(ភ្នំពេញ)៖ ក្នុងវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកវិទ្យា Digital សម្រាប់ការអភិវឌ្ឍ និងអភិបាលកិច្ច ពឹងផ្អែកលើទិន្នន័យ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅសាលារាជធានីភ្នំពេញ លោក កើត ឆែ ជំរុញឲ្យមន្ត្រីខិតខំសិក្សាបន្ថែមពីបដិវត្តកម្ម ឌីជីថល ជាបច្ចេកវិទ្យាទាន់សម័យ ព្រោះពេលនេះកំពុងស្ថិតក្នុងការអភិវឌ្ឍចូលក្នុងសម័យឌីជីថល បើមន្ដ្រីមិនខិតខំរៀនសូត្រទេ នឹងមិនតាមទាន់សម័យឌីជីថលឡើយ។

លោក កើត ឆែ ក្នុងឱកាសអញ្ជើញជាតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ប្រធានបទសំខាន់ក្នុងវគ្គបណ្តុះបណ្តាលនេះ គឺផ្តោតលើអក្ខរកម្ម ឌីជីថល, បដិវត្តកម្ម ឌីជីថល, និងសន្តិសុខ Cyber។ លោកថា នៅពេលមន្ដ្រីចេះប្រើប្រព័ន្ធ Digital និងសន្តិសុខ Cyber នឹងចំណេញទាំងសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ ពោលអាចចំណេញទាំងប្រាក់ និងពេលវេលា។

បើតាមលោក កើត ឆែ, ចរន្តនៃបរិវត្តកម្មឧស្សាហកម្មជំនាន់ទី៤ បាននិងកំពុងជះឥទ្ធិពលយ៉ាងខ្លាំងលើសេដ្ឋកិច្ច និងសង្គម តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា ឌីជីថល បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលធ្វើឲ្យមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៅលើគ្រប់វិស័យទាំងអស់ រួមមាន ៖ វិស័យអប់រំ សុខាភិបាល ពាណិជ្ជកម្ម ធុរកិច្ច ការងារ និងរដ្ឋបាលសាធារណៈជាដើម។

ឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ ថាមពល និងគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវអាទិភាពគន្លឹះចំនួន៥ គឺ មនុស្ស ផ្លូវ ទឹកភ្លើង និងបច្ចេកវិទ្យា ហើយបច្ចេកវិទ្យាក៏ត្រូវបានកំណត់ នៅក្នុងបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ដែលផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ឌីជីថល។

លោកគូសបញ្ជាក់ថា បរិវត្តកម្ម ឌីជីថល គឺជាលក្ខខណ្ឌចាំបាច់មួយ ដែលមិនអាចខ្វះបាន ដើម្បីកសាងសេដ្ឋកិច្ចសង្គមកម្ពុជា នាពេលបច្ចុប្បន្ន ដែលប្រជាពលរដ្ឋ ធុរជន និងមន្ត្រីរាជការត្រូវតែយល់ដឹង និងទាញយកឲ្យអស់នូវសក្កានុពលពីវិស័យនេះ ដើម្បីពង្រឹងសមត្ថភាព ប្រសិទ្ធភាព និងបង្កើតនូវកាល្លានុវត្តភាពថ្មីៗបន្ថែមទៀត។ លោកអភិបាលរង បានសំណូមពរដល់លោកគ្រូឧទ្ទេសនាម ត្រូវពន្យល់ឲ្យបានច្បាស់លាស់ នូវពាក្យបរិវត្តកម្ម ឌីជីថល, សន្តិសុខ Cyber ដែលត្រូវបានអនុវត្តក្នុងការងារប្រចាំថ្ងៃ៕