(សៀមរាប)៖ វេនកាន់បិណ្ឌទី៣ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ គឺជាវេនកាន់បិណ្ឌរបស់លោកស្រី ស៊ិន ណម តំណាងលោក លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក នាក់ ណេរ៉ុន អភិបាលរងខេត្តតំណាងលោក ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំមន្ត្រីរាជ ចូលរួមកាន់បិណ្ឌវេនទី៣ ចំនួនពីរវត្ត គឺនៅវត្តពុទ្ធស្ថាននគររាជធម្មមេត្តា ស្ថិតនៅភូមិកសិកម្ម សង្កាត់ស្រង៉ែ និងវត្តព្រះឥន្ធកោសីយ៍ ស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដោយមានវត្តមានចូលរួមពីលោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត និងលោក លោកស្រី ជាគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព រួមទាំងប្រជាពុទ្ធបរិស័ទជាច្រើនចូលរួមផងដែរ។
ពិធីកាន់បិណ្ឌនេះ គឺជាទំនៀមទម្លាប់ ប្រពៃណីជាតិខ្មែរយើង ដែលបានប្រារព្ធទៅតាមរដូវកាល នៃការកាន់បិណ្ឌជារៀងរាល់ឆ្នាំ នៅគ្រប់ទីអារាមវត្តនានា ក្នុងព្រះរាជាណាចក្រកម្ពុជា។ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីព្រះពុទ្ធសាសនាខ្មែរដ៏សំខាន់ ដែលអ្នកប្រាជ្ញខ្មែរយើង លោកបានផ្សារភ្ជាប់ ខ្លឹមសារនៃការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនេះ ទៅតាមគម្ពីដីកាមួយចំនួន ដូចជា៖ គម្ពីរបេតវត្ថុ គម្ពីរវិមានវត្ថុ គម្ពីរវិជ្ជាធរជាដើម ដើម្បីទុកជាទី វាទិដ្ឋានុគតិសម្រាប់ដំណើរជីវិតរបស់មនុស្សគ្រប់រូប។
បុណ្យភ្ជុំបិណ្ឌនេះ ដែលបង្កប់ទៅដោយផ្នត់គំនិតសម្រាប់អប់រំ កុំឲ្យមនុស្សគ្រប់រូបប្រមាថធ្វើអំពើអាក្រក់ជាហេតុធ្វើឲ្យខ្លួន ភ្លាំងភ្លាត់កំណើតទៅកើតក្នុងអបាយភូមិមាន នរក ប្រេត តិរច្ឆានជាដើម។
ពិធីបុណ្យនេះ ប្រារព្ធឡើងចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទជារៀងរាល់ឆ្នាំ ក្នុងវត្ថុបំណងសំខាន់ៗ ដើមី្បបង្កើនសាមគ្គីភាពរវាងបុគ្គល គ្រួសារ និងសង្គម ព្រមទាំងបញ្ជាក់ឲ្យឃើញពីការសម្បូរហូរហៀវនៃភោគផល ធញ្ញាហារផ្សេងៗ របស់ប្រជាជនខ្មែរ និងដើម្បីផ្គត់ផ្គង់ព្រះសង្ឃក្នុងព្រះវស្សា និងដើម្បីសម្តែងនូវភាពកតញ្ញូកតវេទី និងការដាស់តឿនស្មារតីដល់មនុស្សគ្រប់រូបកុំឲ្យមានសេចក្តីប្រមាថក្នុងការធ្វើអំពើបាបនានា ក្នុងការឧទ្ទិសមហាកុសលជូនដល់វិញ្ញាណក្ខន្ធនៃបុព្វការីជននិងពពួកញាតិ និងដើម្បីសន្សំនូវមហាកុសលទុកជាទីពឹងរបស់ខ្លួន និងបន្តថែរក្សាបុណ្យប្រពៃណីព្រះពុទ្ធសាសនាខ្មែរយើង ឲ្យតាំងនៅស្ថិតស្ថេរអស់កាលជាយូរអង្វែង។
ក្នុងពិធីកាន់បិណ្ឌវេនទី៣ លោក លោកស្រី ដែលបានចូលរួមពិធីកាន់បិណ្ឌ បានអញ្ជើញរាប់បាត្រ ដើម្បីជាការសន្សំកុសលផលបុណ្យ ព្រមទាំងបាន ឧទ្ទិសមគ្គផល ជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជនមានមាតាបីតា ជីដូនជីតា និងញាតិកាទាំងប្រាំពីរសណ្តាន ដែលបានចែកឋាន រំលាយខ័ន្ធទៅកាន់លោកខាងមុខ។
ព្រមជាមួយនឹងការឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខ័ន្ធ ជូនដល់វីរយុទ្ធជន កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុការពារជាតិមាតុភូមិ បានមកទទួលមគ្គផលកុសលដែលកូនចៅបានឧទិ្ទសជូន និងកុសលផលបុណ្យដែលកើតឡើង ពីការដាក់បិណ្ឌវេនទី៣នេះ។
ការប្រារព្ធធ្វើពិធីបុណ្យភ្ជុំបិណ្ឌនេះឡើង ក្នុងគោលបំណងដើមី្បឧទ្ទិសមហាកុសល់ជូនដល់លោកអ្នកមានគុណ មានមាតាបិតា ជីដូន ជីតា ញាតិកាលទាំងប្រាំពីរសណ្តានដែលបានបាក់បែកចែកឋាន ទៅកាន់បរលោកទៅហើយនោះ។
ពិធីបុណ្យភ្ជុំបិណ្ឌនេះ ធ្វើទៅដោយសេចក្តីគោរព បង្អោនកាយវិចាចិត្ត ឆ្ពោះទៅរកប្រេតជន ជាញាតិកាលទាំងប្រាំពីរសណ្តាន ដែលលោកបានចែកឋានទៅកាន់បរលោក និងជួយរំដោះឲ្យរួចចាកផុតពីទុក្ខទោសទាំងឡាយ ឧបាយភូមិណាមួយ និងឲ្យបានទៅកាន់សុគតិភពថ្មី ហើយងាកក្រោយមកជួយបីបាច់ថែរក្សាកូនចៅ ឲ្យមានសេចក្តីសុខសប្បាយក្នុងក្រុមគ្រួសារ សង្គមជាតិផងដែរ។ ម្យ៉ាងវិញទៀត បានរួមចំណែកជួយទ្រទ្រង់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។
ជាមួយនេះដែរ លោកស្រី ស៊ិន ណម និងលោក លោកស្រី បានវេរប្រគេនទ័យ្យទានគ្រឿងឧបភោគបរិភោគ វេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅទីវត្តរាជបូណ៌ និងវត្តទេពពោធិវង្ស ក្នុងមួយវត្តៗ ទទួលបានគ្រឿងឧបភោគបរិភោគ ចំនួន១០មុខ និងបច្ច័យចំនួន ២លានរៀល រួមនឹងបច្ច័យអ្នកចូលរួមពិធីមួយចំនួន និងសីលវ័ន្ត សីលវន្តី ចំនួន៥០នាក់ ក្នុងម្នាក់ៗទទួលបានក្រណាត់ស ១ដុំ បច្ច័យ ១ម៉ឺនរៀលផងដែរ៕