(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបលោក អ៊ីហ្គូ ទ្រីសម៉ាន់ (Igor Driesmans) ឯកអគ្គរដ្ឋទូតនៃប្រតិភូ សហភាពអឺរ៉ុបប្រចាំកម្ពុជា ពិភាក្សាលើទិដ្ឋភាពនៃ កិច្ចសហប្រតិបត្តិការទ្វេភាគី, ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច, ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ការកែទម្រង់វិស័យអប់រំ និងការវិនិយោគនៅកម្ពុជា ក្នុងបរិបទយុទ្ធសាស្ត្រ Global Gateway។ ជំនួបនេះ ធ្វើឡើងនារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍ និងបញ្ជាក់ជូនអំពីកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងរាជរដ្ឋាភិបាលអាណត្តិទី ៧ ក្រោមការដឹកនាំរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រកបដោយភាពស្វាហាប់ និងរឹងមាំ ក្នុងនោះ ទោះបីជាក្នុងកាលៈទេសៈ នៃភាពមិនប្រាកដប្រជា នៃសេដ្ឋកិច្ចសកល និងបញ្ហាភូមិសាស្ត្រ នយោបាយ, ការគ្រប់គ្រងម៉ាក្រូសេដ្ឋ-កិច្ច និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា បាននិងកំពុងស្ថិតនៅលើគន្លងវិថីដ៏ត្រឹមត្រូវ ដែលកំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅក្នុងឆ្នាំ ២០២៤ អាចនឹងសម្រេចបានក្នុងរង្វង់ ៦% និងបន្តធានាស្ថិរភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសា-ធារណៈ។
ជាមួយនឹងការថ្លែងអំណរគុណចំពោះសហភាពអឺរ៉ុប ដែលបានផ្ដល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងផ្នែកហិរញ្ញប្បទានលើគ្រប់វិស័យ, ភាគីទាំងពីរ បានពិភាក្សាផ្លាស់ប្តូរយោបល់ លើស្ថានភាពសេដ្ឋកិច្ចសកល តំបន់អឺរ៉ុប ក៏ដូចជាតំបន់អាស៊ី ដែលបានជះឥទ្ធិពលដោយផ្ទាល់ និងប្រយោលមកលើសេដ្ឋកិច្ចកម្ពុជា, អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជូនអំពីវិធានការនានាដែលកម្ពុជាបានដាក់ចេញ ដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជាឲ្យងើបឡើងវិញបន្ទាប់ពីវិបត្តិនៃការរាលដាលរបស់ជំងឺកូវីដ ១៩ និងភូមិសាស្រ្តនយោបាយ, ដូចជា វិធានការក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ការខិតខំពង្រឹងក្នុងការកៀគរចំណូល និងចំណាយសាធារណៈ, ពន្ធដារ, ការគ្រប់គ្រងអថេផរ- ណា និងធនាគារ, ការបង្ករបរិស្ថានអំណោយផលសម្រាប់ការវិនិយោគ, ជំរុញការនាំចេញ និងកសិកម្ម ជាដើម។
ឯកអគ្គរដ្ឋទូតនៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា ក៏បានបង្ហាញជំហរក្នុងការគាំទ្រ និងចូលរួមយ៉ាងសកម្ម ក្នុងការជំរុញការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការកែទម្រង់វិស័យអប់រំ នៅកម្ពុជា ទាំងក្នុងទម្រង់ជាថវិកាគាំទ្រ និងជំនួយបច្ចេកទេស។
លោកក៏បានគូសបញ្ជាក់ពីយុទ្ធសាស្ត្រ Global Gateway គឺជាឧបករណ៍ដ៏មានតម្លៃសម្រាប់ការទាក់ទាញ ការវិនិយោគរបស់សហភាពអឺរ៉ុប និងជំរុញកំណើនប្រកបដោយចីរភាព៖ «សហភាពអឺរ៉ុប បានបង្ហាញជំហរប្ដេជ្ញាចំពោះភាពជាដៃគូរបស់ខ្លួន ជាមួយប្រទេសកម្ពុជា ដើម្បីលើកកម្ពស់ ការផ្លាស់ប្តូរបែបបៃតង និងឌីជីថល និងរួមដំណើរជាមួយប្រទេសកម្ពុជា ក្នុងការចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួច។ យុទ្ធសាស្ត្រវិនិយោគ Global Gateway នឹងក្លាយជាឧបករណ៍របស់សហភាពអឺរ៉ុបសម្រាប់កម្ពុជានៅក្នុងដំណាក់កាលនេះ»។
អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណជាថ្មីម្ដងទៀត ចំពោះសហភាពអឺរ៉ុបដែលគាំទ្រកម្ពុជា ដើម្បីការអភិវឌ្ឍលើគ្រប់វិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា, ទាំងផ្នែកបច្ចេកទេស និងផ្នែកហិរញ្ញប្បទាន, ជាពិសេស ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ចាប់តាំងពីដំណាក់កាលទី ១ «ភាពជឿទុកចិត្តនៃថវិកា» រហូតដល់ដំណាក់កាលទី ៤ «គណនេយ្យភាពសមិទ្ធកម្ម» នាពេលបច្ចុប្បន្ន៕