(ភ្នំពេញ)៖ សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ជាព្រះប្រធានប៉ុស្ដិ៍សុខភាព សម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី បានថ្លែងអំណរគុណដល់សប្បុរសជន ដែលបានជួយទ្រទ្រង់ឱសថ (ថ្នាំ) សម្រាប់ប្រើប្រាស់ទូទៅដល់សមណនិស្សិត-និស្សិត នៃពុទ្ធិសាកលវិទ្យាល័យព្រះសីហមុនីរាជា និងព្រះសង្ឃ ប្រជាពលរដ្ឋទូទៅដោយព្យាបាលមិនគិតថ្លៃ។

ការថ្លែងអំអរគុណនេះ គឺបន្ទាប់សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ជាព្រះប្រធានប៉ុស្ដិ៍សុខភាព ទ្រង់យាងទទួលឱសថ ពីលោកស្រី ទាវ ប៊ុនចិន្តា លោកស្រី ឧកញ៉ា គង់សំណាង លោកស្រី ឧកញ៉ា សាយ សោភា និងលោកស្រី សុខ វិច្ចរ៉ាវីនី សម្រាប់ប្រើប្រាស់ទូទៅដល់សមណនិស្សិត-និស្សិត នៃពុទ្ធិសាកលវិទ្យាល័យព្រះសីហមុនីរាជា និងព្រះសង្ឃប្រជាពលរដ្ឋទូទៅ ដោយព្យាបាលមិនគិតថ្លៃ។

គួរបញ្ជាក់ជូនថា ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូបួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី ទទួលបានការប្រោសប្រទានព្រះរាជនាមដ៏ថ្លៃថ្លាបំផុត ពីព្រះករុណា ព្រះមហាក្សត្ស នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមព្រះរាជកិច្ចដឹកនាំស្ថាបនិក ដោយផ្ទាល់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងជាព្រះប្រធានប៉ុស្តិ៍សុខភាព ដោយទឹកព្រះទ័យមេត្តា សតិ បញ្ញា​ និងគុណធម៌ដ៏ថ្លៃថ្លាជាទីបំផុត ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ផែនការ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ បេសកកម្មដ៏ស្វាហាប់ ក្នុងការលើកកម្ពស់វិស័យអប់រំ និងសុខភាពសាធារណៈ ដើម្បីលើកតម្កើងនូវឧត្តមភាពជាតិ សាសនា ព្រះមហាក្សត្រ ក្នុងម្លប់តេជោសន្តិភាព វឌ្ឍនភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