(សៀមរាប)៖ ដើម្បីចូលរួមចំណែកថែរក្សាពិធីបុណ្យប្រពៃណីជាតិ ដែលមានតាំងពីបុរាណកាលមកឱ្យបានស្ថិតស្ថិរគង់វង្សនោះ ក្នុងរដូវបុណ្យកាន់បិណ្ឌវេនទី១ លោកឧកញ៉ា គុយ លាងគី និងលោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា រួមទាំងមិត្តភក្តិ បងប្អូន និងពុទ្ធបរិស័ទចំណុះជើងវត្ត បានអញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តអង្គរតូចខាងត្បូង ស្ថិតក្នុងខេត្តសៀមរាប នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។

លោកស្រី ឃួន ឃុនឌី បានលើកឡើងថា ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរជាពុទ្ធសាសនិកប្រារព្ធឡើងក្នុងគោលបំណងដើម្បីរៀបចំសង្ឃភត្តទំនុកបម្រុងដល់ព្រះសង្ឃ ក្នុងរដូវវស្សាពីព្រោះរដូវនេះ មានភ្លៀងធ្លាក់បង្កឲ្យមានការលំបាកដល់ព្រះសង្ឃក្នុងការនិមន្តបិណ្ឌបាត្រ។

ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១ វត្តអង្គរតូចខាងត្បូងលោកឧកញ៉ានិង លោកស្រីព្រមទាំងក្រុមគ្រួសារ រួមនឹងពុទ្ធបរិស័ទទាំងអស់បាននាំយកចង្ហាន់ទេយ្យទានផ្សេងៗទៅវេរប្រគេនដល់ព្រះសង្ឃក្នុងវត្តនេះ ដើម្បីឧទ្ទិសកុសលដល់បុព្វការីជន ដែលបានលាចាកទៅកាន់លោកខាងមុខ ក៏ដូចជាវិញ្ញាណក្ខន្ធបុព្វបុរសស្នេហាជាតិទាំងអស់ បានមកទទួលយកកុសលផលបុណ្យតាមជំនឿបែបព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋព្រមទាំងបានធ្វើកិច្ចបែបសាសនាស្របតាមទំនៀមទម្លាប់ នៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ។

គួសបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីជាតិបែបព្រះពុទ្ធសាសនាដ៏ធំមួយនៅកម្ពុជា។ ឆ្នាំនេះពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ ត្រូវបានប្រារព្ធឡើងចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ នៅគ្រប់វត្តអារាម។

លោកឧកញ៉ា គុយ លាងគី និងលោកស្រី ឃួន ឃុនឌី បាននាំយកយកនូវសម្ភារៈ និងថវិកាមួយចំនួនចែកជូនដល់លោកយាយ លោកតាផងដែរ៕