(ក្រចេះ)៖ តំបន់ភូមិសាស្ត្រមួយចំនួនដែលបានលិចលង់ដោយសារជំនន់ទឹកភ្លៀងកាលពីព្រឹកមិញនេះ មិនមានប៉ះពាល់ទៅដល់អាយុជីវិតមនុស្ស ឬសត្វចិញ្ចឹមរបស់ប្រជាពលរដ្ឋនៅឡើយ។ នេះបើតាមការបញ្ជាក់របស់លោក យិន វណ្ណៈ អភិបាលស្រុកចិត្របុរី ដែលបានបញ្ជាក់ក្នុងដំណើរកាចុះត្រួតពិនិត្យមើលទីតាំងភូមិសាស្ត្រ ដែលបានជនលិចដោយសារជំនន់ទឹកភ្លៀង នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤។

លោកអភិបាល យិន វណ្ណៈ បានឱ្យដឹងថា ភូមិសាស្ត្រស្រុកចិត្របុរី គឺហ៊ុមព័ទ្ធជុំវិញក្រុងក្រចេះ ដោយឃុំមួយចំនួននៅជាប់ដងទន្លែងមេគង្គ និងឃុំមួយចំនួនទៀជាប់ដងអូរ ព្រែកជាដើម។

លោកអភិបាលបន្តរថា នៅចំពោះមុខតាមកម្ពស់ទឹកនៅព្រឹកនេះ គឺមានកម្ពស់២០.២២ម៉ែត្រ ពោលគឺមិនទាន់មានផលប៉ះពាល់ដោយសារជំនន់ទឹកទន្លេមេគង្គនោះទេ ប៉ុន្តែអ្វីដែលយើងជួបនៅពេលនេះដោយសារអំឡុងពេលប៉ុន្មានថ្ងៃនេះ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ទាំងយប់ទាំងថ្ងៃ បានជាបណ្ដាលឱ្យប្រជាពលរដ្ឋរស់នៅក្នុងស្រុកចិត្របុរី មានឃុំចំនួន៥ ក្នុងនោះមានឃុំបុសលាវ ឃុំសំបុក ឃុំកន្ទួត និងឃុំថ្មី រងផលប៉ះពាល់ គឺជន់លិចផ្លូវលំ ចូលក្រោមផ្ទះរបស់ប្រជាពលរដ្ឋមួយចំនួនលិចចូលក្នុងបរិវេនវត្តអារាម មណ្ឌលសុខភាពសាលារៀន និងដំណាំរួមផ្សំមួយចំនួនទៀត។

លោកអភិបាលបន្តថា ពាក់ព័ន្ធនិងជំនន់ទឹកភ្លៀងនេះប្រសិនបើតទៅមុខទៀតមិនមានភ្លៀងធ្លាក់ទេ ទឹកនិងស្រកទៅអស់និងមិនមានផលប៉ះពាល់អីធ្ងន់ធ្ងរទៀតទេ រីឯទំហំនៃការខូចខាតក្នុងនោះក៏មានដំណាំស្រូវមួយចំនួនដំឡូង ពោតមួយចំនួន ប៉ុន្តែរហូតមកដល់ពេលនេះយើងមិនទាន់បូកសរុបមើលថាតើ មានការប៉ះពាល់និងខូចខាតដំណាំប្រជាពលរដ្ឋប៉ុន្មានទេ។

ជាក់ស្ដែង ពីព្រឹកមិញនេះ កម្ពស់ទឹកដែលឡើងជន់លិចដោយសារទឹកភ្លៀងនេះ កម្ពស់ប្រហែលជាជាង១ម៉ែត្រ ប៉ុន្តែរហូតមកដល់ពេលរសៀលនេះគឺស្រស់អស់។ ដោយឡែកពាក់ព័ន្ធនឹងជំនន់ទឹកភ្លៀងដែលជន់លិចនៅតាមតំបន់មួយចំនួនក្នុងស្រុកចិត្របុរីនេះ មិនមានប៉ះពាល់ដល់អាយុអាយុជីវិតប្រជាពលរដ្ឋនោះទេ ហើយចំពោះសត្វពាហនៈក៏អត់ដែរ តែឃុំមួយចំនួនក៏ត្រូវបានជម្លៀសសត្វពាហនៈទៅកាន់ទីទួលសុវត្ថិភាព។

បើទោះបីជាយើងមិនទាន់ឈានដល់ចំណុចប្រឈមជាមួយនឹងជំនន់ទឹកទន្លេមេគង្គ និងជំនន់ទឹកភ្លៀងក្តី ក្នុងនាមថ្នាក់ដឹកនាំខេត្តតំណាងលោកអភិបាលខេត្តប្រធានគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ បានចេញសេចក្តីណែនាំមួយដល់ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ក៏ដូចជារដ្ឋបាលក្រុង ស្រុកនៅក្នុងខេត្ត ដើម្បីត្រៀមរៀបចំនិងយកចិត្តទុកដាក់អន្តរាគមន៍ក្នុងករណីចាំបាច់ដល់ប្រជាពល រដ្ឋដែលជួបការលំបាកដោយទឹកជំនន់។ ក្នុងនាមគណៈបញ្ជាការឯកភាពស្រុកចិត្របុរី ក៏បានកោះប្រជុំសមាសភាពពាក់ព័ន្ធ និងកងកម្លាំងចូលរួម ដើម្បីត្រៀមទាំងមនុស្សទាំងបាយ និងសម្ភារៈនៅក្នុងករណីមានការចាំបាច់ គឺយើងបានត្រៀមលក្ខណៈរួច រាល់ដើម្បីជួយអន្តរាគមន៍ ហ្នឹងបានចូលរួមផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីគាត់មានការប្រុងប្រយ័ត្ននិងត្រៀមលក្ខណៈជួយអន្តរាយក្នុងករណីចាំបាច់។

សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ កម្ពស់ទឹកទន្លេមេគង្គនៅតែបន្តកើនឡើងរហូតដល់ ២០.២២ម៉ែត្រ គិតត្រឹមព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ៕