(កំពង់ស្ពឺ)៖ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) នៅព្រឹកថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នាសាលប្រជុំនៃសាលាខេត្តកំពង់ស្ពឺ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីបេសកកម្មការងាររបស់ខ្លួន ក្រោមអធិបតីភាព លោក ប៉ូច សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកនៃ អ.ដ.ក. តំណាងលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក.។

សិក្ខាសាលាផ្សព្វផ្សាយនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក មាស​ សុកែវ​ សមាជិកនៃ អ.ដ.ក. ថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត រដ្ឋបាលក្រុង ស្រុក តំណាងស្នងការដ្ឋាននគរបាលខេត្ត តំណាងមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត រដ្ឋបាលឃុំ សង្កាត់ សរុបប្រមាណជា ១៦០ នាក់។

ថ្លែងក្នុងឱកាសនេះ លោក ប៉ូច សោភ័ណ បានលើកឡើងអំពីសារៈសំខាន់នៃការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ហៅកាត់ថា អ.ដ.ក. ដែលជាយន្តការបំពេញបន្ថែមលើយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលមានស្រាប់នៅកម្ពុជា​ ក៏ដូចជារួមចំណែកលើកកម្ពស់យន្តការនៃការ​សម្រុះសម្រួល​ផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការឱ្យកាន់តែងាយស្រួល កាន់តែសម្បូរបែប កាន់តែខិតជិតប្រជាពលរដ្ឋនៅមូលដ្ឋាន និងកាន់តែប្រសិទ្ធភាពក្នុងការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ។ ការបង្កើត​ អ.ដ.ក. នេះ ក៏ជាសមិទ្ធផលជាក់ស្តែងមួយក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់ និងភាពប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សំដៅសម្រេចឱ្យបាននូវទិសដៅ និងគោល​នយោបាយពាក់ព័ន្ធនឹងការកែទម្រង់ប្រព័ន្ធយុត្តិធម៌ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភានេះ។

ការរៀបចំសិក្ខាសាលានេះ គឺជាផ្នែកមួយនៃការអនុវត្តគម្រោងមួយរបស់ អ.ដ.ក. ឈ្មោះថា «គម្រោងឆ្ពោះទៅកាន់មូលដ្ឋាន» ដែលគម្រោងនេះផ្តោតជាសំខាន់លើសកម្មភាព ចំនួន ២ គឺ៖

* ទី១៖ ការផ្សព្វផ្សាយអំពីបេសកកម្មនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនដល់មន្ត្រីនៅថ្នាក់ក្រោមជាតិ,
* ទី២៖ រៀបចំវគ្គបណ្តុះបណ្តាលលើជំនាញសម្រុះសម្រួលដោះស្រាយវិវាទ សំដៅពង្រឹងសមត្ថភាពដល់មន្ត្រីទទួលបន្ទុកការងារដោះស្រាយវិវាទនៅតាមមូលដ្ឋាន។

សូមបញ្ជាក់ថា ខេត្តកំពង់ស្ពឺ គឺជាខេត្តគោលដៅទី ៥ បន្ទាប់ពីខេត្តបាត់ដំបង, ខេត្តកណ្តាល, ខេត្តបន្ទាយមានជ័យ និងខេត្តព្រៃវែង ដែល អ.ដ.ក. បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពនេះ ហើយនាពេលខាងមុខ អ.ដ.ក. នឹងបន្តអនុវត្ត «គម្រោងឆ្ពោះទៅកាន់មូលដ្ឋាន” ដល់រដ្ឋបាលរាជធានី ខេត្តទាំងអស់ទូទាំងប្រទេស៕