(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន រួមជាមួយប្រធានគណៈប្រតិភូផ្សេងទៀត បានអញ្ជើញចូលជួបសំដែងការគួរសមជាមួយលោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ នៅក្នុងឱកាសនៃកិច្ចប្រជុំអភិបាលរាជធានីអាស៊ាន ឆ្នាំ២០២៤ និងវេទិកាអភិបាលក្រុងអាស៊ាន។

អ្នកចូលរួមទាំងអស់បានសំដែងនូវអំណរគុណចំពោះភាពជាអ្នកដឹកនាំ និងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលឡាវ ក្នុងនាមជាប្រធានបណ្តាញទីក្រុងឆ្លាតវ័យអាស៊ានឆ្នាំ២០២៤ ក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន នៅក្នុងការអភិវឌ្ឍទីក្រុងដោយភាពឆ្លាតវ័យ និងប្រកបដោយចីរភាព។

នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញថ្លែងសន្ទរកថា ក្នុងពិធីបើកកិច្ចប្រជុំអភិបាលរាជធានីអាស៊ាន ឆ្នាំ២០២៤ និងវេទិកាអភិបាលក្រុងអាស៊ាន។

នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ថា ការវិនិយោគលើនិរន្តភាព និងការកសាងភាពធន់នៃទីក្រុង គឺជាអាទិភាពនៅក្នុងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន តាមរយៈការអនុវត្តផែនការមេ ស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ ហើយអាទិភាពនេះនឹងត្រូវបានពង្រឹងនៅក្នុងការតាក់តែងចក្ខុវិស័យអាស៊ានឆ្នាំ២០៤៥ ជាពិសេស ផែនការយុទ្ធសាស្ត្រការតភ្ជាប់អាស៊ាន។

ដោកឡែកនៅរសៀលថ្ងៃដដែល លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចប្រទេសកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV)។

កិច្ចប្រជុំមានការចូលរួមពីសំណាក់រដ្ឋមន្ត្រីសេដ្ឋកិច្ច និងតំណាងមកពីប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ធ្វើការពិភាក្សាអំពីសកម្មភាពកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញសមាហរណកម្មសេដ្ឋកិច្ចតំបន់។ កិច្ចប្រជុំបានផ្លាស់ប្តូរទស្សនៈជុំវិញវិធានការ ដើម្បីពន្លឿនផែនការសកម្មភាព CLMV ឆ្នាំ២០២៣-២០២៤ ព្រមទាំងផែនការអនុវត្តសម្រាប់ក្របខណ្ឌអភិវឌ្ឍ CLMV ផងដែរ៕