(ភ្នំពេញ)៖ លោក ស្រី លូរាល់ មីលឺ (Laurel. E Miller) ប្រធាន និងជានាយកប្រតិបត្តិមូល​និធិ​អាស៊ី បានប្រកាសគាំទ្រ និងជួយដល់កិច្ចអភិវឌ្ឍន៍នៅកម្ពុជា ដោយដើរស្របនឹងគោល​នយោ​បាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ដើម្បីសម្រេចបានការអភិវឌ្ឍ​ និងវិបុលភាព។

អង្គការមូលនិធិអាស៊ី គឺជាអង្គការផ្នែកអភិវឌ្ឍន៍មួយនៅអាស៊ី ហើយបានចូលរួមក្នុងកិច្ចអភិវឌ្ឍន៍​នៅកម្ពុជាអស់ជាច្រើនឆ្នាំមកហើយ។ នៅព្រឹកថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក ស្រី លូរាល់ មីលឺ ដែលជាប្រធានថ្មីរបស់អង្គការមូលនិធិអាស៊ី បានដឹកនាំគណៈប្រតិភូចូលជួបសម្តែង​ការ​គួរសម និងពិភាក្សាការងារលើកិច្ចការមួយចំនួនជាមួយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទី។

នៅក្នុងជំនួបនេះ លោកស្រីនាយកប្រតិបត្តិមូលនិធិអាស៊ី បានជម្រាបសម្តេចតេជោ នូវលទ្ធផល​ការ​ងារមួយចំនួនរបស់មូលនិធិអាស៊ី ជាពិសេសកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាល​កម្ពុជា និងចក្ខុវិស័យទៅខាងមុខក្នុងការចូលរួមគាំទ្រការងារអាទិភាពរបស់រដ្ឋាភិបាល។ ផ្អែកលើ​គោលបំណងនេះ លោកស្រី ក៏បានស្នើសុំអនុសាសន៍ និងការចង្អុលបង្ហាញបន្ថែមពី​សម្តេច​តេជោផងដែរ។

លោកស្រីប្រធាន បានជម្រាបសម្តេចតេជោថា មូលនិធិអាស៊ីកំពុងប្រារព្ធខួបលើកទី៧០ នៃប្រតិប​ត្តិ​ការ​នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក បន្ទាប់ពីបានចំណាយពេលប្រាំពីរទសវត្សរ៍ ដើម្បីចូលរួមគាំទ្រ​ដល់​​ការអភិវឌ្ឍរបស់បណ្តាប្រទេសជាដៃគូ និងដោះស្រាយបញ្ហាប្រឈមនានាក្នុងវិស័យ​អភិបាល​កិច្ច ការអភិវឌ្ឍសេដ្ឋកិច្ច វឌ្ឍនភាពសង្គម និងជួយគាំទ្រទៅតាមអ្វីដែលជាបំណងប្រាថ្នា​របស់​ប្រទេស​ដៃគូ។

លោកស្រីបន្តថា សម្រាប់កម្ពុជា បេសកកម្មរបស់មូលនិធិអាស៊ី គឺការប្តេជ្ញាជួយគាំទ្រ​ដល់​វិស័យ​អាទិភាពដែលរដ្ឋាភិបាលបានដាក់ចេញ ដែលជាបំណងប្រាថ្នារបស់ប្រទេស និងប្រជាជន​កម្ពុជា។ កន្លងមកមូលនិធិអាស៊ី តែងតែតម្រឹមគំនិតផ្តួចផ្តើម និងកម្មវិធីនានា ឱ្យមានភាពស៊ី​សង្វាក់គ្នា​ជាមួយគោលនយោបាយរបស់រដ្ឋាភិបាល។ នៅក្នុងកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ មូលនិធិអាស៊ីបានបញ្ជូននិស្សិតទៅបន្តការសិក្សានៅសហរដ្ឋអាមេរិក បញ្រ្ជាបចំណេះ​ដឹង​ឌីជី​ថល និងបច្ចេកវិទ្យា ដើម្បីបង្កើនចំនួនកម្លាំងពលកម្មផ្នែកឌីជីថល។ មូលនិធិអាស៊ី ក៏បានគាំទ្រ​ដល់អ្នកស្រាវជ្រាវវ័យក្មេង អ្នកស្រាវជ្រាវជាស្រ្តី និងផ្តល់ការប្រឹក្សាលើអាជីពការងារផងដែរ។

ក្នុងវិស័យសេដ្ឋកិច្ច មូលនិធិអាស៊ីបានជួយគាំទ្រដល់ការសិក្សាស្រាវជ្រាវ ដើម្បីកសាងជា​របាយ​ការណ៍ជំនួយដល់ការវិនិយោគ និងធុរកិច្ច ជាពិសេសគឺការជួយគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម តាមរយៈការកសាងសមត្ថភាពដល់សហគ្រិនវ័យក្មេង និងសហគ្រិនជានារី លើជំនាញឌីជីថល បច្ចេកវិទ្យា និងហិរញ្ញវត្ថុ។

មូលនិធិអាស៊ី តែងចូលរួមសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័ននានារបស់រដ្ឋាភិបាលកម្ពុជា ជា​ពិសេស គឺការចូលរួមគាំទ្រយ៉ាងសកម្មដល់អាជ្ញាធរនៅតាមមូលដ្ឋាន ដូចជាការចុះធ្វើការ​ស្រាវ​ជ្រាវពីជីវភាពរស់នៅរបស់ប្រជាជន ដើម្បីកសាងភាពធន់នឹងវិបត្តិ និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងការបើកវគ្គបណ្តុះបណ្តាលពីវិធីសាស្រ្តកសាងគម្រោងថវិកាជាដើម។

លោកស្រីបានគូសបញ្ជាក់ថា សម្រាប់ទស្សនវិស័យទៅថ្ងៃខាងមុខ មូលនិធិអាស៊ី នឹងបន្តខិតខំ​គាំ​ទ្រ​ដល់ការអភិវឌ្ឍរបស់កម្ពុជា ដោយអនុលោមតាមយុទ្ធសាស្រ្ត គោលនយោបាយ និងរបៀបវារៈ​អាទិភាពរបស់រដ្ឋាភិបាល ដែល​ជាបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា និងជាបេកកម្មរបស់មូល​និធិអាស៊ី គឺធ្វើយ៉ាងណាបន្តគាំទ្រ​ដល់ប្រទេសកម្ពុជា ឱ្យទទួលបានសុខសន្តិភាព វិបុលភាព និងការអភិវឌ្ឍរហូតទៅ។

សម្តេចតេជោ ហ៊ុន សែន បានកត់សម្គាល់ដោយសេចក្តីពេញចិត្តចំពោះ​លទ្ធផលនៃកិច្ចសហ​ប្រតិ​បត្តិការ និងការគាំទ្ររបស់មូលនិធិអាស៊ីដល់ការអភិវឌ្ឍប្រទេសកម្ពុជា ដែលឆ្នាំ២០២៤នេះ គឺជា​ខួប​ទី៣០ឆ្នាំ នៃភាពជាដៃគូកិច្ចសហប្រតិបត្តិការរវាងមូលនិធិអាស៊ី និងព្រះរាជាណាចក្រកម្ពុជា ហើយក៏ជាខួបលើកទី៧០ នៃការបង្កើតមូលនិធិអាស៊ីផងដែរ។

សម្តេចតេជោ បានបញ្ជាក់ថា ទោះបីពេលនេះ សម្តេច មិនមែនជានាយករដ្ឋមន្រ្តី និងមានការ​ផ្លាស់ប្តូររាជរដ្ឋាភិបាលយ៉ាងណាក្តី ប៉ុន្តែគោលនយោបាយអភិវឌ្ឍន៍ប្រទេស គោលនយោបាយ​ការបរទេស កិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ ដូចជាការគាំទ្រដល់ដំណើរការនៃមូល​និធិអាស៊ី គឺគ្មានការផ្លាស់ប្តូរនោះទេ ហើយនឹងត្រូវបន្តធ្វើការ និងទទួលលទ្ធផលជាវិជ្ជ​មានជាមួយ​គ្នា​ថែមទៀត។

សម្តេចតេជោប្រមុខរដ្ឋស្តីទី បានអរគុណលោកស្រីប្រធាន និងមូលនិធិអាស៊ី ដែលបានចូលរួមជា​មួយ​ប្រទេសកម្ពុជា ទោះបីក្នុងកិច្ចការតូច ឬធំក្តី ប៉ុន្តែគឺបាននៅជាមួយ​​កម្ពុជា តាំងពីឆ្នាំ១៩៩៣ គឺចាប់តាំងពីប្រទេសកម្ពុជា មិនទាន់ស្គាល់សន្តិភាព​ពេញ​លេញ​នៅឡើយ។

សម្តេចតេជោ បានបន្តថា កម្ពុជា ទើបបានមកស្គាល់សន្តិភាព ឯកភាពជាតិ និងទឹកដីទាំង​ស្រុង ក្នុងឆ្នាំ១៩៩៨ ក្រោយសម្តេច បានដាក់ចេញយុទ្ធសាស្រ្តឈ្នះ-ឈ្នះ ហើយមកដល់​ថ្ងៃនេះ គ្មាន​នរណាម្នាក់ប្រឆាំងនឹងយុទ្ធសាស្រ្តឈ្នះ-ឈ្នះរបស់សម្តេច ដែលនាំកម្ពុជាស្គាល់​សន្តិភាព​ទាំងស្រុង និងមិនធ្លាប់មានក្នុងរយៈពេល៥០០ឆ្នាំនៃប្រវត្តិសាស្រ្តកម្ពុជា។

សម្តេចតេជោបន្តថា គម្រោងអភិវឌ្ឍន៍នានារបស់មូលនិធិអាស៊ី ក៏អាចអនុវត្តបានជោគជ័យ និងស៊ី​សង្វាក់​​គ្នា​ជាមួយ​រដ្ឋាភិបាលចាប់ពីពេលនោះមកដូចគ្នា។ សម្តេចតេជោ បានមានប្រសាសន៍ថា ការដាក់ចេញយុទ្ធសាស្រ្តដឹកនាំប្រទេស គឺអាស្រ័យទៅតាមដំណាក់កាលរបស់ប្រទេសទាំងស្ថាន​ភាពផ្ទៃក្នុង និងស្ថានភាពខាងក្រៅ។

