(សៀមរាប)៖ បុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ នៅជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិតឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល និងចង្ហាន់ យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ។

កាលពីសម័យមុនគេមិនហៅថា បុណ្យភ្ជុំទេ ដោយនៅក្នុងពិធីនេះ គេមានបែងចែកចេញជាពីរថ្នាក់។ ថ្នាក់ដំបូង គឺគេចាប់ផ្ដើមធ្វើចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៤រោច ជាវារកភត្ត (ភត្តធ្វើតាមថ្ងៃ) ជាបន្តបន្ទាប់។

ជាក់ស្តែងបុណ្យកាន់បិណ្ឌវេនទី១ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក ប្រាក់ សោភ័ណ អភិបាលខេត្ត និងលោក កុយ សង តំណាងលោក លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីលោក អ៊ាន ឃុន ទីប្រឹក្សារាជរដ្ឋាភិបាល ព្រមទាំង លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត និងលោក លោកស្រី ជាគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីរាជការ បានចូលរួមជាមួយបងប្អូនប្រជាពុទ្ធបរិស័ទ ចំណុះជើងវត្តព្រះព្រហ្មរ័ត្ន និងកេសរារាម កាន់បិណ្ឌវេនទី១ ព្រមទាំង បាននាំយកនូវទ័យ្សទាន ជាគ្រឿងឧបភោគបរិភោគ វេរប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅក្នុងពុទ្ធសីមាវត្តព្រះព្រហ្មរ័ត្ន និងកេសរារាម សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

ពិធីកាន់បិណ្ឌនេះ គឺជាទំនៀមទម្លាប់ ប្រពៃណីជាតិខ្មែរយើង ដែលបានប្រារព្ធទៅតាមរដូវកាល នៃការកាន់បិណ្ឌជារៀងរាល់ឆ្នាំ នៅគ្រប់ទីអារាមវត្តនានា ក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងពិធីកាន់បិណ្ឌវេនទី១ លោក លោកស្រី ដែលបានចូលរួមពិធីកាន់បិណ្ឌ បានអញ្ជើញរាប់បាត្រ ដើម្បីជាការសន្សំកុសលផលបុណ្យ ព្រមទាំងបាន ឧទ្ទិសមគ្គផល ជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជនមានមាតាបីតា ជីដូនជីតា និងញាតិកាទាំងប្រាំពីរសណ្តាន ដែលបានចែកឋាន រំលាយខ័ន្ធទៅកាន់លោកខាងមុខ។ 

ព្រមជាមួយនឹងការឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ ជូនដល់វីរយុទ្ធជន កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុការពារជាតិមាតុភូមិ បានមកទទួលមគ្គផលកុសលដែលកូនចៅ បានឧទិ្ទសជូន និងកុសលផលបុណ្យដែលកើតឡើង ពីការដាក់បិណ្ឌវេនទី១នេះ។

លោក ប្រាក់ សោភ័ណ បានលើកឡើងថា ការប្រារព្ធធ្វើពិធីបុណ្យភ្ជុំបិណ្ឌនេះឡើង ក្នុងគោលបំណងដើមី្បឧទ្ទិសមហាកុសល់ជូនដល់ លោកអ្នកមានគុណ មានមាតាបិតា ជីដូន ជីតា ញាតិកាលទាំងប្រាំពីរសណ្តានដែលបានបាក់បែកចែកឋាន ទៅកាន់បរលោកទៅហើយនោះ។

លោកបានបន្តថា ពិធីបុណ្យភ្ជុំបិណ្ឌនេះ យើងធ្វើទៅដោយសេចក្តីគោរព បង្អោនកាយវិចាចិត្ត ឆ្ពោះទៅរកប្រេតជន ជាញាតិកាលទាំងប្រាំពីរសណ្តាន ដែលលោកបានចែកឋានទៅកាន់បរលោក និង ជួយរំដោះឲ្យរួចចាកផុតពីទុក្ខទោសទាំងឡាយ ឧបាយភូមិណាមួយ និងឲ្យបានទៅកាន់សុគតិភពថ្មី ហើយងាកក្រោយមកជួយបីបាច់ថែរក្សា កូនចៅ ឲ្យមានសេចក្តីសុខសប្បាយក្នុងក្រុមគ្រួសារ សង្គមជាតិផងដែរ។ ម្យ៉ាងវិញទៀតបានរួមចំណែកជួយទ្រទ្រង់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។

ថ្នាក់ដឹកនាំខេត្ត ក៏បានវេរប្រគេននូវទ័យ្យទាន ជាគ្រឿងឧបភោគបរិភោគ វេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងទីវត្តព្រះព្រហ្មរ័ត្ននិងវត្តកេសរារាម ក្នុងមួយវត្តៗ ទទួលបាន៖ គ្រឿងឧបភោគបរិភោគ ចំនួន១០មុខ និងបច្ច័យចំនួន ២លានរៀល និងសីលវ័ន្ត សីលវន្តី ចំនួន៥០នាក់ ក្នុងម្នាក់ៗ ទទួលបានក្រណាត់ស ១ដុំ បច្ច័យ ១ម៉ឺនរៀលផងដែរ៕