(ភ្នំពេញ)៖ លោក Jonathan Kings ឯកអគ្គរាជទូតនូវែលសេឡង់ប្រចាំកម្ពុជា បានប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរថែមទៀត។
ការប្តេជ្ញានេះ បានធ្វើឡើងក្នុងពេលលោកឯកអគ្គរាជទូត អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ។
ក្នុងជំនួបនោះ លោកឯកអគ្គរាជទូត បានគូសរំលេចពីការប្តេជ្ញាចិត្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងនូវែលសេឡង់ និងកម្ពុជា ឱ្យកាន់តែល្អប្រសើរថែមទៀត។ ជាពិសេសខិតខំជំរុញវិនិយោគិននូវែលសេឡង់មកកម្ពុជាឱ្យបានច្រើន។
លោកឯកអគ្គរាជទូត ក៏បានបង្ហាញបំណងផ្តល់កិច្ចសហប្រតិបត្តិការ សំដៅរួមចំណែកគាំទ្រការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ លោកឯកអគ្គរាជទូត បានគោរពជម្រាបជូនសម្តេចធិបតីថា រដ្ឋាភិបាលនូវែលសេឡង់នឹងបង្កើនចំនួនអាហារូបករណ៍ដល់និស្សិតកម្ពុជា ទៅសិក្សានៅប្រទេសនូវែលសេឡង់។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកឯកអគ្គរាជទូត ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ សម្តេចធិបតី បានថ្លែងអំណរគុណរដ្ឋាភិបាលនូវែលសេឡង់ដែលបានផ្តល់អាហារូបករណ៍ និងការបណ្តុះបណ្តាលដល់និស្សិត និងមន្ត្រីរាជការកម្ពុជា ព្រមទាំងផ្តល់ការឧបត្ថម្ភគាំទ្រលើវិស័យជាច្រើនផ្សេងទៀត រួមទាំងសកម្មភាពបោសសម្អាតមីន និងការអភិវឌ្ឍសហគមន៍នៅតំបន់អង្គរ។
សម្តេចធិបតី បានចែករំលែកដោយសង្ខេបអំពីយន្តការ និងវិធានគន្លឹះសំខាន់ៗ ក្នុងការធ្វើឱ្យបរិយាកាសវិនិយោគនៅកម្ពុជា កាន់តែប្រសើរឡើង និងប្រកបដោយភាពទាក់ទាញ។
សម្ដេចធិបតី និងលោក ឯកអគ្គរាជទូតក៏បានផ្លាស់ប្តូរយោបល់អំពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការ លើវិស័យមួយចំនួនដែលផ្តល់ប្រយោជន៍ដល់ប្រទេសទាំងពីរ មានអាទិ៍៖ ការអប់រំ និងបណ្តុះបណ្តាវិជ្ជាជីវៈ កសិកម្ម ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការអភិរក្សវប្បធម៌ និងការពារជាតិ៕