(ត្បូងឃ្មុំ)៖ នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ លោក ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជួបសំណេះសំណាលជាមួយពាណិជ្ជករទូទាំងខេត្ត នៅបរិវេណសភាពាណិជ្ជកម្មខេត្ត ស្ថិតនៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទីរួមខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះ លោកឧកញ៉ា សុខ ហ៊ាង ប្រធានសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ បានឲ្យដឹងថា សភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ បង្កើតឡើងដោយ អនុក្រឹត្យលេខ១០៤អនក្រ.ប្រក ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ មានសមាជិកជ្រើសរើសតាំងសរុប១៥រូប ទីប្រឹក្សាសរុប១៤រូប។ ទន្ទឹមនេះ សភាពាណិជ្ជកម្ម មានភារកិច្ចជួយសម្រួលរកទីផ្សារ និងទាក់ទាញអ្នកវិនិយោគដើម្បីចូលរួមអភិវឌ្ឍ សេដ្ឋកិច្ចខេត្ត ក៏ដូចជាការរួមចំណែក ជំរុញកំណើនសេដ្ឋកិច្ចខេត្តតាមរយៈវិស័យឯកជន។

លោក ប៉ែន កុសល្យ បានវាយតម្លៃខ្ពស់ និងចូលរួមអបអរសាទរចំពោះលោកឧកញ៉ា សុខ ហ៊ាង ប្រធានសភាពាណិជ្ជកម្មខេត្ត ដែលជាប់នៅអាណត្តិទី២បន្តទៀត ដើម្បីបន្តការដឹកនាំជាមួយដៃគូវិនិយោគទាំងក្នុងខេត្ត និងទូទាំងប្រទេស។

លោកអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់ប្រធានសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំឲ្យរៀបចំនូវរចនាសម្ព័ន្ធការងារ ការអនុវត្តតួនាទីភារកិច្ច និងរបៀបរបបធ្វើការងារទៅតាមច្បាប់ អនុក្រឹត្យ បទប្បញ្ញត្តិ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមានបន្តទៀត។

លោកបានណែនាំ ត្រូវមានសាមគ្គីភាព និងឯកភាពផ្ទៃក្នុង បំពេញតួនាទី ជាតំណាងឲ្យពាណិជ្ជករ ឧស្សាហករ សេវាករ កសិករ និងការពារផលប្រយោជន៍រួមឲ្យប្រជាពលរដ្ឋ ដោយត្រូវធ្វើយ៉ាងណា បង្កើននូវទំនុកចិត្ត និងការគាំទ្រពីបណ្ដាពាណិជ្ជករ ក្រុមហ៊ុនវិយោគនានា។

លោកអភិបាលខេត្ត គូសបញ្ជាក់ថា រដ្ឋបាលខេត្ត នឹងនៅតែសហការគាំទ្រជានិច្ច រាល់ដំណើរការរបស់សភាពាណិជ្ជកម្ម សំដៅធ្វើយ៉ាងណាឲ្យប្រព្រឹត្តទៅដោយរលូននិងល្អប្រសើរ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចពាណិជ្ជកម្ម តាមរយៈការបង្កើននូវទំនាក់ទំនងល្អ ជាមួយដៃគូវិនិយោគឲ្យកាន់តែច្រើនឡើង ដើម្បីធ្វើការអភិវឌ្ឍរីកចម្រើនទ្វេរឡើងថែមទៀត៕