(ឧត្ដរមានជ័យ)៖ លោកស្រីបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជាតំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងសន្និបាតអាណតិ្តទី៦ សាខាកបាទកាកក្រហមកម្ពុជាខេត្តឧត្តរមានជ័យ។

អង្គសន្និបាតនេះ មានការចូលរួមពីសមាជិកពេញសិទ្ធិចំនួន ៦៦រូបលើ៦៦រូប អ្នកសង្កេតការណ៍ ៣៥រូប ព្រមទាំងមានការចូលរួមពី យុវជនកាកបាទក្រហមកម្ពុជា យុវជន កាយឬទ្ធិ និងសហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ។

ក្នុងអង្គសន្និបាតនេះ ក៏បានឆ្លងសេចក្ដីព្រាងរបាយការណ៍ សកម្មភាពសាខាអាណត្ដិទី៥ និងលើកទិសដៅការងារសម្រាប់អាណត្ដិទី៦, ឆ្លងសេចក្ដីព្រាងរបាយការណ៍ការងារហិរញ្ញវត្ថុក្នុងអាណត្ដិទី៥ និងទិសដៅការងារហិរញ្ញវត្ថុ សម្រាប់អាណត្ដិទី៦ ហើយអង្គសន្និបាតបានពិភាក្សាអនុម័ត ដោយលើកបណ្ណ លើសេចក្ដីព្រាងរបាយការណ៍បូកសរុបអាណត្ដិទី៥ទាំងពីរ និងទិសដៅការងារអាណត្ដិទី៦។

ក្នុងនោះក៏មានសេចក្ដីប្រកាសលាលែងគណៈកម្មការធិការសាខាអាណត្ដិទី៥ ដោយអនុប្រធានគណៈកម្មាធិការសាខា តំណាងសមាជិកនៃគណៈកម្មាធិការសាខាអាណត្ដិទី៥, បន្ទាប់មកប្រកាសសមាសភាពបេក្ខជនគណៈកម្មាធិការសាខាសម្រាប់អាណត្ដិទី៦ ហើយឆ្លង និងអនុម័តលើសមាសភាពបេក្ខជនគណៈកម្មការរៀបចំបោះឆ្នោត ដោយលើកបណ្ណអនុម័ត។

ក្រោយដំណើការបោះឆ្នោតរួច គណកម្មការរៀបចំ បានប្រកាសសន្លឹកឆ្នោតបានការចំនួន៦៦ លើ៦៦សន្លឹក។ ជាលទ្ធផល អង្គសន្និបាតបានបោះឆ្នោតគាំទ្រសមាសភាពបេក្ខជន គណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យទាំង ១៥រូប សម្រាប់អាណត្ដិទី៦ ។ហើយដើម្បីអនុវត្តតាមនីតិវិធី គណៈកម្មាធិការសាខា ដែលទើបជាប់ឆ្នោតថ្មី គឺត្រូវបានបើកកិច្ចប្រជុំលើកទី១ ជ្រើសរើសបេក្ខភាព ប្រធាន អនុប្រធានអចិន្ត្រៃយ៍ អនុប្រធាន ហេរញ្ញិក និងលេខាធិការ ដើម្បីបន្តសុំការអនុម័ត ពីអង្គសន្និបាត។

ជាលទ្ធផលអង្គសន្និបាត បានអនុម័តគាំទ្រដោយទទួលយកបេក្ខភាព លោក មាន ចាន់យ៉ាដា ជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ សម្រាប់អាណតិ្ដទី៦, អនុប្រធានអចិន្ត្រៃយ៍ចំនួន៣រូប, ហេរញ្ញិកមួយរូប, លេខាធិការមួយរូប និងសមាជិកសមាជិកាសាខាចំនួន ៩រូបទៀត។

សមាភាពគណៈ កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ អាណតិទី៦នេះ ក៏ត្រូវបានទទួលស្គាល់ជាផ្លូវការពីកាកបាទក្រហមកម្ពុជា ដោយសេចក្តីសម្រេច ដែលចុះហត្ថលេខា ដោយសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

