(សិង្ហបុរី)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមថ្លែងសន្ទរកថាគន្លឹះ ស្តីពីទស្សនវិស័យកម្ពុជាក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ នៅប្រទេសសិង្ហបុរី ដែលរៀបចំដោយវិទ្យាស្ថាន ISEAS-Yusof Ishak។
លោករដ្ឋមន្រ្តីបានថ្លែងថា ផលប៉ះពាល់គួរឱ្យព្រួយបារម្ភនៃការប្រែប្រួលអាកាសធាតុ គឺធ្វើឱ្យមានរលកកំដៅកាន់តែខ្លាំង ព្យុះដែលមិនធ្លាប់មានពីមុនមក និងគ្រោះរាំងស្ងួតអូសបន្លាយយូរជាដើម។
លោកបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែមថា តំបន់អាស៊ីអាគ្នេយ៍ រួមទាំងប្រទេសកម្ពុជា ឈរនៅជួរមុខនៃវិបត្តិនេះ ដែលឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុអាចបំផ្លាញការអភិវឌ្ឍន៍សេដ្ឋកិច្ច និងបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សរាប់លាននាក់។ ទោះបីជាបែបនេះក៏ដោយ កម្ពុជា រួមជាមួយនឹងប្រទេសអាស៊ានផ្សេងទៀត បានបោះជំហានទៅមុខក្នុងការបង្កើនមហិច្ឆតាអាកាសធាតុរបស់ខ្លួន កិច្ចខិតខំប្រឹងប្រែង ក្នុងការរក្សាសីតុណ្ហភាពពិភពលោក ឱ្យស្ថិតក្រោមកម្រិត 1.5 ដឺក្រេ។
លោករដ្ឋមន្រ្តីមានប្រសាសន៍ថា សម្រាប់អាណត្តិទី៧នេះ រាជរដ្ឋាភិបាលបានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបញ្ចកោណទី៤ ផ្តោតលើការអភិវឌ្ឍន៍ប្រកបដោយភាពធន់ និរន្តរភាព និងបរិយាប័ន្ន ដែលជាវិធីសាស្រ្តរួម និងជាមាគ៌ាឆ្ពោះទៅរកការផ្លាស់ប្តូរសេដ្ឋកិច្ចសង្គម ដើម្បីធានាចីរភាពសង្គមទាំងមូល ដោយពង្រឹងលើការឆ្លើយតបទៅនឹងបញ្ហាប្រឈមផ្សេងៗ និងភាពមិនប្រាកដប្រជានៃសកលភាវូបនីយកម្ម និរន្តរភាពបរិស្ថាន និងការប្រែប្រួលអាកាសធាតុ។
លោកបណ្ឌិត អ៊ាង សុផល្លែត បានសង្កត់ធ្ងន់ថា ក្រសួងបរិស្ថានកម្ពុជា បានបង្កើតយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដែលផ្តោតលើសសរស្តម្ភបី គឺស្អាត បៃតង និងចីរភាព និងដែលជាផែនទីបង្ហាញផ្លូវសម្រាប់ធានានិរន្តរភាពបរិស្ថាន សុចរិតភាព ភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងការលើកកម្ពស់សេដ្ឋកិច្ចបៃតង។ ជាមួយគ្នានេះ កម្ពុជាបានដាក់ចេញ ផែនការយុទ្ធសាស្រ្តបំរែបំរួលអាកាសធាតុកម្ពុជា (CCCSP) 2024-2033 ដែលបច្ចុប្បន្នកំពុងរៀបចំអនុវត្ត ហើយឯកសារនេះ តំណាងឱ្យក្របខណ្ឌដ៏ទូលំទូលាយមួយ ផ្តោតលើការបង្កើនភាពធន់ ការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងការរួមបញ្ចូលសកម្មភាពអាកាសធាតុ ទៅក្នុងគ្រប់វិស័យនៃសេដ្ឋកិច្ចរបស់កម្ពុជា។
