(ឡាវ)៖ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ បានជួបពិភាក្សាការងារជាមួយលោក Gan Kim Yong ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី។
នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីការធ្វើឱ្យប្រសើរឡើងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន (ATIGA) និងកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ ដែលសិង្ហបុរី ធ្វើជាប្រធាន ព្រមទាំងពិភាក្សាអំពីវិធានការជាយុទ្ធសាស្ត្រនានា ដើម្បីឱ្យអាស៊ានត្រៀមខ្លួនសម្រាប់អនាគតប្រកបដោយភាពផ្លាស់ប្តូរ នៅក្រោមផែនការយុទ្ធសាស្ត្រក្រោយឆ្នាំ២០២៥។
នៅថ្ងៃដដែលលោកបណ្ឌិត កៅ គឹមហួន បានចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៦។ កិច្ចប្រជុំបានពិភាក្សាអំពីវឌ្ឍនភាពរបស់សហគមន៍សេដ្ឋកិច្ចអាស៊ាន និងបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តឥតងាករេរបស់អាស៊ានចំពោះសមាហរណកម្មសេដ្ឋកិច្ចតំបន់ ចំពេលដែលការប្រឈមកំពុងកើនឡើង បណ្តាលមកពីការបែកខ្ញែកសេដ្ឋកិច្ចសកល ភាពតានតឹងភូមិសាស្ត្រនយោបាយ និងការបម្រែបម្រួលអាកាសធាតុជាដើម។
កិច្ចប្រជុំបានផ្តោតសំខាន់លើការយកចិត្តទុកដាក់ជាយុទ្ធសាស្ត្ររបស់អាស៊ាន ក្នុងការលើកកម្ពស់វិស័យដែលមានភាពប្រែប្រួល ដូចជា៖ សេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតង ដើម្បីឱ្យអាស៊ានមានជំហរកាន់តែខ្លាំងជាចំណុចស្នូលសម្រាប់កំណើន។ ជំនួបនេះបានធ្វើឡើងនៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ៕