(កំពង់ស្ពឺ)៖ អតីតសមាជិកបក្សប្រឆាំង ចំនួន១៣៦នាក់ ដែលសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា កាលពីពេលកន្លងទៅ ត្រូវបានប្រកាសបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជាជាផ្លូវការ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជានេះ ធ្វើឡើងក្រោមអធិបតីភាពក្រោមអធិបតីភាពលោក យូ សិរីវុឌ្ឍ បេសកជនពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, លោក ភឺន ផល្លា សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្ស និងលោក យឹម សុខុម អនុប្រធានប្រចាំការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ។
អតីតសមាជិក សមាជិកា និងជាសកម្មជនស្ម័គ្រស្មោះប្តូរផ្តាច់មកពីគណបក្សនយោបាយទាំងនេះ បានផ្លាស់ប្តូរចិត្តមកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងដឹកនាំរាជរដ្ឋាភិបាល បន្ទាប់ពីពួកគេបានមើលឃើញថា បក្សនេះបានធ្វើសកម្មភាព និងពលីកម្មជាច្រើនក្នុងបុព្វហេតុជាតិ និងប្រជាជន។
បើតាមមតិចំណាប់អារម្មណ៍ និងការប្តេជ្ញាចិត្ត របស់សមាជិកគណបក្សថ្មី បានលើកឡើងថា ការសម្រេចចាកចេញ របស់សមាជិក សមាជិកា និងជាសកម្មជនទាំង១៣៦នាក់ គឺដោយសារបានចាញ់ការឃោសនា បោកប្រាស់របស់ គណបក្សផ្សេង ដែលបង្ខូចមួលបង្កាច់គណបក្សប្រជាជនកម្ពុជាគ្រប់រូបភាព។ យើងខ្ញុំបានតាមដានយ៉ាងយកចិត្តទុកដាក់ ឃើញថាគណបក្សសង្គ្រោះជាតិក្តី គណបក្សភ្លើងទៀនក្តី និងគណបក្សផ្សេងៗទៀតក្តី សុទ្ធតែច្រើនយោបាយបោកប្រាស់ សន្យាតែមាត់ មិនដែលបានធ្វើអ្វីបន្តិចសោះ។
ទង្វើរបស់ពួកគេនឹងនាំឱ្យប្រជាជនរងនូវវិនាសកម្ម បែកបាក់ មានគំនុំគំគួន រវាងខ្មែរគ្នាឯង នាំប្រទេស ទៅរកជម្លោះ និងសង្គ្រាម បង្កជាវិនាសកម្មព្រាត់ប្រាស់ជាបន្តទៀត។ ផ្ទុយពីគណបក្សប្រជាជន ដែលបានរំដោះប្រជាជនឱ្យ រួចផុតពីបនប្រល័យពូជសាសន៍ ហើយបន្តរួបរួមសាមគ្គីឯកភាពគ្នា កសាង ការពារជាតិ មាតុភូមិ ឱ្យរីកចម្រើនលូតលាស់ជាបន្តបន្ទាប់ នាំមកនូវសន្តិភាព និងការអភិវឌ្ឍ ជូនជាតិ មាតុភូមិ និងប្រជាជនឥតឈប់ឈរ។
យើងខ្ញុំសូមសម្តែងនូវការដឹងគុណចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដឹកនាំនាវាកម្ពុជា ទៅរកសុខសន្តិភាព និងការអភិវឌ្ឍ ធ្វើឱ្យប្រជាជនកម្ពុជាទាំងក្នុង និងក្រៅប្រទេស អបអរសាទរ និងគាំទ្រ ជារៀងរហូត។
ដើម្បីឆ្លើយតបទៅនឹងគុណូបការៈខាងលើនេះ យើងខ្ញុំសូមប្តេជ្ញាចំពោះមុខគណៈអធិបតី និងភ្ញៀវកិត្តិយសទាំងអស់ដូចតទៅ៖
១-ប្តេជ្ញាដើរតាមគោលមាគ៌ានយោបាយ របស់គណបក្សប្រជាជនកម្ពុជាឥតងាករេ ជារៀងរហូត។
២-ប្តេជ្ញាប្រឆាំងដាច់ខាត ចលនាបំបះបំបោរ របស់ពួកក្បត់ជាតិ ឱ្យមានការប្រឆាំងជាមួយរាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត។
៣-ប្តេជ្ញាចូលរួមគាំទ្រយ៉ាងសកម្ម ជាមួយគណបក្សប្រជាជនកម្ពុជា នៅមូលដ្ឋាន ភូមិ ឃុំ ដែលយើងខ្ញុំកំពុងរស់នៅ។
៤-ជយោសន្តិភាព និងការអភិវឌ្ឍ។
៥-ជយោ គណបក្សប្រជាជនកម្ពុជាដ៏រុងរឿង៕