(ពោធិ៍សាត់)៖ លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងលោក លោកស្រី ជាសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត​ នាព្រឹកថ្ងៃទី១៨​ ខែកញ្ញា​ ឆ្នាំ២០២៤នេះ បាននាំយកសម្ភារៈបរិក្ខា និងបច្ច័យមួយចំនួន ចូលរួមបុណ្យកាន់បិណ្ឌ១ នៅវត្តកែវវិជ័យ ដែលជាវត្តព្រះមេគណខេត្តគង់នៅ ស្ថិតក្នុងភូមិកែវជ័យ ឃុំកណ្តៀង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានជម្រាបជូនថា​ បុណ្យកាន់បិណ្ឌ បានព្រឹត្តិទៅតាមទំនៀមទម្លាប់ព្រះពុទ្ធសាសនា ជាបន្តបន្ទាប់ ដោយក្តីសប្បាយរីករាយជ្រះថ្លា។ បុណ្យកាន់បិណ្ឌ ជារៀងរាល់ឆ្នាំ ពុទ្ធសាសនិកទាំងអស់ តែងតែគោរពប្រណិបត្តិ ទៅតាមទំនៀមទំលាប់ តាំងពីបុរាណ ដែលមានរយៈពេល១៥ថ្ងៃ នៅគ្រប់ទីវត្តអារាមទូទាំងប្រទេស ដែលចាប់ផ្តើមពីថ្ងៃ០១រោច ខែភទ្របទ រហូតដល់ថ្ងៃ១៤រោច និងថ្ងៃ១៥រោច ខែភទ្របទ គឺជាថ្ងៃបុណ្យភ្ជុំបិណ្ឌធំតែម្តង។

លោកអភិបាលខេត្ត បានថ្លែងអំណរគុណលោក លោកស្រី ជាសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត ដែលបានចូលរួម ក្នុងបុណ្យកាន់បិណ្ឌ១ នៅវត្តកែវវិជ័យ ដែលជាវត្តព្រះមេគណខេត្តគង់នៅ ដើម្បីប្រគេនសម្ភារៈបរិក្ខា និងបច្ច័យមួយចំនួនដល់ព្រះសង្ឃ សម្រាប់ប្រើប្រាស់ និងដើម្បីកសាងនូវសមិទ្ធផលក្នុងវត្ត ជាប្រយោជន៍ទ្រទ្រង់ទាំងផ្នែកពុទ្ធចក្រ និងផ្នែកអាណាចក្រ សម្រាប់កូនចៅជំនាន់ក្រោយៗទៀត គោរពប្រណិបត្តិតាម។

លោក ខូយ រីដា បន្តថា នេះគឺជាសេរីភាពដែលបង្ហាញអំពីទឹកចិត្តសទ្ធាជ្រះថ្លា របស់ពុទ្ធបរិស័ទ ដែលបានប្រគេនជូនតាមរយ:ព្រះសង្ឃ ដែលជាស្រែបុណ្យ ក្នុងគោលបំណងដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញាណក្ខន្ធ បុព្វការីជន មានជីដូន ជីតា ញាត្តិកាទាំងប្រាំពីរសន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ សូមបានសោយសុខក្នុងឋានសុខគតិភព កុំបីឃ្លៀងឃ្លាតឡើយ និងសូមឧទ្ទិសកុសលផលបុណ្យ ដែលកើតមកពីបុណ្យកាន់បិណ្ឌ១នេះ សូមឱ្យទទួលបានមគ្គផលស្មើៗគ្នា។

ឆ្លៀតក្នុងឱកាសនោះ លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងប្រតិភូអមដំណើរ ក៏បានពិនិត្យមើលសមិទ្ធផលថ្មី នៃសំណង់ព្រះពុទ្ធប្បដិមាអតយមុទ្រ (ព្រះពុទ្ធទ្រង់ប្រទានអភ័យ ដល់មនុស្ស និងសត្វ) កម្ពស់៤៩ម៉ែត្រ ស្ថិតក្នុងបរិវេណវត្តកែវវិជ័យ ដែលមានតម្លៃជាង៤៥ម៉ឺនដុល្លារ ជាការផ្តួចផ្តើមកសាងដោយ ព្រះព្រហ្មាភិរ័ត កែវ កន «រតនបញ្ញោ» ព្រះរាជាគណៈថ្នាក់កិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ព្រះពោធិវង្សាវិមល ព្រះមេគណខេត្ត ព្រះចៅអធិការវត្តកែវវិជ័យ និងជាព្រះនាយកពុទ្ធិកវិទ្យាល័យពោធិ៍សាត់ ដែលគ្រោងធ្វើពិធីបុណ្យអភិសេក អមជាមួយបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី១៧ ខែកញ្ញា ដល់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤តទៅ៕