(កំពត)៖ លោក អ៊ឹម ច័ន្ធសោធន អភិបាលស្រុកទឹកឈូ ខេត្តកំពត បានថ្លែងថា ចាប់ពីថ្ងៃនេះតទៅ ប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកទឹកឈូ អាចចូលទៅពិនិត្យ ផ្ទៀងផ្ទាត់ និងស្នើសុំសេវាចម្លងអត្រានុកូលដ្ឋានរបស់ខ្លួន និងមើលព័ត៌មានសំខាន់ៗជាច្រើនទៀត របស់រដ្ឋបាលស្រុកទឹកឈូ តាមរយៈគេហទំព័រ (www.toekchhou.info) បន្ថែមពីលើការផ្តល់សេវាតាមអនឡាញ ដែលស្រុកមានស្រាប់នាពេលកន្លងមក។

អភិបាលស្រុកទឹកឈូ បានចាត់ទុកការងារផ្តល់សេវានៅការិយាល័យច្រកចេញចូលតែមួយ ជាការងារអាទិភាព ដែលស្រុកតែងតែយកចិត្តទុកដាក់ ដោយធ្វើយ៉ាងណាឱ្យមានភាពងាយស្រួល លឿន រហ័ស មានតម្លាភាព និងសមធម៌ ក្នុងការផ្តល់សេវា។

ការណ៍នេះចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ការិយាល័យច្រកចេញចូលតែមួយ បានផ្តល់សេវាបានចំនួន ២០.៩១៣ សេវា ក្នុងនោះ សេវាអត្រានុកូលដ្ឋាន.មានចំនួន ១៧.៥៩៣ សេវា។ ដោយសារតម្រូវការសេវាអត្រានុកូលដ្ឋានមានការចាំបាច់ សម្រាប់ប្រជាពលរដ្ឋ ទើបរដ្ឋបាលស្រុកបានបង្កើតឱ្យមានការស្នើសុំ និងផ្តល់សេវាតាមរយៈប្រព័ន្ធអនឡាញ នៅលើបណ្តាញសង្គមហ្វេសប៊ុកផេក និងតេឡេក្រាម របស់រដ្ឋបាលស្រុក ហើយក្នុងរយៈពេល៩ខែនេះ មានអ្នកស្នើសេវាជាង៤០០សេវា។

អភិបាលស្រុក បានបញ្ជាក់ទៀតថា ដើម្បីបង្កើនភាពងាយស្រួល និងឆាប់រហ័ស ចំណេញពេលវេលា និងចំណេញថវិការបស់ពលរដ្ឋបន្ថែមទៀត ថ្មីៗនេះ រដ្ឋបាលស្រុកបានរៀបចំប្រព័ន្ធគ្រប់គ្រង់ទិន្នន័យអត្រានុកូលដ្ឋាន តាមបច្ចេកវិទ្យាឌីជីថល បង្ហោះផ្សាយនៅលើគេហទំព័រ (www.toekchhou.info) ហើយចាប់ពីថ្ងៃនេះតទៅ ពលរដ្ឋអាចចូលពិនិត្យ ផ្ទៀងផ្ទាត់ និងស្នើសុំសេវាចម្លងអត្រានុកូលដ្ឋានបាន ដោយមិនចាំបាច់ធ្វើដំណើរមកច្រកចេញចូលតែមួយរបស់ស្រុកទេ។

លោក ស៊ឹម ក្លឹង ប្រធានការិយាល័យប្រជាពលរដ្ឋស្រុកទឹកឈូ បានឱ្យដឹងដែរថា ក្រោមការដឹកនាំរបស់លោកអភិបាលស្រុក ការងារអភិវឌ្ឍន៍ និងផ្តល់សេវាផ្សេងៗ ជូនប្រជាពលរដ្ឋ មានភាពល្អប្រសើរ។ ទន្ទឹមនឹងនោះ ការិយាល័យប្រជាពលរដ្ឋ មិនទាន់បានទទួលបណ្តឹងណាមួយ ពីប្រជាពលរដ្ឋសម្រាប់ការផ្តល់សេវា ពីការិយាល័យច្រកចេញចូលតែមួយរបស់ស្រុកនោះទេ នៅក្នុងឆ្នាំ២០២៤។

ចំណែកប្រជាពលរដ្ឋ ដែលរស់នៅក្នុងមជ្ឈដ្ឋានផ្សេងៗនៃស្រុកទឹកឈូមួយចំនួន ដែលបានជ្រួតជ្រាប បានបង្ហាញក្តីសប្បាយរីករាយក្នុងការមកស្មើសុំ និងទទួលសេវានៅការិយាល័យច្រកចេញចូលតែមួយរបស់ស្រុក ដោយសារមន្ត្រីមានភាពរូសរាយរាក់ទាក់ ការស្នើសុំ និងការទទួលសេវាមានភាពងាយស្រួល ឆាប់រហ័ស និងទាន់ពេលវេលា។

សូមបញ្ជាក់ថា ស្រុកទឹកឈូ មាន ១៣ឃុំ ស្មើនឹង ៥៥ភូមិ មានប្រជាជន ចំនួន ២៣.៣៤៩គ្រួសារ ស្មើនឹង ១០១.៩២០ នាក់ ក្នុងនោះពលរដ្ឋអាយុ ១៨ឆ្នាំឡើង មានចំនួន ៦៥.៨៨៩នាក់៕