(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ បានរៀបចំសិក្ខាសាលាស្តីពីតួនាទី ភារកិច្ចរបស់មន្ត្រីនគរបាលយុត្តិធម៌និងការទំនងទំនងជាមួយស្ថាប័នតុលាការ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាសហប្រធានគណៈអធិបតី។

អង្គសិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្រោមគំនិតផ្តួចផ្តើមរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដែលទទួលបានគោលការណ៍ឯកភាពពីលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានសមាសភាពចូលរួមពីគ្រប់អង្គភាព និងស្ថាប័នពាក់ព័ន្ធនៅទូទាំងប្រទេស រួមមាន អគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋានរាជធានី-ខេត្តទាំង២៥ អធិការដ្ឋានក្រុង-ស្រុក-ខណ្ឌ និងអង្គភាពចំណុះក្រសួងមហាផ្ទៃ ព្រះរាជអាជ្ញានៃស្ថាប័នអយ្យការ ចៅក្រមនៃស្ថាប័នតុលាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ព្រមទាំងគណៈមេធាវី ដែលមានចំនួនសរុបប្រមាណ៦០០នាក់។

គោលបំណងសំខាន់ៗនៃសិក្ខាសាលានេះ រួមមាន៖

ទី១. ផ្តល់ឱកាសដល់តួអង្គពាក់ព័ន្ធទាំងអស់ រួមមាន៖ ព្រះរាជាអាជ្ញា ចៅក្រម មេធាវី និងមន្ត្រីនគរបាលយុត្តិធ៌ ធ្វើការសិក្សាស្វែងយល់ ផ្លាស់ប្តូរចំណេះដឹង និងបទ ពិសោធន៍គ្នាទៅវិញទៅមក ក្នុងការអនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួន ដើម្បីឈានទៅដល់ការ ធ្វើកែសម្រួល កែលម្អ កែតម្រូវ និងកែទម្រង់ លើការអនុវត្តក្រមនីតិវិធីព្រហ្មទណ្ឌសម្រាប់ពេលបច្ចុប្បន្ននិង អនាគត។

ទី២. ដោះស្រាយសំណូមពរ និងបញ្ហាប្រឈមផ្សេងៗរបស់តួអង្គពាក់ព័ន្ធទាំងអស់ ក្នុងដំណើរការនីតិ វិធីនៃរឿងក្តីព្រហ្មទណ្ឌ ជាពិសេសក្នុងដំណាក់កាលនៃការបំពេញតួនាទីនិងភារកិច្ចមន្ត្រីនគរបាលយុត្តិធម៌ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់។

ទី៣. ពង្រឹងកិច្ចសហការឱ្យកាន់តែល្អប្រសើរឡើងរវាងមន្ត្រីនគរបាលយុត្តិធម៌ ជាមួយព្រះរាជអាជ្ញា ចៅក្រមស៊ើបសួរ និងមេធាវី ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការ អនុវត្តច្បាប់ក្នុងប្រព័ន្ធយុត្តិធម៌កម្ពុជា។

លោករដ្ឋលេខាធិការ កេង សុម៉ារិទ្ធ បានឱ្យដឹងថា មន្ត្រីនគរបាលយុត្តិធម៌ គឺជាតួអង្គគន្លឹះស្នូលក្នុងការបង្ក្រាបរាល់បទល្មើសដែលកើតមាន ដើម្បីធានាឱ្យបានថាប្រទេសកម្ពុជាត្រូវបានពង្រឹងសន្តិសុខ សុវត្ថិភាព មានសណ្ដាប់ធ្នាប់សាធារណៈ ការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ។ លោករដ្ឋលេខាធិការក៏បានលើកទឹកចិត្តដល់មន្ត្រីនគរបាលយុត្តិធម៌ឱ្យបន្តយកចិត្តទុកដាក់លើការងារនេះបន្ថែមទៀត ខណៈបទល្មើសមួយចំនួនកាន់តែមានភាពស្មុគស្មាញ។

មន្ត្រីនគរបាលយុត្តិធម៌ ក៏ជាតួអង្គចូលរួមចំណែកលើកកម្ពស់ធនធានមនុស្សក្នុងវិស័យយុត្តិធម៌ ដរាបណាធនធានមនុស្សក្នុងវិស័យយុត្តិធម៌មានគុណភាពខ្ពស់ ការអនុវត្តការងារកាន់តែមានគុណភាពខ្ពស់ ការចាត់ការតាមនីតិវិធីកាន់តែមានប្រសិទ្ធភាពខ្ពស់ ច្បាស់លាស់ ត្រឹមត្រូវ នោះនឹងឈានដល់ការពង្រឹងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។

គួរជម្រាបថា អង្គសិក្ខាសាលាខាងលើនេះនឹងប្រមូលបានគោលគំនិតសំខាន់ៗ ចំណុចខ្វះខាត ការយល់ច្រឡំ និងសំណូមពរចាំបាច់នានា ដើម្បីជូនទៅក្រសួងយុត្តិធម៌ ស្ថាប័នតុលាការ និងអង្គភាពប្រតិបត្តិច្បាប់ពាក់ព័ន្ធជាមូលដ្ឋានក្នុងការពិនិត្យ ពិចារណា និងកែសម្រួលលើការអនុវត្តតួនាទីនិងភារកិច្ចរវាងមន្ត្រីនគរបាលយុត្តិធម៌ ជាមួយព្រះរាជអាជ្ញា ចៅក្រមស៊ើបសួរ និងមេធាវី ក្នុងការអនុវត្តនីតិវិធីព្រហ្មទណ្ឌឱ្យកាន់មានប្រសិទ្ធភាពខ្ពស់ ស្របតាមបទប្បញ្ញត្តិច្បាប់ជាធរមាន ដើម្បីបង្កើនការជឿទុកចិត្តលើប្រព័ន្ធយុត្តិធម៌កម្ពុជាពីសាធារណជនទូទៅ ស្របតាមកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