(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី គី តិច ប្រធានក្រុមមេធារីរាជរដ្ឋាភិបាល បានអនុញ្ញាតិឲ្យគណៈប្រតិភូនៃគណៈមេធាវីខេត្ត Guizhou (គួយចូវ) សាធារណរដ្ឋប្រជាមានិតចិន ចូលរួមសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្នាក់ការ ក្រុមមេធាវីរាជរដ្ឋាភិបាល អគារភាតរភាព ទីស្ដីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤។

លោកទេសរដ្ឋមន្ត្រី មានមតិស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ គណៈប្រតិភូនៃគណៈមេធាវីខេត្ត Guizhou (គួយចូវ) ដែលបានអញ្ជើញមកជួបសម្ដែងការគួរសម និងមានគោលបំណងចង់ស្វែងយល់អំពីតួនាទី និងភារកិច្ចរបស់ក្រុមមេធាវី នៅកម្ពុជា។

លោកទេសរដ្ឋមន្ត្រី ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល បានគូសបញ្ជាក់ចំណុចសំខាន់ៗ ជូនភាគីក្រុមមេធាវីចិន ដែលផ្តោតលើតួនាទី ភារកិច្ច និងច្បាប់ពាក់ព័ន្ធមួយចំនួន សម្រាប់គ្រប់គ្រងវិជ្ជាជីវ:មេធាវី នៅកម្ពុជា។

តំណាងគណៈប្រតិភូនៃគណៈមេធាវីខេត្ត Guizhou (គួយចូវ) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលយ៉ាងកក់ក្ដៅ របស់ក្រុមមេធាវីរាជរដ្ឋាភិបាល និងបានវាយតម្លៃខ្ពស់លើកិច្ចខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ចប្រកបដោយប្រសិទ្ធិភាពខ្ពស់ ជូនរាជរដ្ឋាភិបាលកម្ពុជា។

គណៈប្រតិភូ ក៏បានកោតសរសើរអំពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា តាមរយៈគម្រោង «ខ្សែក្រវ៉ាត់និងផ្លូវ» ដែលបានជំរុញឱ្យអ្នកវិនិយោគជនជាតិចិនជាច្រើន បានមកបណ្ដាក់ទុនពាណិជ្ជកម្មក្នុងប្រទេសកម្ពុជា។

លោកទេសរដ្ឋមន្ត្រី បានធ្វើការកត់សម្គាល់បន្ថែមអំពីសារៈសំខាន់នៃការវិនិយោគជនជាតិចិននៅក្នុងប្រទេសកម្ពុជា ដោយបានលើក បញ្ជាក់អំពីអត្ថប្រយោជន៏រួមរវាងប្រទេសទាំងពីរ និងវត្តមានដ៏ចាំបាច់លើជំនួយផ្នែកច្បាប់ ក្នុងគោលបំណងផ្ដល់នូវបរិយាកាស នៃការធ្វើពាណិជ្ជកម្មប្រកបដោយទំនុកចិត្ត និងភាពស្របច្បាប់។

គណៈប្រតិភូគណៈមេធាវីចិន ក៏បានស្នើពិភាក្សាអំពីលទ្ធភាព ក្នុងការសហការរវាងស្ថាប័នទាំងពីរ ក្នុងការពង្រឹងកិច្ចសហប្រតិបតិ្តការ ការផ្លាស់ប្តូរបទពិសោធន៏សេវាផ្នែកច្បាប់ទៅវិញទៅមក រួមគ្នាលើកកម្ពស់សេវាច្បាប់ សម្រាប់ការធើ្វពាណិជ្ជកម្មរវាងប្រទេសចិន និងប្រទេសកម្ពុជា។

ជំនួបពិភាក្សា បានបញ្ចប់ទៅក្រោមបរិយាកាសស្និទ្ធស្នាល និងសម្រេចបានលទ្ធផលគួរជាទីពេញចិត្ត៕