(កំពង់ធំ)៖ លោក ផៃ សុខខេង នាយករងខុទ្ទការល័យនាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានថ្លែងថា ចំណេះដឹងគឺជាទ្រព្យសម្បត្តិដ៏មហាសាលនៅពេលដែលអ្នកសិក្សាទាំងអស់បានប្រើវាចំគោលដៅ។
លោក ផៃ សុខខេង បានថ្លែងក្នុងពិធីសំណេះសំណាល ការចែករំលែក ផ្តល់ពុទ្ធិ ចំណេះដឹង ចំណេះធ្វើ និងលើកទឹកចិត្ដដល់សិស្សថ្នាក់ទី១២ ដើម្បីទទួលបានជ័យជំនះនៃការប្រលងមធ្យមសិក្សទុតិយភូមិនៅខែតុលា ឆ្នាំ២០២៤ ខាងមុខ នៅវិទ្យាល័យតាំងគោក ស្រុកតាំងគោក ខេត្តកំពង់ធំ ចំនួន ២៥១នាក់ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។
លោកបន្តថា ដើម្បីបង្កើនការប្រឡងជាប់ក៏ដូចជាវិនិយោគសន្តិភាពធ្វើធម្មទានដោយចែករំលែក ផ្តល់ពុទ្ធិ ចំណេះដឹង ចំណេះធ្វើ បទពិសោធន៍ យុទ្ធវិធីប្រឡង និងការរស់នៅជាពលរដ្ឋល្អនាសម័យឌីជីថល គឺការចូលរួមចំណែកពីគ្រប់អ្នកពាក់ព័ន្ធទាំងអស់ រួមមានការខិតខំប្រឹងប្រែងពី មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ សហគមន៍សប្បុរសជនជាតិ អន្តរជាតិ អង្គការដៃគូអភិវឌ្ឍនានាការគាំទ្រពីអាជ្ញាធរដែនដី ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលបានជំរុញឱ្យវិស័យអប់រំ មានការរីកចម្រើនគួរឱ្យកត់សម្គាល់។
លោកបន្ថែមថា លទ្ធផលដ៏ជោគជ័យនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលកន្លងមកបានឆ្លុះបញ្ចាំងឱ្យឃើញពីស្មារតីទទួលខុសត្រូវសាមគ្គីភាពកិច្ចសហការល្អប្រសើរ ក្នុងដំណើរឆ្ពោះទៅកាន់គោលដៅ អភិវឌ្ឍដោយចីរភាព និងការគាំទ្រអនុវត្តឱ្យសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលឆ្នាំ២០៣០ និងឆ្នាំ២០៥០។
លោកបានកោតសរសើរដល់សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ ដែលបានយកចិត្តទុកដាក់ចិត្ត ខិតខំបង្ហាត់បង្រៀនដល់សិស្សានុសិស្ស មិនថាមានបញ្ហាទុក្ខលំបាកយ៉ាងណា ក៏មិនត្អូញត្អែរ ហើយតស៊ូពុះពារគ្រប់ឧបសគ្គពិសេស សិស្សានុសិស្សទាំងអស់ត្រុវខិតខំប្រឹងប្រែងព្យាយាមរៀនសូត្រ សិក្សាស្រាវជ្រាវបំពេញបន្ថែម និងបង្កើននូវចំណេះដឹងភាសាបរទេស ដើម្បីអនាគតរបស់ខ្លួន ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល ដើម្បីចូលរួមដើម្បីធ្វើការអភិវឌ្ឍទឹកដីកំណើតរបស់យើង។
លោកបន្ថែមទៀតថា ការបណ្ដុះបណ្ដាលធនធានមនុស្សត្រូវចំណាយពេលយូរ ប៉ុន្តែការបណ្ដុះបណ្ដាលធនធានមនុស្ស គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រទេសជាតិ ហើយការបណ្ដុះបណ្ដាលធនធានមនុស្សនេះ គឺស្ថិតក្នុងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកបានសំណូមពរដល់សិស្សានុសិស្ស ត្រូវធ្វើជាគំរូល្អនៅក្នុងសង្គម ដោយគោរពច្បាប់ចរាចរណ៍ មិនត្រូវធ្វើក្មេងទំនើង ពិសេសមិនត្រូវប្រព្រឹត្តអ្វីដែលសង្គមស្អប់ខ្ពើមឡើយ និងសូមជូនពរដល់សិស្សានុសិស្សទាំងអស់ឱ្យប្រឡងជាប់គ្រប់ៗគ្នាដើម្បីឈានទៅសម្រេចបំណងប្រាថ្នាទៅថ្ងៃអនាគត៕