ក្នុងឱកាសនេះដែរ លោករដ្ឋមន្រ្តី បានលើកឡើងថា កម្ពុជា បានចូលរួមចំណែកដោះស្រាយបញ្ហាសកល ក្នុងនោះបានធ្វើបច្ចុប្បន្នភាពផែនការរួមចំណែករបសជាតិ (NDC) 3.0 ដែលនឹងពង្រឹងបន្ថែមទៀត នូវការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះការប្រែប្រួលអាកាសធាតុ ដោយកំណត់គោលដៅប្រកបដោយមហិច្ឆិតាបន្ថែមទៀត សម្រាប់ការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងកិច្ចខិតខំប្រឹងប្រែងសម្របខ្លួនជាមួយនឹងការប្រែប្រួលអាកាសធាតុ។
ជាងនេះទៅទៀត លោករដ្ឋមន្រ្តី បានបញ្ជាក់ផងដែរថា កម្ពុជាកំពុងជំរុញយុទ្ធសាស្ត្ររយៈពេលវែង សម្រាប់ប្រែក្លាយជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។ យុទ្ធសាស្ត្រនេះមិនគ្រាន់តែជាផែនទីបង្ហាញផ្លូវសម្រាប់កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាចក្ខុវិស័យសម្រាប់អនាគតប្រកបដោយនិរន្តរភាពផងដែរ។
«វិធានការជាច្រើនផ្សេងទៀត បានដាក់ចេញក្នុងនោះការលើកកម្ពស់ថាមពលកកើតឡើងវិញ និងប្រសិទ្ធភាពថាមពល ការការពារព្រៃឈើ និងលើកកម្ពស់វិស័យកសិកម្មប្រកបដោយនិរន្តរភាព។ ការសម្រេចបាននូវអព្យាក្រឹតភាពកាបូននៅឆ្នាំ២០២៥ មិនមែនគ្រាន់តែជាគោលដៅបរិស្ថានប៉ុណ្ណោះទេ។ វាជាផ្លូវឆ្ពោះទៅរកភាពធន់នឹងសេដ្ឋកិច្ច និងសមធម៌សង្គម»។ នេះជាថ្លែងបន្ថែមរបស់បណ្ឌិត អ៊ាង សុផល្លែត។
លោកបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងផងដែរអំពីវិធានការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ត្រូវបានដាក់បញ្ចូលទៅក្នុងផែនទីបង្ហាញផ្លូវរបស់កម្ពុជាសម្រាប់ប្រព័ន្ធស្បៀងអាហារ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ ដែលក្នុងនោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ត្រូវធន់ទ្រាំ និងប្រព័ន្ធស្បៀង ដែលធន់ទ្រាំការប្រែប្រួលអាកាសធាតុ។ បញ្ហាប្រឈមសម្រាប់ប្រទេសកម្ពុជា ក៏ដូចជាប្រទេសជាច្រើនទៀតនៅអាស៊ីអាគ្នេយ៍ គឺការពង្រឹងលើកំណើនសេដ្ឋកិច្ច ជាមួយនឹងភាពចាំបាច់ក្នុងការកាត់បន្ថយឥន្ធនៈហ្វូស៊ីល និងកាត់បន្ថយការបំភាយកាបូន នៅក្នុងវិស័យផ្សេងទៀត ក្នុងនោះមានវិស័យថាមពល ការដឹកជញ្ជូន និងកសិកម្ម។
សូមបញ្ជាក់ថា ការកសាងរបាយការណ៍ឆ្នាំទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ផ្តួចផ្តើមដោយវិទ្យាស្ថាន ISEAS-Yusof Ishak របស់ប្រទេសសិង្ហបុរី ផ្តល់នូវការយល់ដឹងរបស់ប្រជាពលរដ្ឋអាស៊ីអាគ្នេយ៍ ការយល់ដឹងទាំងនេះមានសារៈសំខាន់ណាស់ នៅពេលដែលប្រទេសនានាបន្តកែលម្អគោលនយោបាយ និងយុទ្ធសាស្ត្រអាកាសធាតុបន្ថែមទៀតផងដែរ៕