(រតនគិរី)៖ លោក កៃ សុវិន អភិបាលរងក្រុងបានលុង បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ថា អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុនវឌ្ឍនៈ ប៊្រូវើរី ឧបត្ថម្ភថវិកា៣ពាន់ដុល្លារ ដល់រដ្ឋបាលខេត្តរតនគិរី សម្រាប់រៀបចំបន្ទប់ទឹកប្រើប្រាស់សាធារណៈនៅរមណីដ្ឋានបឹងកន្សែង។
លោក កៃ សុវិន បន្តថា កាលពីខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ អ្នកញ៉ា សំអាង វឌ្ឍនៈ បានឧបត្ថម្ភថវិកា៥ពាន់ដុល្លារ ដល់ដំណើរការកែលម្អសោភ័ណភាពរមណីដ្ឋានបឹងកន្សែងម្តងរួចមកហើយ។
សូមបញ្ជាក់ថា រមណីដ្ឋានបឹងកន្សែងស្ថិតនៅចំកណ្តាលបេះដូងក្រុងបានលុង នៃខេត្តរតនគិរី បានក្លាយជាកន្លែងដែលមានបរិស្ថានស្អាត រមណីដ្ឋានស្អាត សោភ័ណភាពស្រស់បំព្រងប្រកបដោយភាពទាក់ទាញ បន្ទាប់ពីលោក ញ៉ែម សំអឿន អភិបាលខេត្ត បានដាក់ចេញគម្រោងរៀបចំកែលម្អជុំវិញបរិវេណរមណីដ្ឋានបឹងដ៏ស្រស់ស្អាតនេះឡើងវិញរួមមាន៖
*កែលម្អហេដ្ឋារចនាសម្ព័ន្ធជុំវិញបរិវេណមាត់បឹង
*រៀបចំសួនច្បារ និងបំពាក់ភ្លើងបំភ្លឺសាធារណៈ
*សាងសង់គ្រួសាររូបសំណាកគ្រួសារដំរី
*រូបសត្វអកញីឈ្មោល១គូ ដែលជាសត្វបក្សីរំលេចក្នុងបទចម្រៀងអធិរាជសម្លេងមាស (អកបឹងកន្សែង)
*ការរៀបចំដាក់ឧបករណ៍ហាត់ប្រាណ
*ឧបករណ៍សម្រាប់ក្មេងជិះលេងតាមមាត់បឹង
*ការសាងសង់បង្គន់អនាម័យសាធារណៈជាដើម។
លោក ញ៉ែម សំអឿន បានថ្លែងអំណរគុណអ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដែលបានឧបត្ថម្ភថវិកាសម្រាប់ចាត់ចែងរៀបចំបន្ទប់ទឹកសាធារណៈនៅរមណីបឹងកន្សែងនាពេលនេះ និងសប្បុរសជនដទៃទៀតដែលបានចូលរួមបរិច្ចាគ ថវិកាផ្ទាល់ខ្លួនសម្រាប់កែលម្អសោភ័ណភាពរមណីដ្ឋានបឹងកន្សែងកន្លងមកផងដែរ៕