(ស្វាយរៀង)៖ លោកវេជ្ជបណ្ឌិត គុជ ស៊ីថា ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង បានថ្លែងស្នើដល់ម្ចាស់ទីតាំងគ្រប់រូប ពិសេសវិស័យឯកជន ត្រូវតែមានកិច្ចសហការល្អ និងពង្រឹងការយកចិត្តទុកដាក់លើការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រឲ្យមានប្រសិទ្ធភាពខ្ពស់។

ការថ្លែងរបស់លោកវេជ្ជបណ្ឌិត យ៉ាងដូច្នេះនៅក្នុងកិច្ចប្រជុំស្តីពី ការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រដល់មូលដ្ឋានផ្តល់សេវាសុខាភិបាលឯកជន នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលប្រជុំមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង។

នៅចំពោះមុខអ្នកចអ្នកចូលរួមប្រមាណ ១៨០ នាក់ លោកវេជ្ជបណ្ឌិត បានសម្តែងនូវការសេចក្តីសោមនស្សរីករាយ និងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន ប៊ុន លាង លី គ្លូប៊ល ឯ.ក ដែលបានចំណាយធនធាន និងពេលវេលាដ៏មានតម្លៃអញ្ជើញមកធ្វើការបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រ ដល់សិក្ខាកាមទាំងអស់ ។

លោកវេជ្ជបណ្ឌិត បានបន្តថា មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង ជានិច្ចកាលតែងតែបានយកចិត្តទុកដាក់លើវិស័យសុខាភិបាលក្នុងខេត្ត ដែលជាវិស័យអាទិភាពចំបងមួយក្នុងចំណោមវិស័យដទៃទៀត នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នីតិកាលទី៧ នៃរដ្ឋសភា ក៏ដូចជាតែងតែខិតខំពង្រឹង និងបំពេញបន្ថែមនូវសមត្ថភាពក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធិភាព គុណភាព សុវត្ថិភាព និងតម្លាភាព។

លោកវេជ្ជបណ្ឌិតបានបន្ថែមថា ការផ្តល់សេវាសុខាភិបាលដែលមានប្រសិទ្ធភាព គុណភាព និងសុវត្ថិភាព ពុំមែនមានតែត្រឹមសមត្ថភាព និងបទពិសោធន៍ប៉ុណ្ណោះទេ លើសពីនេះទាមទារឲ្យមានការគ្រប់គ្រងសំណល់ឆ្លងរោគ សំណល់វេជ្ជសាស្ត្រឲ្យបានត្រឹមត្រូវតាមលក្ខណៈបចេ្ចកទេសជាចាំបាច់ ដើម្បីជៀសវាងការចម្លងរោគដល់អ្នកជំងឺ អ្នកផ្តល់សេវាផ្ទាល់ និងក្រុមគ្រួសារ ព្រមទាំងបងប្អូនប្រជាពលរដ្ឋផងដែរ។

គួរបញ្ជាក់ថា បច្ចុប្បន្នមូលដ្ឋានផ្តល់សេវាសុខាភិបាលឯកជន ក្នុងខេត្តស្វាយរៀង សរុបមានចំនួន ៧៣៧ ទីតាំង៕