចចុះថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីពីលក្ខន្តិកៈនៃមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. សេចក្តីសម្រេចចុះថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ ស្តីពីឯកសណ្ឋាន សញ្ញា សម្គាល់ និងស្លាកឈ្មោះរបស់មន្ត្រីសម្រុះសម្រួល អ.ដ.ក.ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ស្តីពីក្រមសីលធម៌ និងក្រមប្រតិបត្តិសម្រាប់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃអ.ដ.ក. និងសេចក្តីសម្រេចចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ស្តីពីបែបបទ និងនីតិវិធីនៃការសម្រុះសម្រួល ផ្សះផ្សា វិវាទក្នុងក្របខណ្ឌនៃ អ.ដ.ក.ឡើយ។
ភាពថ្មីថ្មោងនៃការបង្កើតយន្តការនេះ ត្រូវគេរាយការណ៍ថានៅមិនទាន់បានជ្រួតជ្រាប ដល់គ្រប់ស្រទាប់ពលរដ្ឋក្នុងការយល់ដឹងអំពីយន្តការដ៏ពិសេសនេះទេ។ អនុប្រធាន អ.ដ.ក. បណ្ឌិត ជិន ម៉ាលីន បានអំពាវនាវដល់ពលរដ្ឋ ដើម្បីការយល់ដឹងនូវអត្ថប្រយោជន៍របស់អាជ្ញាធរជាតិ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ៖
«បាទត្រឹមត្រូវណាស់ យន្តការ អ.ដ.ក. គឺជាយន្តការថ្មី ទើបតែបង្កើតឡើងនោះទេ អញ្ចឹងទេប្រជាពលរដ្ឋ នៅតាមមូលដ្ឋានខ្លះ នៅមិនទាន់បានជ្រាបនៅឡើយ ពីសេវាដែលផ្តល់ដោយ អ.ដ.ក. នេះ។ អញ្ជឹងហើយបានជា អ.ដ.ក. កំពុងអនុវត្តន៍នៅគម្រោង២ ដើម្បីបញ្ជ្រៀបវាទៅដល់មូលដ្ឋាន គម្រោងទី១ គឺដំណើរឆ្ពោះទៅមូលដ្ឋាន ដំណើរឆ្ពោះទៅមូលដ្ឋាននោះ គឺបានន័យថា គឺ អ.ដ.ក. នឹងធ្វើការសហការណ៍ជាមួយនឹងអាជ្ញាធរមូលដ្ឋានក្នុងការផ្សព្វផ្សាយជូនទៅដល់ប្រជាពលរដ្ឋ។
ហើយនឹងបញ្ចូនមន្ត្រីសម្រុះសម្រួលវិវាទរបស់យើងចុះទៅដល់មូលដ្ឋាន ដើម្បីរួមគ្នាជាមួយអាជ្ញាធរមូលដ្ឋានដោះបញ្ហាសម្រុះសម្រួលនេះ ជូនប្រជាពលរដ្ឋនៅនឹងកន្លែង នៅនឹងមូលដ្ឋានតែម្តង។ ចំណែកគម្រោងទី២ គឺជាគម្រោងដោះស្រាយវិវាទនៅក្នុងតំបន់ដែលមានជនជាតិដើមភាគតិច ពីព្រោះជនជាតិដើមភាគតិចរបស់យើងគាត់អាចត្រូវការវិធីសាស្ត្ររបៀបដោះស្រាយវិវាទដោយឡែក អីចឹងទេយើងត្រូវមានទម្រង់ដោយឡែកសម្រាប់ពួកគាត់ អញ្ចឹងយន្តការទាំ២នេះបញ្ជ្រៀបទៅដល់មូលដ្ឋានគ្រប់ច្រកល្ហក គ្រប់ទីកន្លែង គ្រប់តំបន់ដាច់ស្រយាលទាំងអស់ដើម្បីបម្រើសេវាការដោះស្រាយវិវាទជូនដល់ប្រជាពលរដ្ឋរបស់យើង អញ្ចឹងសូមប្រជាពលរដ្ឋរបស់យើង គឺថាទទួលជ្រាបពាក់ព័ន្ធទៅនឹងសារៈសំខាន់នូវយន្តការ អ.ដ.ក. នេះ ហើយយន្តការ អ.ដ.ក. នេះ នឹងចេញដំណើរទៅដល់ផ្ទះប្រជាពលរដ្ឋ នៅនឹងមូលដ្ឋានតែម្តង ដើម្បីបម្រើសេចក្តីត្រូវការ ជាពិសេសគឺផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋប្រកមដោយ ប្រសិទ្ធភាព និងគុណភាព»។
ប្រព័ន្ធដោះស្រាយភាពវិវាទតាមយន្តការ អ.ដ.ក. គឺជាប្រព័ន្ធមានលក្ខណៈពិសេសដែលនឹងជួយជាខ្លាំងណាស់ ជាពិសេសជាផ្នែកចលករជំរុញមួយនៃដំណើរការទៅមុខរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវចក្ខុវិស័យនាំប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ក្នុងឆ្នាំ២០៣០ និងឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់។ ម្យ៉ាងទៀត តាមរយៈយន្តការនេះផងដែរ ក៏ជាការជួយឱ្យភាគីវិវាទទាំងសងខាង បានសម្រេចដូចគ្នានូវនយោបាយឈ្នះ-ឈ្នះ ដូចអ្វីដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្លាប់បានពន្លត់ភ្លើងសង្គ្រាមស៊ីវិល ដែលបានឆាបឆេះរយៈពេលជិត៣០ឆ្នាំកន្លងមករួចមកហើយ៕