(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងឆន្ទៈមុតមាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានកំណត់លើវិស័យយានយន្តអគ្គិសនី ជាវិស័យដែលមានសក្តានុពលខ្ពស់ ក្នុងការចូលរួមមិនត្រឹមតែជួយដល់ការលើកកម្ពស់បរិស្ថាន និងធ្វើឱ្យប្រសើរឡើង​នូវសុខុមាលភាពសាធារណៈ និងជំរុញសន្ទុះនៃការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច និងពង្រឹងសន្តិសុខថាមពល។

លោក ប៉េង ពោធិ៍នា បានលើកឡើងយ៉ាងដូចនេះនាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ នាឱកាសបើកសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០ នៅទីស្តីការក្រសួង ដោយមានការចូលរួមពី លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងតំណាងអង្គទូតនានាប្រចាំកម្ពុជា និងមានថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួង-ស្ថាប័ន និងសមាជិក សមាជិកាជាច្រើនរូបទៀត។

នាឱកាសនោះ លោក ប៉េង ពោធិ៍នា បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងឆន្ទៈមុតមាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បាននិងកំពុងបន្តដឹកនាំការអភិវឌ្ឍប្រទេសឆ្ពោះទៅរកវឌ្ឍនភាព រីកចម្រើនលើគ្រប់វិស័យ និងការបង្កើតសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ ជាពិសេសបានដាក់ចេញ នូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលកំណត់យកអាទិភាពគន្លឹះចំនួន៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ដើម្បីឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី៤ ការចាប់យកនវានុវត្តន៍និងបច្ចេកវិទ្យា ព្រមទាំងតម្រូវការក្នុងការលើកកម្ពស់ផលិតភាព និងពិពិធកម្មសេដ្ឋកិច្ច។

លោក ប៉េង ពោធិ៍នា បានបញ្ជាក់ទៀតថា «ក្នុងនោះ វិស័យយានយន្តអគ្គិសនីត្រូវបានកំណត់ជាវិស័យមួយក្នុងចំណោម វិស័យដែលមានសក្តានុពលខ្ពស់ ក្នុងការចូលរួមមិនត្រឹមតែជួយដល់ការលើកកម្ពស់បរិស្ថាន និងធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញសន្ទុះនៃការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច និងពង្រឹងសន្តិសុខថាមពលផងដែរ»

លោក ប៉េង ពោធិ៍នា បានបន្ថែមទៀតថា គិតមកដល់ពេលនេះទោះបីកំណើននៃការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជានេះ បាននិងកំពុងដើរទន្ទឹមគ្នា ទៅនឹងការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ​នៅក្នុងក្របខណ្ឌនៃនិន្នាការ​សកលដែលកំពុងមានសន្ទុះយ៉ាងលឿនគួរឱ្យកត់សម្គាល់ក៏ដោយ តែទោះយ៉ាងណាវិស័យយានយន្តអគ្គិសនីនេះចាំបាច់ណាស់ត្រូវទាមទារនូវការគាំទ្រ ពីគ្រប់ភាគីពាក់ព័ន្ធបន្ថែមទៀត និងការដាក់ចេញនូវគោលនយោបាយជាក់លាក់ផងដែរ។

លោក ប៉េង ពោធិ៍នា បានបន្ថែមថា ការជំរុញការប្រើប្រាស់យានយន្តអគ្គិសនី គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយផលប៉ះពាល់ដែលបង្កឡើងដោយការបំភាយឧស្ម័នកាបូនឌីអុកស៊ីត (CO2) ចេញពីយានយន្តប្រភេទប្រេងឥន្ធនៈ ហើយជាមួយគ្នានេះ ក្រសួងសាធារណការ ក៏បាននិងកំពុងខិតខំអនុវត្តស្របតាមទិសដៅ និងវិធានការចាំបាច់ដែលរាជរដ្ឋាភិបាលបានកំណត់ ស្របតាមយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹត្យ ដើម្បីជំរុញសម្រេចឱ្យបាននូវការប្រើប្រាស់រថយន្តអគ្គិសនីក្នុងអត្រា៤០% និងទោចក្រយានយន្តអគ្គិសនីក្នុងអត្រា៧០% នៅត្រឹមឆ្នាំ២០៥០។

សូមបញ្ជាក់ដែរថា បើតាមរយៈរបាយការណ៍សង្ខេបរបស់ លោក ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានឱ្យថា គិតត្រឹមខែសីហា ឆ្នាំ២០២៤ ការចុះបញ្ជីយានយន្តអគ្គិសនីនៅកម្ពុជា មានចំនួន ៣ ៦៧៦គ្រឿង ហើយទីតាំងបញ្ចូលថាមពលអគ្គិសនីនៅទូទាំងប្រទេសមានចំនួន ២១កន្លែង ដែលមានទូបញ្ចូលថាមពលយានយន្ត អគ្គិសនីលឿនខ្លាំងសរុបចំនួន ២៧ទូ៕