(ភ្នំពេញ)៖ ក្រុមហ៊ុនធំៗចំនួន៧ នឹងផ្តល់ឱកាសការងារថ្មីបន្ថែមទៀត ចំនួន២៧៤កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ នៅក្នុងវេទិកាការងារ នាថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤ស្អែកនេះ ចាប់ពីម៉ោង ៨ព្រឹក ដល់៥ល្ងាច នៅក្នុងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ស្ថិតក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្រុមហ៊ុនទាំង៧ ដែលនឹងចូលរួមក្នុងវេទិកាការងារនេះមានដូចជា៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Chockchey Finance, ក្រុមហ៊ុន Land &Home, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ JACCS, ក្រុមហ៊ុន InvestM, ក្រុមហ៊ុន AC និងក្រុមហ៊ុន CBS។

លោកស្រី វង វណ្ណារី មន្ត្រីជ្រើសរើសបុគ្គលិកជាន់ខ្ពស់នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK លើកឡើងថា កន្លងមក AMK បានសហការជាមួយ NEA ជាច្រើនលើកមកហើយក្នុងការជ្រើសរើសបុគ្គលិក និងបានចូលរួម ក្នុងព្រឹត្តិការណ៍ជាច្រើនដូចជាវេទិកាការងារ កិច្ចសម្ភាសការងារ និងពិព័រណ៍ការងារថ្នាក់ជាតិជាដើម។

លោកស្រី វណ្ណារី បានបន្តថា «មូលហេតុដែល AMK បន្តសហការជាមួយ NEA ជាប្រចាំនេះ គឺដោយសារ NEA បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយផ្សព្វផ្សាយ ពីតម្រូវការជ្រើសរើសបុគ្គលិករបស់យើងបានយ៉ាងទូលំទូលាយទៅដល់សាធារណជនពិសេសអ្នកស្វែងរកការងារធ្វើ»។

លោកស្រីបន្តទៀតថា សម្រាប់វេទិកាការងារនាថ្ងៃស្អែកនេះ AMK នឹងនាំយកឱកាសការងារជាង ១០០កន្លែង សម្រាប់អ្នកដែលចង់ស្វែងរការងារធ្វើនៅតាមបណ្តាសាខារបស់ AMK។ លោកស្រី សង្ឃឹមថា ការចូលរួមសហការជាមួយ NEA នេះ នឹងរួមចំណែកដ៏សំខាន់ក្នុងការជ្រើសរើសបុគ្គលិកប្រកបដោយគុណភាព និងទាន់តម្រូវការ។

វេទិកាការងារនេះ ត្រូវបានរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីផ្តល់ភាពងាយស្រួលដល់យុវជន សិស្ស/និស្សិត ក្នុងការដាក់ពាក្យស្វែងរកការងារ និងសម្ភាសការងារជាមួយតំណាងក្រុមហ៊ុនធំៗ នៅមួយកន្លែងភ្លាមៗតែម្តង។

យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយតំណាងក្រុមហ៊ុនទាំង៧ នេះបានដោយងាយស្រួល។

ព័ត៌មានបន្ថែម សូមទាក់ទងមក NEA តាមរយៈលេខ ០១៦ ៧៨ ៦៦ ៥៥ និងតេលេក្រាម ឬ CoolApp លេខ ០៧៧ ២៣ ២៣ ៧៨ ឬ គេហទំព័រ www.nea.gov.kh និងទំព័រ Facebook (neakhmer)៕