(កំពង់ធំ)៖ លោកស្រី ខៀវ ស៊ីណា ជាចាន់តូ អនុប្រធានកិត្តិយសសាខា កាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ និងក្រុមការងារបានអញ្ជើញចូលរួមកាន់បិណ្ឌទី១ ជាមួយប្រជាពុទ្ធបរិស័ទ នៅវត្តសង់ឃ្លាំង វត្តធម្មនាថ និង វត្តសន្ទុកក្រៅ ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤។

ពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ បានចាប់ផ្ដើមពីថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤រហូតដល់ថ្ងៃអង្គារ ១៤រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤។

ពិធីកាន់បិណ្ឌនេះ ត្រូវបានប្រជាជនកម្ពុជា ធ្វើការគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន តាមទំនៀមទំលាប់ប្រពៃណីនៃ ព្រះពុទ្ធសាសនាមានដូច ជាពិធីនមស្សកា ព្រះរតនត្រ័យ សមាទានសីល និមន្ដព្រះសង្ឃចម្រើនព្រះបរិត្ត រាប់ បាត្រ បង្សុកូល វេរចង្ហាន់ និងគ្រឿងបរិក្ខាប្រគេនព្រះសង្ឃ ហើយតាមទំនៀមទំលាប់ខ្មែរ ក្រៅពីការរាប់បាត្រ បង្សុកូល វេរចង្ហាន់ និងគ្រឿងបរិក្ខាប្រគេនព្រះសង្ឃនោះប្រជាជន ក៏មានថ្វាយគ្រឿងសក្ការៈបូជា នមស្សការថ្វាយព្រះរតនៈត្រៃ សមាទានសីល ទៅតាមទំនាម ទម្លាប់ប្រពៃណីសាសនាផងដែរ។

លោកស្រី ខៀវ ស៊ីណា និងក្រុមការងារ រួមជាមួយប្រជាពុទ្ធបរិស័ទបានអញ្ជើញរាប់បាត្រ និងបង្សុកូល ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន វិរៈយុទ្ធជន វិរៈយុទ្ធនារី ដែលពលីជីវិត ដើម្បីបុព្វហេតុជាតិ និងឧទ្ទិសកុសលដល់ញាត្តិកាលទាំង៧សណ្តាន ដែលបានចែកឋានទៅបរលោកខាងមុខផងដែរ។

លោកស្រី ខៀវ ស៊ីណា បានចាត់ទុកការមកជួបជុំគ្នាមកធ្វើបុណ្យធ្វើទាន និងការគោរពប្រតិបត្តិ បូជាតាមជំនឿសាសនា ក្នុងពិធីបុណ្យកាន់បិណ្ឌនាពេលនេះ ដោយសារប្រទេសជាតិមានសុខសន្តិភាព។ ដូចនេះសុខសន្តិភាពដែលកម្ពុជា ទទួលបានមានតម្លៃណាស់ ដែលយើងត្រូវការពារថែរក្សាឲ្យបានគង់វង្ស។

ក្នុងឱកាសនោះលោកស្រី ខៀវ ស៊ីណា ជាចាន់តូ បាននាំយកទេយ្យវត្ថុ គ្រឿងបរិក្ខា និងបច្ច័យមួយចំនួនប្រគេន ដល់ព្រះសង្ឃវត្តទាំង៣សម្រាប់ចាត់ចែង និងប្រើប្រាស់នៅក្នុងរយៈ នៃពិធីបុណ្យកាន់បិណ្ឌនេះផងដែរ៕