(ភ្នំពេញ)៖ ក្បាច់គុនល្បុក្កតោ គឺជាក្បាច់គុនបុរាណខ្មែរដ៏ចំណាស់ ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។ វាជាក្បាច់គុនបុរាណខ្មែរ ដែលចាក់ឫសចាក់គល់យ៉ាងជ្រៅនៅក្នុងសង្គមខ្មែរ ជាច្រើនសតវត្សរ៍មកហើយ និងបន្តរស់រានក្នុងសង្គមខ្មែរ រហូតដល់បច្ចុប្បន្ននេះ។ ចម្លាក់ លើជញ្ជាំងប្រាសាទសម័យអង្គរ ជាភស្តុតាងបង្ហាញច្បាស់អំពីការហាត់សមក្បាច់គុននេះដែរ។

ដើម្បីលើកកម្ពស់ក្បាច់គុនល្បុក្កតោ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ប្រធានកិត្តិយសនៃសហព័ន្ធកីឡាល្បុក្កតោកម្ពុជា បានសម្រេចយកក្បាច់គុននេះ ធ្វើជាកីឡាមួយប្រភេទ ដាក់ឲ្យបង្ហាត់នៅសាលារបស់លោក នៅឯសាខាទួលសង្កែ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន បង្ហាញនៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងឱកាសសម្ពោធមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលសង្កែ។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលជាប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានឲ្យដឹងថា សាលារបស់លោកមានទទួលសិស្សានុសិស្ស ចាប់ពីថ្នាក់ក្រោមមតេ្តយ្យសិក្សា រហូតដល់ថ្នាក់ទី១២ ហើយអ្វីដែលកាន់តែពិសេស មានការបន្ថែមជូននូវកម្មវិធីសិក្សាជាច្រើន រួមមាន មុខវិជ្ជាបំណិនជីវិត មុខវិជ្ជាជំនាញជម្រើសដ៏សម្បូរបែប ដូចជា គំនូរ របាំ តន្រី្ត កំណាព្យ គេហវិទ្យា ហត្ថកម្ម អប់រំកាយ និងកីឡា។

ចំណែកប្រភេទកីឡា មានដូចជា ល្បុក្កតោ ការ៉ាតេ តេក្វាន់ដូ បាល់បោះ បាល់ទះ វាយកូនឃ្លីលើតុ វាយកូនបាល់ ហែលទឹក និងកីឡាផ្សេងៗទៀត។ មិនត្រឹមតែប៉ុណ្ណោះ វិស័យអប់រំឯកជនដ៏មានប្រជាប្រិយភាពនេះ ក៏មានការបញ្ចូលនូវការអប់រំសុខភាព ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងមុខវិជ្ជាកុំព្យូទ័រ ភ្ជាប់ដោយប្រព័ន្ធអ៊ីនធឺណិត បណ្ណាល័យសិក្សាស្រាវជ្រាវ និងមានឯកសារគ្រប់កម្រិត គ្រប់ជំនាញ។

សូមជម្រាបថា កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងរ៉ាបាត នៃព្រះរាជាណាចក្រម៉ារ៉ុក នៅក្នុងកិច្ចប្រជុំលើកទី១៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល ដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ បានអនុម័តចុះ «ល្បុក្កតោ» ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ នេះជាសមិទ្ធផល នៃកិច្ចខិតខំប្រឹងប្រែងពីបណ្តាភាគីពាក់ព័ន្ធរបស់ខ្មែរ ក្រោយការស្រាវជ្រាវ និងរៀបចំអស់ប្រមាណ ១ទសវត្សរ៍ ក្នុងនោះក៏មានលោកព្រឹទ្ធាចារ្យក្រមាស សាន គឹមស៊ាន មួយរូបផងដែរ។

ដោយមានការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងការខិតខំប្រឹងប្រែងរបស់សហគមន៍ គ្រូគុន សិស្សគុនល្បុក្កតោទាំងអស់ ក្បាច់គុនល្បុក្កតោកម្ពុជាត្រូវបានអភិរក្ស លើកតម្លៃ និងផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើក្នុងប្រទេស និងលើឆាកអន្តរជាតិ៕