ដោយឡែកនៅក្នុងដំណាក់កាលដំបូងដែលសម្តេច ធ្វើជានាយករដ្ឋមន្រ្តី សម្តេចបានដាក់​ចេញ​យុទ្ធសាស្រ្តត្រីកោណ ដែលគោលដៅអាទិភាពបំផុតនៅពេលនោះគឺ៖ ទី១) សន្តិភាវូបនីយ​កម្ម​ពេញ​ផ្ទៃប្រទេស មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាក់ និងគ្មានការសងសឹកពីអតីតក្រុម​ប្រដាប់​អាវុធណាមួយ, ទី២) ការធ្វើសមាហរណកម្មកម្ពុជាទៅក្នុងសហគមន៍អន្តរជាតិ​ឱ្យបានលឿន​បំផុត ដោយសម្តេចតេជោ ផ្តល់មូលហេតុថា អង្គការអន្តរជាតិ ទាំង UN, ASEAN, ចលនាមិន​ចូលបក្សសម្ព័ន្ធ (NAM), WTO ឬសូម្បីអង្គការ IAEA គឺសុទ្ធតែជាអាវក្រោះជួយការពារ និង​ជួយពង្រឹងកម្ពុជាឱ្យឆាប់រីកចម្រើន ដូច្នេះកម្ពុជាមិនត្រូវខ្លាច អង្គការអន្តរជាតិ និងមិនត្រូវ​ខ្វល់​ពី​ការ​បង់ប្រាក់សមាជិកភាពនោះទេ, ទី៣) ផ្អែកលើកត្តាអនុគ្រោះផ្ទៃក្នុង និងអន្តរជាតិ រាជរដ្ឋាភិបាល​ត្រូវប្រមូលកម្លាំងសរុបទាំងអស់កាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ច ដែលលទ្ធផល​គួរ​ជាទីមោទនៈបំផុត ក្នុងឆ្នាំ២០០៥ កំណើនសេដ្ឋកិច្ចកម្ពុជា កើនឡើងដល់អត្រា ១៣,៣ភាគរយ និង​កើនលើស ១០ភាគរយ រហូតដល់វិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ២០០៨។

យុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដំណាក់កាលក្រោយមកទៀត គឺយុទ្ធសាស្រ្តចតុកោណ ដែល​ផ្តោត​សំខាន់លើ ទឹក ផ្លូវ ភ្លើង និងមនុស្ស ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាពនៅ​កម្ពុជា។ លុះក្រោយមករាជរដ្ឋាភិបាល ក៏បានសម្រេចយកមនុស្ស ជាអាទិភាពនាំមុខវិញ គឺ មនុស្ស ទឹក ផ្លូវ និងភ្លើង។

សម្តេចតេជោប្រមុខរដ្ឋស្តីទីបានបញ្ជាក់ថា សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧នេះ ដែលជារាជរ​ដ្ឋាភិបាល​ជំនាន់ថ្មី កើតចេញពីការលះបង់របស់សម្តេចតេជោ ដើម្បីសន្តិភាព និងការអភិវឌ្ឍ​រយៈពេល​វែង សម្តេចជឿជាក់ថា ជាការសម្រេចចិត្តបានត្រឹមត្រូវជាទីបំផុត ព្រោះសមស្របនឹង​ស្ថានភាពពិភពលោក និងដំណាក់កាលបដិវត្តន៍ឧស្សាហកម្មទី៤ ដំណាក់កាលទី១​នៃយុទ្ធសាស្ត្រ​បញ្ចកោណ ផ្តោតលើឌីជីថល និងបច្ចេកវិទ្យា ដែលត្រូវការមេដឹកនាំជាយុវជនជំនាន់ថ្មីផងដែរ។

សម្តេចតេជោ បានបន្តទៀតថា យុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ គឺបន្តការ​ងារពីអាណត្តិមុន ប៉ុន្តែបន្ថែមឌីជីថលនិងបច្ចេកវិទ្យា គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា អមដោយបាវចនា កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។

ផ្អែកលើការ​ដាក់​ចេញយុទ្ធសាស្រ្ត និងគោលនយោបាយអាទិភាពបែបនេះ សម្តេចតេជោ ជឿជាក់​ថា មូលនិធិ​អាស៊ី នឹងយកទៅសិក្សាដើម្បីកសាងកម្មវិធី និងគម្រោងនានា ដែលស៊ីសង្វាក់​គ្នា ដើម្បីជួយគាំទ្រដល់រដ្ឋាភិបាល អភិវឌ្ឍប្រទេសកម្ពុជា ឱ្យសម្រេចបានទៅតាមគោលដៅក្លាយ​ជា​ប្រទេស​មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងប្រទេសចំណូល​ខ្ពស់នៅ​ឆ្នាំ​២០៥០៕