ជំនួសមុខឱ្យគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ អាណត្តិទី៦ និងក្នុងនាមរូបលោកផ្ទាល់ ដែលទើបទទួលបានការបោះឆ្នោតគាំទ្រពីអង្គសន្និបាតជាប្រធានគណៈកម្មាធិការថ្មី លោក មាន ចាន់យ៉ាដា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុត និងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ លោកស្រីបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមទាំងអង្គសន្និបាតទាំងមូល ដែលផ្តល់ទំនុកចិត្តបោះឆ្នោត ជូនលោកជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា សម្រាប់អាណត្តិទី៦ ដើម្បីដឹកនាំស្ថាប័នមនុស្សធម៌ ថ្នាក់ក្រោមជាតិមួយនេះ បម្រើផលប្រយោជន៍ ជនរងគ្រោះនិងងាយរងគ្រោះ ដែលត្រូវការចាំបាច់ការជួយសង្គ្រោះ ពីកាកបាទក្រហមកម្ពុជា។

ដើម្បីជាសក្ខីភាព និងឆ្លើយតបទៅនឹងគុណូប្បការដ៏ឧត្ដុង្គឧត្តម ចំពោះការផ្តល់សក្តីទុកចិត្ត និងការគាំទ្រដ៏មុតមាំ របស់ថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា ចំពោះរូបលោកក៏ដូចជា សមាជិក សមាជិកានៃគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តទាំងអស់ លោកបានប្តេជ្ញាចិត្តគោរពនូវគោលការណ៍គ្រឹះទាំង៧ របស់ចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម, ប្តេជ្ញា ខិតខំយកចិត្តទុកដាក់ ជួយសង្គ្រោះ ប្រជាពលរដ្ឋដែលងាយរងគ្រោះ និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗឱ្យបានទាន់ពេលវេលា និងប្តេជ្ញាពង្រឹងអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា ដែលបានបណ្តុះបណ្តាលហើយតាមភូមិនីមួយៗ ទូទាំងខេត្ត តាមរយៈការចុះជួប និងផ្ដល់វគ្គបំប៉ន ។ជាងនេះទៅទៀតប្តេជ្ញាយកអស់កម្លាំងកាយចិត្ត បំផុសផ្សព្វផ្សាយគោលការណ៍ និងសកម្មភាពនានា របស់កាកបាទក្រហមកម្ពុជា ក៏ដូចជាសាខាដើម្បីចលនាចូលរួមពីសំណាក់ប្រជាពលរដ្ឋ ចូលជាសមាជិកភាពឱ្យបាន ១% នៃចំនួនប្រជាពលរដ្ឋទូទាំងខេត្ត។

ជាពិសេសប្តេជ្ញាពង្រឹងពង្រីកសមាជិកភាពតាមបណ្តាមន្ទីរ អង្គភាពនានាជុំវិញខេត្ត និងស្រុក/ក្រុងឱ្យបាន ១០០% នាឆ្នាំ២០២៥-២០៣០, ការទំនាក់ទំនងល្អ ជាមួយគណៈកិត្តិយសសាខាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា និងអនុសាខា តាមបណ្ដាក្រុង/ស្រុកទូទាំងខេត្ត និងបំផុសចលនាកៀរគរមូលនិធិ ពីគ្រប់ប្រភព ដើម្បីនិរន្តភាពសកម្មភាពមនុស្សធម៌ និងធ្វើការទំនាក់ទំនងល្អ ជាមួយដៃគូសហការប្រតិបត្ដិការ។

ក្នុងឱកាសថ្លែងបិទអង្គសន្និបាតដោយលោកស្រីបណ្ឌិត អ៊ុក ម៉ាលី ក្នុងនាមសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្តែងក្តីសោមនស្សរីករាយ និង សូមអបអរសាទរ យ៉ាងកក់ក្តៅ រួមជាមួយការ ប្រកាសគាំទ្រ និងទទួលស្គាល់ សមាសភា គណៈកម្មាធិការសាខាទាំង ១៥រូប ដែលទើបទទួលបាននូវទំនុកចិត្ត ពីអង្គសន្និបាតនាពេលនេះ។

លោកស្រីបណ្ឌិត ក៍បានពាំនាំ នូវព្រះសុវណ្ណី សួរសុខទុក្ខប្រកបដោយព្រះរាជហឫទ័យនឹករលឹក ពី សម្តេចព្រះមហាក្សត្រី សម្តេចព្រះវរ រាជមាតាជាតិខ្មែរ និងពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន នូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យអាណត្តិទី៥ ដែលតែងតែបាន ខិតខំប្រឹងប្រែង និងស្ម័គ្រចិត្តយ៉ាងសកម្ម បំពេញភារកិច្ចមនុស្សធម៌ ដ៏វិសេសវិសាលមួយ អាណត្តិកន្លងទៅ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតសម្រេចបាននូវសមិទ្ធកម្ម ជាបន្តបន្ទាប់ ដូចជានៅក្នុងការលើកកម្ពស់ យល់ដឹងពីយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងការផ្តល់ប្រាក់កម្ចីខ្នាតតូច ពុំមានការប្រាក់ ដើម្បីលើកកម្ពស់ ជីវភាពគ្រួសារ មានពិការភាព និងគ្រួសាររស់នៅក្នុងតំបន់មានហានិភ័យខ្ពស់ដោយយុទ្ធភណ្ឌមិនទាន់ផ្ទុះជាដើម។

