(ព្រះសីហនុ)៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលរស់នៅភូមិ១ ភូមិ២ ឃុំអូត្រេះ និងភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានរងផលប៉ះពាល់ និងរងគ្រោះដោយជំនន់ទឹកភ្លៀងជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះ រហូតធ្វើឲ្យពួកគាត់ពិបាកក្នុងការរស់នៅ ធ្វើដំណើរទៅមក និងប្រកបមុខរបរប្រចាំថ្ងៃ។
ជាក់ស្តែងនៅព្រឹកថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤ លោក ម៉ាង ស៊ីណេត បានអញ្ជើញចុះអន្តរាគមន៍ជួយសង្គ្រោះឲ្យទាន់ពេលវេលា និងបានធ្វើការណែនាំអាជ្ញាធរស្រុក កងកម្លាំងប្រដាប់អាវុធ ត្រូវយកចិត្តទុកដាក់ តាមដានស្ថានភាពអាកាសធាតុជាប់ជាប្រចាំ ពិសេសជួយជំលៀសប្រជាពលរដ្ឋរងគ្រោះមានដូចជា ចាស់ជរា និងកុមាររបស់យើងមកកាន់ទីទួលសុវត្ថិភាពឱ្យបានទាន់ពេលវេលា មិនត្រូវទុកឲ្យបងប្អូនប្រជាពលរដ្ឋ របស់យើងណាម្នាក់រងគ្រោះជំនន់ទឹកភ្លៀងដោយសារយើងមិនបានជួយអន្តរាគមន៍សង្គ្រោះនោះទេ។
ជាមួយគ្នានេះ អភិបាលខេត្ត ក៏បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងត្រូវមានការប្រុងប្រយ័តកូន ចៅ ព្រោះគ្រោះធម្មជាតិមិនទៀងទាត់នោះទេ ព្រោះវាកើតឡើងមួយពព្រិចភ្នែក ដូច្នេះមានតែយើងទាំងអស់គ្នាត្រូវមានការប្រុងប្រយ័តនៅរដូវវស្សា ត្រូវចេះអនាម័យខ្លួនឯង ផឹកស្អាត ហូបស្អាត ដើម្បី ចៀសផុតពីជំងឺផ្សេងៗ។
ដោយសារតែខ្យល់លាយឡំ និងភ្លៀងបានបង្អោធ្លាក់ជាបន្តបន្ទាប់ចាប់ពីម៉ោង១យប់ ឈានថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ធ្វើឱ្យមានជំនន់ជន់លិចផ្ទះប្រជាពលរដ្ឋនៅភូមិ១ និងភូមិ២ ឃុំអូរត្រេះ និងភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
បន្ទាប់មក លោកអភិបាលខេត្តបានចុះពិនិត្យស្ថានភាពក្នុងភូមិសាស្ត្រស្រុកស្ទឹងហាវ ក្នុងនោះមានស្រះចិញ្ចឹមត្រីរបស់លោកអ៊ុំ គុន នី ភេទប្រុស អាយុ៦០ឆ្នាំ ស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ដែលចិញ្ចឹមត្រីជា លក្ខណៈគ្រួសារ ធ្វើឲ្យជំនន់ទឹកភ្លៀងបាននាំត្រីចិញ្ចឹមរបស់គាត់អស់ជាង១០០គីឡូក្រាម ត្រូវបានទឹកហូនាំយកទៅអស់។
លោក គុន នី ក៏ដូចជាប្រជាពលរដ្ឋនៅស្រុកស្ទឹងហាវ មិនធ្លាប់មានជំនន់ទឹកភ្លៀងបែបនេះទេ រយៈពេលជាង៣០ឆ្នាំមកនេះ ហើយមានតែឆ្នាំ២០២៤ មានគ្រោះធម្មជាតិជំនន់ទឹកភ្លៀងលិចយ៉ាងធ្ងន់ធ្ងរ៕