(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ នាំយកទេយ្យវត្ថុ និងចង្ហាន់ទៅប្រគេនព្រះសង្ឃក្នុងថ្ងៃពិធីបុណ្យកាន់បិណ្ឌវេនទី២ នៅវត្តជ័យគីរី ហៅវត្តភ្នំហាន់ជ័យ ស្ថិតក្នុងស្រុកកំពង់សៀម និងវត្តសន្ធររង្សី ហៅវត្ត អន្លង់សំឡី ស្ថិតក្នុងស្រុកស្ទឹងត្រង់។

គួរំលឹកថា បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកំណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ។

ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២៤នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញាដល់ថ្ងៃទី៣ ខែតុលា។

សូមបញ្ជាក់ផងដែរថា ទេយ្យវត្ថុ និងចង្ហាន់ ដែលរដ្ឋបាលខេត្តកំពង់ចាម បានប្រគេនជូនព្រះសង្ឃ នៅវត្តជ័យគីរី ហៅវត្តភ្នំហាន់ជ័យ និងវត្តសន្ធរង្សី ហៅវត្តអន្លង់សំឡី ដោយក្នុង១វត្ត រួមមាន អង្គរទម្ងន់ ១០០ គីឡូក្រាម, ទឹកសុទ្ធ ៥កេស, ទឹកក្រូច ៥ កេស, ត្រីខ ១កេស, ទឹកត្រី ១កេស, ទឹកស៊ីអ៊ូ ៥កេស, មី ១កេសធំ, ទឹកដោះគោ ១កេសធំ, ស្កសរ ៥ គីឡូក្រាម, តែ ៥ គីឡូក្រាម និងថវិកាជាង៣លានរៀល។

ជាមួយគ្នានោះ រដ្ឋបាលខេត្តបានរៀបចំទៅវត្ថុ ផ្លែឈើ និងចង្ហាន់សម្រាប់ព្រះសង្ឃ ៧ ព្រះអង្គ និងបច្ច័យក្នុង ១អង្គ ១០ ម៉ឺនរៀលផងដែរ៕