(សៀមរាប)៖ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស) បានរៀបចំវេទិកាសន្ទនាជាមួយអង្គការសង្គមស៊ីវិលនៅខេត្តសៀមរាប ក្រោមអធិបតីភាពលោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. លោក ឌី រ៉ាដូ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប តំណាងអង្គការសង្គមស៊ីវិលនៅក្នុងខេត្តជាង៣៥០ស្ថាប័ន រួមទាំងសមាជិកដៃគូសហការរបស់វ.ស.ស.។ នេះគឺជាកិច្ចប្រជុំដែលវ.ស.ស.រៀបចំធ្វើជារៀងរាល់ឆ្នាំ ក្នុងគោលបំណងស្វែងយល់ពីសុខទុក្ខរបស់អង្គការសង្គមស៊ីវិល ដែលកំពុងប្រតិបត្តិនៅតាមមូលដ្ឋានរបស់ខ្លួន និងដើម្បីពង្រឹងពង្រីកភាពជាដៃគូសហការជាមួយអង្គការស៊ីវិលប្រចាំខេត្តសៀមរាបផងដែរ។
សម្រាប់ឆ្នាំ២០២៤នេះ វ.ស.សបានជ្រើសរើសប្រធានបទស្តីពី «ការឈ្វេងយល់ពីតួនាទីអង្គការសង្គមស៊ីវិលក្នុងក្របខ័ណ្ឌយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១» រួមទាំងការផ្សព្វផ្សាយពីអត្ថប្រយោជន៍ជាច្រើន ដែលអង្គការសង្គមស៊ីវិលទទួលបានពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) តាមរយៈបទបង្ហាញពីតំណាង ប.ស.ស. ប្រចាំខេត្ត។
ថ្លែងក្នុងអង្គវេទិសន្ទនា លោកប្រធានក្រុមប្រឹក្សាភិបាលវ.ស.ស បានមានប្រសាសន៍ថា សង្គមស៊ីវិលជាសសរ ស្តម្ភដ៏សំខាន់មួយដែលទ្រទ្រង់ឱ្យមានការអភិវឌ្ឍសង្គមជាតិ ដូច្នេះរាជរដ្ឋាភិបាលតែងតែផ្តល់សារៈសំខាន់ខ្ពស់ចំពោះតួនាទី និងការចូលរួមចំណែករបស់អង្គការសង្គមស៊ីវិល ដែលបានបំពេញការងារយ៉ាងសកម្មជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឱ្យមានការរីកចម្រើនប្រកបដោយចីរភាព។
បន្ថែមពីនេះ លោកប្រធានក្រុមប្រឹក្សាភិបាលក៏បានវាយតម្លៃខ្ពស់ចំពោះអង្គការសង្គមស៊ីវិលក្នុងខេត្តសៀមរាប ដែលបានសហការល្អជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ និងខិតខំបំពេញការងាររបស់ខ្លួននាពេលកន្លងមក ដោយសម្រេចបានលទ្ធផលគួរជាទីមោទនៈ។
ឆ្លៀតនៅក្នុងឱកាសនោះ លោក ឌី រ៉ាដូ អភិបាលរងខេត្តបានមានមតិស្វាគមន៍ និងកោតសរសើរចំពោះអង្គការស៊ីវិលប្រចាំខេត្តសៀមរាប ដែលបានសហការយ៉ាងល្អជាមួយក្រសួង មន្ទីរ-អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ដោយបានផ្ញើរបាយការណ៍ទៀងទាត់តាមការកំណត់របស់ច្បាប់ និងបានអនុវត្តសកម្មភាពស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត លក្ខន្តិកៈ និងអនុស្សរណៈរបស់ខ្លួនជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធនានា។
លោកអភិបាលរងខេត្តក៏ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគម អង្គការមិនមែនរដ្ឋាភិបាល សហគមន៍ និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តសៀមរាបនាពេលកន្លងមក ដោយបានផ្ដល់នូវការគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងជំនួយបច្ចេកទេសជាច្រើនក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន។
ជាកិច្ចបញ្ចប់ លោកប្រធានក្រុមប្រឹក្សាភិបាលវ.ស.ស.បានផ្តាំផ្ញើអង្គការសង្គមស៊ីវិលបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀតជាមួយក្រសួង-ស្ថាប័ន និងអាជ្ញាធរមូលដ្ឋាន និងត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងឈរលើមនសិការ និងឆន្ទៈការងារ ដោយគោរពតាមគោលការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន លក្ខន្តិកៈ និងអនុស្សរណៈរបស់ខ្លួន ព្រមទាំងបន្តដើរតួនាទីជាដៃគូអភិវឌ្ឍន៍ដ៏ល្អរបស់រាជរដ្ឋាភិបាលក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ ជាពិសេសគឺការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ សំដៅនាំកម្ពុជាសម្រេចបានចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០៕