ដោយឡែកនៅក្នុងកាបន្តបេសកកម្មមនុស្សធម៌របស់គណៈកម្មាធិការសាខាអាណត្តិទី៦នេះ លោកស្រីបណ្ឌិត អគ្គហេរញ្ញិក មានជំនឿ យ៉ាងមុតមាំថា លោក មាន ចាន់យ៉ាដា ប្រធានគណៈកម្មាធិការសាខា ដែលបច្ចុប្បន្នជាសមាជិក គណៈកម្មាធិការកណ្តាល អាណត្តិទី៧ផង និងធ្លាប់ជាមន្ត្រីកាកបាទក្រហមកម្ពុជាដឹកនាំការអនុវត្តគម្រោងអប់រំថែទាំសុខភាពតាមសហគមន៍ គាំទ្រដោយកាកបាទក្រហមអង់គ្លេស រយៈពេល៤ ឆ្នាំ គឺ ពីឆ្នាំ២០០០ មកដល់ឆ្នាំ ២០០៤ផង ពិតជាមាន បទពិសោធន៍ជ្រៅជ្រះ និងស្គាល់ច្បាស់ណាស់ពីសារៈសំខាន់និងគុណតម្លៃរបស់អ្នកស្ម័គ្រចិត្ត និងយុវជន កាកបាទក្រហម ដែលជាឆ្អឹងខ្នង របស់ចលនា និងជាប្រតិបត្តិករជួរមុខ ក្នុងការជួយសម្រាលទុក្ខលំបាកប្រជា ពលរដ្ឋ និងក្នុងការដឹកនាំអនុវត្តកម្មវិធី និងសកម្មភាពនានា តាមទិសស្លោក កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល” ដោយប្រកាន់ខ្ជាប់ គោលការណ៍គ្រឹះទាំង៧ របស់ ចលនាអន្តរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម។

ជាមួយគ្នានោះដែរ ដើម្បីលើកកម្ពស់ ភាពជាអ្នកដឹកនាំរបស់សាខា លោកស្រីបណ្ឌិតក៏បានជម្រាបជូនអង្គសន្និបាត នូវអនុសាសន៍ តម្រង់ទិស របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាមួយចំនួនផងដែរ ជាពិសេសគឺការលើកកម្ពស់ការពង្រឹងតួនាទីស្នូល របស់យុវជន កាកក្រហមកម្ពុជតាមរយៈយន្តការ ពង្រឹងក្លឹប យុវជន ដឹកនាំធ្វើជាគំរូ ក្នុងសកម្មភាព មិត្តអប់រំមិត្ត មិត្តជួយមិត្ត និងត្រូវ យកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងពង្រីកកម្លាំងអ្នកស្ម័គ្រចិត្តនិងធ្វើការបណ្ដុះបណ្ដាលបង្កើនសមត្ថភាព ជំនាញ ដូចជា ការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ ការអប់រំផ្សព្វផ្សាយ លើកកម្ពស់យល់ដឹងពីគ្រោះថ្នាក់បង្កដោយយុទ្ធភណ្ឌមិនទាន់ផ្ទុះពីចំណាកស្រុក ដោយសុវត្ថិភាពពីសុខភាពសាធារណៈ ជាពិសេសការទប់ស្កាត់ជំងឺឆ្លងនានា និងជំងឺមិនឆ្លងទាំងបួនមុខដែលកំពុងប្រឈមក្នុងចំណោមប្រជាពលរដ្ឋទូទៅ។

សូមជម្រាបជូនថា ក្នុងពិធីនេះដែរ សប្បុរសជននានា បាននាំយកថវិកាសប្បុរសធម៌ចូលរួមឧបត្ថម្ភ ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ ដើម្បីរួមចំណែកទ្រទ្រង់សកម្មភាពមនុស្សធម៌ នៅក្នុងខេត្តឧត្តរមានជ័យ ដែលជាបឋមទទួលបានថវិកាប្រមាណជាង ៦ម៉ឺនដុល្លារអាមេរិក៕